អានតួអត្ថបទ
កម្ពុជា

បក្ស​ទាំង​ពីរ​អាច​ចរចា​ដោះស្រាយ​ភាព​តាន​តឹង​នយោបាយ

នៅ​ព្រឹក​ថ្ងៃ​ទី​ ៤ តុលា​នេះ គណៈ​អចិន្ត្រៃយ៍​របស់​សភា ​បាន​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​ ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ចំនួន ៧ និង​ការ​កែប្រែ​សមាសភាព​អគ្គសវនករ​ថ្មី​សម្រាប់​បន្ត​អាណត្តិ​៥​ឆ្នាំ​បន្ត​ទៀត។ ក្រោយ​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​សមាជិក​សភា​គណបក្ស​ទាំង​ពីរ បាន​អះអាង​ថា​អាច​នឹង​មាន​ការ​ចរចា​ឡើង​វិញ​រវាង​គណបក្ស​ទាំង​ពីរ​ក្រោយ​ការ​អាក់​ខាន​ជិត​ ១​ឆ្នាំ។ ប៉ុន្តែ​បក្ស​កាន់​អំណាច​នៅ​មិន​ទាន់​ហ៊ាន​បញ្ជាក់​នៅ​ឡើយ។

រូបភាពចាស់៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
រូបភាពចាស់៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

លោក ឈាង វ៉ុន និង​លោក យ៉ែម បុញ្ញាឫទ្ធិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មន្ទីរ​រដ្ឋសភា​ថា បក្ស​ទាំង​ពីរ​នឹង​អាច​ផ្តើម​ការ​ចរចា​ឡើង​វិញ​បន្ទាប់​ពី​បក្ស​ទាំង​ពីរ​បាន​លុប​ចោល​វប្បធម៌​សន្ទនា​តាំង​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ។ អ្នក​នាំ​ពាក្យ​សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នឹង​អាច​មាន​ការ​ចរចា​ ដើម្បី​ឱ្យ​ស្ថានការណ៍​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។ ទន្ទឹម​នឹង​នោះ​ដែរ អ្នក​នាំ​ពាក្យ​សភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា​នឹង​អាច​មាន​ការ​ចរចា​ ដោយ​លោក​លើក​ពី​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន មក​បញ្ជាក់។

លោក​ហ៊ុន​ សែន ដែល​បាន​មាន​ប្រសាសន៍​បង្ហើរ​ថា​ឱ្យ​បក្ស​ប្រឆាំង​ចូល​សភា​ ហើយ​នឹង​អាច​មាន​ការ​ចរចា​ ខណៈ​ដែល​បក្ស​ទាំងពីរ​បាន​បែរ​ខ្នង​ដាក់​គ្នា និង​គំរាម​គ្នា​ថែម​ទៀត​ផង។ ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​ឱ្យ​គណបក្ស​កាន់​អំណាច​នៅ​មិន​ទាន់​ហ៊ាន​បញ្ជាក់​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​ស្ថានការណ៍​មាន​ភាព​ប្រែប្រួល។

នា​ពេល​បច្ចុប្បន្ន​នេះ ភាព​តាន​តឹង​រវាង​គណបក្ស​ ដែល​កំពុង​មាន​ជម្លោះ​ទាំង​ពីរ​នេះ បាន​ធូស្រាល​មួយ​កម្រិត​ហើយ​ព្រោះ​ថា បក្ស​ទាំង​ពីរ​បាន​ប្រកាស​បទ​ឈប់​បាញ់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ។ បន្ថែម​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​យល់​ព្រម​ចូល​ប្រជុំ​សភា​វិញ។ គួរ​បញ្ជាក់​ថា​ផង​ដែរ​ថា កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ចូល​ប្រជុំ​សភា​វិញ ហើយ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​បោះ​ឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​លើ​រដ្ឋ​មន្ត្រី​ចំនួន​ ៤​រូប រួម​ទាំង​ការ​ស្នើ​ឱ្យ​មាន​វិសោធន​កម្ម​លើ​ច្បាប់​ទាំង​បី​ស្តីពី​ប្រព័ន្ធ​តុលាការ​ផង​ដែរ។

ត្រង់​ចំណុច​នេះ លោក​សុខ ឥសាន រិះគន់​គណបក្ស​ប្រឆាំង​ថា និយាយ​យក​មុខ​មាត់​ខណៈ ដែល​បក្ស​របស់​ខ្លួន​អស់​ផ្លូវ​ដើរ​ហើយ​នោះ។ ក្រុម​អ្នក​វិភាគ​នៅ​កម្ពុជា​បាន​អះអាង​ថា បក្ស​ទាំង​ពីរ​ដល់​ពេល​ចរចា​ជាមួយ​គ្នា​ឡើង​វិញ​ហើយ បន្ទាប់​ពី​បែរ​ខ្នង​មួយ​រយៈ​ពេល​វែង ហើយ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​មាន​ការ​តាន​តឹង​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច រួម​ទាំង​បាន​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​ថែម​ទៀត​ផង។

លោក​ អ៊ូ វីរៈ និង​លោក ចាន់ វិបុល បាន​ស្នើ​ឱ្យ​បក្ស​ទាំង​ពីរ​ចរចា​គ្នា​ឱ្យ​បាន​លឿន​បំផុត​ព្រោះ​ថា​ភាព​រឹង​ទទឹង​របស់​បក្ស​ទាំង​ពីរ គឺ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជាតិ​នោះ​ឡើយ។ សូម​បញ្ជាក់​ថា ក្រុម​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​បាន​ទាត់​ចោល​កិច្ច​សន្ទនា​អស់​រយៈ​ពេល​ជិត​ ១​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​ក្រោយ​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ