អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

CNRP នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​គជប​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀប​ចំ​ពាក្យ​បណ្តឹង​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប ជុំវិញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត។ ភាព​មិន​ប្រក្រតី​នៅ​តាម​ការិយាល័យ​នោះ រួម​មាន ការ​រាប់​សន្លឹក​ដោយ​មិន​បើក​ទ្វារ​បង្អួច ឬ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​មិន​សូវ​ឭ ការ​មិន​បិទ​ទម្រង់ ១១០២ នៅ​មុខ​ការិយាល័យ​បោះ​ឆ្នោត និង ការ​ទិញ​ភ្នាក់ងារ​សង្កេត​ការណ៍​ជា​ដើម ។

លោកយឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ។
លោកយឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ។ @Yim Sovann Facebook
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី ម៉េង សុភារី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​អាច​បូក​សរុប​បាន​ទេ ថា​តើ​នឹង​ដាក់​ពាក្យ​បណ្តឹង​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ទៅ​កាន់​គជប​នោះ​ទេ ដោយ​រង់​ចាំ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ពី​តាម​បណ្តា​រាជធានី​ខេត្ត​ជា​មុន​សិន។

យ៉ាង​ណា​ក៏​ដោយ លោក​ស្រី ម៉េង សុភារី អះអាង​ថា​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​គជប ក្រោយ​ពេល​ស្ថាប័ន​ជំនាញ​ការងារ​បោះ​ឆ្នោត​នេះ បិទ​បញ្ចប់​ការ​ផ្សាយ​លទ្ធផល​បណ្តោះ​អាសន្ន នៅ​គណៈកម្មាការ​ឃុំ សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី ៧ មិថុនា​ខាង​មុខ​នេះ។

ដោយ​ឡែក​បន្ទប់​ស្ថានការណ៍ ដែល​ជា​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ជាង ៤០ វិញ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ខ្លួន ក៏​បញ្ជាក់​ថា ពួក​គេ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​ពី​ខាង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ ដោយ​រង់​ចាំ​ឃ្លាំ​មើល​រហូត​ដល់​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ។

យ៉ាង​ណា​ក៏​ដោយ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​យប់​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ទី ៤ មិថុនា លោក យឹម សុវណ្ណ បាន​លើក​ឡើង​ពី​ចំណុច​វិជ្ជមាន​ជា​ច្រើន​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ នេះ បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​អាណត្តិ​មុន។

ជុំវិញ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ​សង្កាត់ ឆ្នាំ ២០១៧ នេះ ដែរ អង្គការ​តម្លាភាព​កម្ពុជា បាន​វាយ​តម្លៃ​ថា ទិដ្ឋភាព​ជា​រួម​នៃ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​នោះ​មាន​ដូច​ជា គុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការ​ចុះ​ឈ្មោះ​បេក្ខជន គណបក្ស​នយោបាយ កំណើន​កិច្ច​សហប្រតិបត្តិការ និង​ភាព​បើក​ចំហរ​រវាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាមួយ​សង្គម​ស៊ីវិល និង​សាធារណជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ