គណបក្សប្រឆាំង ស្នើឱ្យអាជ្ញាធរដកបំរាមបិទផ្លូវក្នុងក្រុងភ្នំពេញពេលយុទ្ធនាការឃោសនាបោះឆ្នោត
គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ១៦ឧសភានេះ បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ សាកល្បងគិតជាថ្មីលើបំរាមរបស់ខ្លួនដែលបានសម្រេចបិទផ្លូវ ទីធ្លាសាធារណៈ និងទីផ្សារធំៗចំនួន ៦នៅក្នុងក្រុងភ្នំពេញ មិនឲ្យគណបក្សនយោបាយហែក្បួនឆ្លងកាត់។ សំណើនេះ បានធ្វើឡើងតាមរយៈកិច្ចប្រជុំរវាងតំណាងគណបក្សសង្រ្គោះជាតិ ជាមួយតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នៅព្រឹកមិញនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៩
នៅក្នុងជំនួបពិសេសរវាងគណបក្សសង្រ្គោះជាតិ និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប នៅព្រឹកមិញនេះ លោក យឹម សុវណ្ណ ដែលជាប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិប្រចាំរាជធានីភ្នំពេញ បានដាក់សំណើទៅកាន់ស្ថាប័នរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឱ្យពិចារណាឡើងវិញ លើបំរាម ដែលបានហាមឃាត់ មិនឲ្យគណបក្សនយោបាយឃោសនានៅតាមដងវិថី និងទីប្រជុំជនមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។
បើតាមលោក យឹម សុវណ្ណ ដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយពីកិច្ចប្រជុំនេះថា គ.ជ.ប បានទទួលយកសំណើរបស់គណបក្សប្រឆាំងទៅពិចារណានិងធ្វើការសម្រេចជាថ្មី។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២០ឧសភាខាងមុខនេះតទៅ ហើយត្រូវបញ្ចប់នៅថ្ងៃទី ០២ មិថុនា ដោយមានគណបក្សនយោបាយចំនួន ១២ចូលរួម។ ប៉ុន្តែ អាជ្ញាធរទីក្រុងភ្នំពេញបានចេញបំរាមជាមុនថា ការឃោសនារបស់គណបក្សនយោបាយនឹងមិនឲ្យឆ្លងកាត់តាមមហាវិថីសំខាន់ៗមួយចំនួននោះទេ។ បំរាមដែលរងការរិះគន់ពីមន្រ្តីអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំងនេះ ក៏បានហាមមិនឲ្យមានការជួបជុំនៅតាមទីធ្លាសាធារណៈ ទីប្រជុំជន និងទីផ្សារធំៗចំនួន ៦ នៅក្នុងទីក្រុងភ្នំពេញ។ ភាគីសង្គមស៊ីវិល និងគណបក្សប្រឆាំងបានរិះគន់ថា បំរាមបិទផ្លូវក្នុងពេលឃោសនាបោះឆ្នោត ដោយលើកហេតុផលកកស្ទះចរាចរ ឬបញ្ហាសន្តិសុខនោះមិនសមហេតុផលនោះទេ។
សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំពិសេសនេះ លោក យឹម សុវណ្ណ ក៏បានស្នើឲ្យ គ.ជ.ប កំណត់និយមន័យនៃការហែក្បួនឲ្យបានច្បាស់លាស់ និងការរើសអើងចំពោះការលើកស្លាកគណបក្សនយោបាយ ដែលលោកយឹម សុវណ្ណ បានអះអាងថា នៅកន្លែងខ្លះអាជ្ញាធរបានអនុញ្ញាតឲ្យគណបក្សកាន់អំណាចលើកស្លាកបាន តែគណបក្សផ្សេងមិនអាចលើកបានជាដើម។ ក្រៅពីនេះ គណបក្សប្រឆាំងក៏បានស្នើសុំឲ្យ គ.ជ.ប បង្កើនការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឲ្យប្រញ៉ាប់ទៅធ្វើលិខិតអត្តសញ្ញាណនៅតាមសាលាឃុំសង្កាត់ចាប់ពីថ្ងៃទី ៤ ឧសភា ដល់ថ្ងៃទី ៤ មិថុនា ដើម្បីប្រើសម្រាប់ទៅបោះឆ្នោត។ លើករណីជួលម៉ោងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ឯកជនវិញ លោក យឹម សុវណ្ណ ក៏បានបញ្ជាក់ដែរថា រហូតមកទល់នឹងពេលនេះ មិនមានទូរទស្សន៍ឯកជនណាមួយ ក្រៅពីទូរទស្សន៍ជាតិកម្ពុជា (ទទក) បានប្រកាសលក់ម៉ោងផ្សាយជាសាធារណៈឲ្យគណបក្សនយោបាយសម្រាប់ឃោសនាបោះឆ្នោតដែលមានរយៈពេល ១ខែនេះនៅឡើយទេ។ បើតាមលោក យឹម សុវណ្ណ ដើម្បីស្មើភាពគ្នា លោកបានស្នើឲ្យ គ.ជ.ប ជូនដំណឹងទៅទូរទស្សន៍ឯកជន ហាមមិនឲ្យលក់ម៉ោងផ្សាយជូនគណបក្សនយោបាយទាំងអស់តែម្តង។
យ៉ាងណាក៏ដោយ សំណើរទាំងនេះ នៅមិនទាន់មានការសម្រេចភ្លាមៗនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ