អានតួអត្ថបទ
កម្ពុជា

ស្ថានភាព​ប្រជាជន​ សេដ្ឋកិច្ច​ និង​សង្គម​ ធ្វើ​ឲ្យ​បក្សប្រឆាំង​ស្នើ​បង្កើន​ចំនួន​អាសនៈ

ចាប់​តាំង​ពី​មាន​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ​កាល​ពី​ឆ្នាំ​១៩៩៣​ មក​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភាជាតិ​ត្រូវ​បាន​បង្កើន​ម្តង​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​ ១៩៩៨​ គឺ​កើន​៣អាសនៈ​ ដោយសារ​មាន​ការ​បំបែក​ខេត្ត។ ​ក៏ប៉ុន្តែ​ចំនួន​អាសនៈ​១២៣​នេះ ​​មិន​​ត្រូវ​​បាន​​បង្កើន​​​​បន្ថែម​​ទៀត​​ទេ​​ នៅ​​ពេល​​មាន​​ការ​​បោះឆ្នោត​​អាណត្តិ​​ក្រោយ​។​​ សម្រាប់​ពេល​នេះ​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ពី​ការ​បង្កើន​អាសនៈ​នេះ​ដោយ​យោង​ទៅ​លើ​កត្តា​ចាំបាច់​មួយ​​ចំនួន។ តែ​គណបក្ស​ប្រជាជន​នៅ​មិន​ទាន់​បង្ហាញ​ពី​ការ​យល់​ព្រម​ច្បាស់លាស់​នៅឡើយ​ទាក់ទង​ទៅ​នៅ​សំណើរ​នេះ។

គណបក្សសង្រ្គោះជាតិ
គណបក្សសង្រ្គោះជាតិ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ដោយ​យោង​ទៅ​លើ​ស្ថានភាព​ជាក់​ស្តែង​មួយ​ចំនួន​ ទាក់ទង​ទៅ​នឹង​កំណើន​ប្រជាជន​ កត្តា​ភូមិសាស្ត្រ​ និង​សេដ្ឋកិច្ច ​តំណាង​ក្រុម​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ពី​ការ​ស្នើ​ឲ្យ​មាន​ការ​បង្កើន​ចំនួន​អាសនៈ​តំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋសភា។

លោក​ គួយ ​ប៊ុនរឿន​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​ជំនួប​ចរចា​កាល​ពី​ថ្ងៃ​សុក្រ​ទាក់ទង​ទៅនឹង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ​ជាមួយ​គណបក្ស​ប្រជាជន​ថា​ គេ​គួរតែ​បង្កើន​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា​ ព្រោះ​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​មិន​ឃើញ​មាន​ការ​កើន​ឡើង​នៃ​អាសនៈ​ឡើយ។

«សម្លេង ​គួយ ​ប៊ុន រឿន »

សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ​ការ​ចង់​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ចំនួន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​អាណត្តិ​ក្រោយ ​គឺ​ជា​ប្រធាន​បទ​ដែល​កំពុង​ស្ថិត​នៅ​ក្នុងការ​ធ្វើ​ច្បាប់​នៅ​ឡើយ​ទេ។ តំណាង​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ប៊ិន ឈិន​ ថ្លែង​ប្រាប់​កាសែត​ដែរ​ថា​ គណបក្ស​កាន់​អំណាច​នៅ​មិន​ទាន់​គិត​និង​ជជែក​គ្នា​នៅ​ឡើយ​ទេ ​តែ​នេះ​ក៏​មិន​មាន​ន័យ​ថា​ជា​ការ​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​នេះ​ជាមួយ​ គណបក្ស​ប្រឆាំង​ដែរ។

«សម្លេង ប៊ិន ឈិន»

សូមបញ្ជាក់ថា​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​កែ​ទម្រង់​ច្បាប់​បោះឆ្នោត​បាន​ឈាន​ចូល​ទៅ​ឯកភាព​គ្នា​ស្តី​ពី​ការ​រក្សា​ទុក​ប្រព័ន្ធ​បោះឆ្នោត​ដដែល​ គឺ​ប្រព័ន្ធ​សមាមាត្រ។​លើស​ពីនេះ​ក៏​មាន​ការ​លើក​ឡើង​ពី​ការ​កំណត់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ថ្មី​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹងថា​តែង​មាន​ការ​កំណត់​អាសនៈ​ជា​រៀងរាល់​៣ឆ្នាំ​ មុន​ឆ្នាំ​បោះឆ្នោត។

ជាមួយ​គ្នា​នេះ​តំណាង​ក្រុម​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កួយ ប៊ុនរឿន​ ក៏​បាន​ស្នើ​ផង​ដែរ​ឲ្យ​មានការ​ផ្ទេរ​ភារកិច្ច​កំណត់​សមាសភាព​គណៈកម្មការ​កំណត់​អសនៈ​ពី​គណៈរដ្ឋមន្ត្រី​មក​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​ ដោយ​សុំ​បញ្ចូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទៅ​ក្នុង​នោះ​ផងដែរ។​ទោះ​យ៉ាង​នេះ​ក្តី​ការ​ស្នើសុំ​នេះ​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ