អានតួអត្ថបទ
កម្ពុជា

សម្ដេច​ក្រុម​ព្រះ​មិន​បោះបង់​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​CNRP​ ប្រសិន​មាន​ការ​ស្នើ​សុំ​ផ្លូវ​ការ​

សម្ដេចក្រុម​ព្រះ ​នរោត្តម​ រណឬទ្ធិ​ ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ​បាន​ប្រកាស​ស្វាគមន៍​ការ​ជួប​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​ណាមួយ។ យ៉ាង​ណា​ក៏​ដោយ ​កាល​ពី​ថ្ងៃ​ទី​១៤​តុលា​ម្សិលមិញ ​លោក ​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​បាន​បដិសេធ​ជំនួប​ជាមួយ​សម្តេច​ក្រុម​ព្រះ​ នរោត្តម​ រណឬទ្ធិ​ និង​បាន​ចាត់​ទុកថា​ ជារឿ​ងឥត​ប្រយោជន៍។​

សម្ដេច​ក្រុម​ព្រះ​នរោត្តម​  រណឬទ្ធិ​ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
សម្ដេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ​ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ច្រាន​ចោលជំ​នួបរ​បស់​លោក ​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​១៥​តុលានេះ ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឬទ្ធិ​ បាន​ចេញ​មក​ធ្វើ​សន្និសីទ​កាសែត​មួយ​ដោយ​បាន​ប្រកាស​រក្សា​ជំហរ​ជួប​ចរចា​ជាមួយ​នឹង​លោក សម រង្ស៊ី​ ឬ​លោក ​កឹម សុខា ​ប្រសិន​បើ​មាន​ការ​សរសេរ​លិខិត​ជា​ផ្លូវ​ការ​មក​កាន់​ព្រះអង្គ។ ជំនួប​ដែល​អាច​ធ្វើ​ឡើង​ នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​អង្គ​នេះ​តែ​ម្តង។​

ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​ កាល​ពី​ថ្ងៃ​ទី​១៤​តុលា លោក សម រង្ស៊ី​ និយាយ​ដោយ​ឡែក ​និង​គណបក្ស​សង្រ្គោះ​ជាតិ​និយាយ​ជា​រួម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដោយ​បាន​ច្រាន​ចោល​ជំនួប​ដែល​ព័ត៌មាន​បាន​លេច​ឮ​ថា​ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​បារាំង​ នា​ចុង​ខែ​តុលា​ខាង​មុខ​នេះ។ ​លោក សម រង្ស៊ី ​ថែម​ទាំង​បាន​ចាត់​ទុក​ព័ត៌មាន​ចចាម​អារាម​នេះ​ថា​ ជា​រឿង​ឥត​ប្រយោជន៍​ថែម​ទៀត។

​គួរ​រំលឹក​ជូន​ថា ​កាល​ពី​យប់​ថ្ងៃ​ទី​១២​តុលា លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ចាកចេញ​ពី​ប្រទេសក​ម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង ​ស្រប​ពេល​ដែល​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឬទ្ធិ បាន​អវត្តមាន​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឬទ្ធិ​ បាន​បញ្ជាក់​ថា​ ព្រះអង្គ​មិន​បាន​ជួប​ជាមួយ​មន្រ្តី​គណបក្ស​ប្រឆាំង​ណា​ម្នាក់​ នៅ​ពេល​ដែល​ព្រះអង្គ​និង​អ្នក​ម្នាង​បាន​យាង​ទៅ​កាន់​ប្រទេស​ថៃ ​ដើម្បី​ព្យាបាល​ជម្ងឺ​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ​ ទំនង​ជា​មិន​ចង់​បោះបង់​ចោល​លទ្ធភាព​នៃ​ការ​ជួបប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​នោះ​ទេ។​

លោក ​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ បាន​ថ្លែង​ថា ​ការ​រួបរួម​ជាមួយ​នឹង​គណបក្ស​សង្រ្គោះ​ជាតិ​ គឺ​ជា​ការ​ស្រោចស្រង់​ជីវិត​នយោបាយ​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ​ ក៏​ប៉ុន្តែ​ការ​រួបរួម​គ្នា​ណាមួយ​រវាង​គណបក្ស​ទាំង​ពីរ​ វា​មិន​អាក្រក់​នោះ​ទេ ​ប្រសិន​បើ​ផ្នែក​ទៅ​លើគោល​ការណ៍​មួយ​ច្បាស់​លាស់។​

សូម​បញ្ជាក់​ថា​ បន្ទូល​របស់​សម្តេច​ក្រុម​ព្រះ​នេះ​ បាន​ធ្វើ​ឡើង​ នៅ​ក្នុង​ពិធី​រំលឹក​ខួប​៣​ឆ្នាំ​ នៃ​ការ​យាង​សោយ​ទិវង្គត​របស់ ​សម្តេច​ឪ​ នរោត្ដម សីហនុ ​ព្រះ​បរមរតន​កោដ្ឋ​ ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​បាន​ប្រារព្ធ​ធ្វើ​ឡើង ​នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​អង្គ​ ស្ថិត​​នៅ​បូរី​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន​ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​១៥​តុលា​នេះ។ សម្តេច​ក្រុម​ព្រះ​ នរោត្តម រណប្ញទ្ធិ បាន​មាន​បន្ទូល​ក្នុង​ឋានៈ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថា​ ការ​ច្របាច់​បញ្ចូល​គ្នា​ណាមួយ ​មិន​មាន​នៅ​ក្នុង​កម្មវិធី​របស់​ទ្រង់​នោះ​ទេ ​ក៏​ប៉ុន្តែ​ព្រះ​អង្គ​ឯកភាព ​ប្រសិន​បើ​លោក ​សម រង្ស៊ី និង​លោក កឹម សុខា ចង់​ជួប​ព្រះ​អង្គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ