អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ណែនាំ​បក្ស​នយោបាយ​ពី​ក្រម​សីលធម៌​ក្រោយ​មាន​ការ​រំខាន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ក្រម​សីលធម៌​ចំនួន​ ៥​ជា​ផ្លូវ​ការ។ ក្រម​សីល​ធម៌​ទាំង​នោះ​រួម​មាន ក្រម​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន សម្រាប់​មន្ត្រី​បោះឆ្នោត កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​សម្រាប់​ក្រុម​បក្ស​នយោបាយ រួម​ទាំង​សម្រាប់​អ្នក​សង្កេត​ការណ៍។ គ.ជ.ប បាន​បញ្ជាក់​ថា គណបក្ស​នយោបាយ​បាន​រំខាន​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​គណបក្ស​ថា គ្រាន់​តែ​ណែនាំ​ប៉ុណ្ណោះ ព្រោះ​ថា​គណបក្ស​បាន​គោរព​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន។

គណបក្សនយោបាយកម្ពុជា
គណបក្សនយោបាយកម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

គោល​បំណង​នៃ​ក្រម​សីលធម៌​ ដែល​ណែនាំ​ដល់​ក្រុម​គណបក្ស​នយោបាយ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ការ​រំខាន​ទៅ​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ពី​គណបក្ស​នយោបាយ​ធំ​ៗ​ទាំង​ពីរ។ ជា​ការ​រំខាន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ក​ ដោយសារ​ឆែក​ពិនិត្យ​មើល​អត្ត​សញ្ញាណ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត ជា​ដើម ខណៈ​ដែល​កិច្ច​ការងារ​នេះ​មិនមែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ទេ។ បើ​ទោះ​បី​ជា​មិន​មាន​កម្រិត​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្នុង​អំឡុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ១​ខែ​មក​នេះ គ.ជ.ប បាន​ទទួល​បណ្តឹង​មួយ​ចំនួន​ពី​ការ​រិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បណ្តឹង​រំខាន​ ដែល​ពលរដ្ឋ​ប្តឹង​ខ្លួន​ឯង​ ១​បណ្តឹង​ផង​ដែរ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា​គណបក្ស​គ្រាន់​តែ​ជួយ​ណែនាំ​ដល់​មន្ត្រី​ គ.ជ.ប ដែល​អ្នក​ខ្លះ​នៅ​ក្មេង​ខ្ចី​ក្នុង​កិច្ច​ការ​បោះឆ្នោត។ មិន​តែ​ប៉ុណ្ណោះ​គណបក្ស​នយោបាយ​ត្រូវ​បាន​មន្ត្រី​គ.ជ.ប​ រារាំង​មិន​ឱ្យ​កត់​ឈ្មោះ​ជន​ដែល​ត្រូវ​បាន​បដិសេធ​ចុះ​ឈ្មោះ​បោះឆ្នោត​ថែម​ទៀត​ផង។ ទន្ទឹម​នឹង​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​បើ​មាន​ករណី​រំខាន​មែន​ក៏​មាន​តិច​តួច​បំផុត​ដែរ ​ព្រោះ​ថា​គណបក្ស​បាន​ណែនាំ និង​បណ្តុះ​បណ្តាល​យ៉ាង​ជាក់​ច្បាស់​ទៅ​ដល់​មន្ត្រី។ បន្ថែម​ពី​នេះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កត់​សម្គាល់​ឃើញ​ថា ភាព​មិន​ប្រក្រតី​ទាំង​បញ្ហា​បច្ចេក​ទេស និង​បញ្ហា​នយោបាយ​បាន​កើត​ឡើង។ បញ្ហា​ទាំង​នោះ​រួម​មាន​បញ្ហា​កុំព្យូទ័រ​ជា​ដើម ខណៈ​ដែល​បញ្ហា​នយោបាយ​គឺ ការ​ចេញ​លិខិត​បញ្ជាក់​លំនៅដ្ឋាន​ដល់​កង​ទ័ព​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ចុះ​ឈ្មោះ​នៅ​មូលដ្ឋាន​ក្រៅ​ឆ្ងាយ​ពី​បន្ទាយ​របស់​ខ្លួន​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ គ.ជ.ប បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុម​ហ្វ្រែល បាន​ទទួល​ស្គាល់​ថា អាច​មាន​ការ​រំខាន​តិច​តួច​ ដែល​ពលរដ្ឋ​ខ្លះ​មិន​សប្បាយ​ចិត្ត​មែន។ ប៉ុន្តែ​ការ​គ្រាន់​សុំ​មើល​អត្តសញ្ញាណ​បណ្ណ​នោះ​ គឺ​មិន​មែន​ជា​ការ​រារាំង​នោះ​ឡើយ។ ក្នុង​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​១​ខែ​មក​នេះ ប្រជាពលរដ្ឋ ប្រមាណ​ជាង​ ៣​លាន​៧​សែន​នាក់​ហើយ បាន​មក​ចុះ​ឈ្មោះ។

យ៉ាង​ណា​ក៏​ដោយ ទាំង​អ្នក​ជំនាញ ការ​បោះឆ្នោត និង​គណបក្ស​នយោបាយ បាន​ស្វាគមន៍​ចំពោះ​ក្រម​សីលធម៌​ទាំង​ ៥​ចំណុច​នេះ ថា​បាន​បង្ហាញ​ពី​តម្លាភាព ពង្រឹង​ជំនឿ​ទុក​ចិត្ត និង​ជា​ការ​កែ​លម្អ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ