អានតួអត្ថបទ
កម្ពុជា

រយៈពេល​ពីរ​ថ្ងៃ សង្រ្គោះជាតិ​ប្រមូល​ថវិកា​បាន​ជាង​១៥​ម៉ឺន​ដុល្លារ​ដើម្បី​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៦​មិថុនា​នេះ គណបក្ស​សង្រ្គោះជាតិ​ ប្រមូល​ថវិកា​បាន​ជាង​១៥ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ហើយ សម្រាប់​យក​ទៅ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះអាទិត្យ។ យុទ្ធនាការ​ប្រមូល​ថវិកា​សម្រាប់​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះ​អាទិត្យ​នេះ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៥​មិថុនា​ ហើយ​នឹង​បន្ត​ធ្វើ​រហូត​ទទួល​បាន​ថវិកា​គ្រប់​៣​លាន​ដុល្លារ​សម្រាប់​ដំណើរ​ការ​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ​។ អ្នក​វិភាគ​នយោបាយ​បាន​មើល​ឃើញ​ថា យុទ្ធនាការ​ប្រមូល​ថវិកា​នេះ​ អាច​ជា​រង្វាស់​រង្វាល់​មួយ​ សម្រាប់​អ្នក​ដែល​មាន​សមាណចិត្ត​ចំពោះ​គណបក្ស​ប្រឆាំង​ផង​ដែរ។

លោក​ សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។
លោក​ សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

«ចំនួន​ទឹក​ប្រាក់​ដែល​ផ្តល់​ដោយ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​មិន​សំខាន់​ទេ​ ​អ្វី​ដែល​សំខាន់​ គឺ​ទឹក​ចិត្ត​រប​ស់អ្នក​ដែល​ផ្តល់​វិភាគ​ទាន​នេះ»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​នៅ​លើ​ទំព័រ Facebook របស់​លោក​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥​មិថុនា​ ខណៈ​ដែល​លោក​ សម រង្ស៊ី បាន​ប្រកាស​ពី​ការ​បើក​យុទ្ធនាការ​ប្រមូល​វិភាគទាន ដើម្បី​ជួយ​ទ្រទ្រង់​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះ​អាទិត្យ។

លោក​ សម រង្ស៊ី នឹង​លោក កឹម សុខា ជា​ប្រធាន​និង​អនុប្រធាន​គណបក្ស ​បាន​បរិច្ចាគ​ថវិកា​មុន​គេ​កាល​ពី​ថ្ងៃ​ម្សិលមិញ ក្នុង​ម្នាក់​ៗ​ចំនួន​៣​ពាន់​ដុល្លារ​ និង​តាម​ពី​ក្រោយ​ដោយ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ទាំង​៥៥រូប បូករួម​ទាំង​សមាជិក​ព្រឹទ្ធសភា​១០​រូប​ទៀត ​នូវ​ថវិកា​ក្នុង​ម្នាក់​១​ពាន់​ដុល្លារ។ ហើយ​បើ​យោង​តាម​របាយការណ៍ ​គិត​ត្រឹម​ថ្ងៃ​ទី​២៥​មិថុនា​ម្សិលមិញ​ សង្រ្គោះ​ជាតិ​បាន​ទទួល​ថវិកា​សរុប​១១​ម៉ឺន​៤​រយ​ដុល្លារ​អាមេរិក (១១០៤០០$)។ ហើយ​បើ​តាម​លោក​ យឹម សុវណ្ណ ជា​អ្នក​នាំ​ពាក្យ គណបក្ស​កំពុង​ទទួល​បាន​វិភាគ​ទាន​ជា​បន្ត​បន្ទាប់​ទៀត​ ដែល​គិត​ទៅ​ប្រហាក់​ប្រហែល​ជា​១៥​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ហើយ។

ថវិកា​ប៉ុណ្ណោះ​ ពិត​ជា​មិន​អាច​យក​ទៅ​ដំណើរ​ការ​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះអាទិត្យ ​ដែល​គម្រោង​ត្រូវ​ការ​ថវិកា​ដល់​ទៅ​៣លាន​ដុល្លារ​អាមេរិក​នោះ​ទេ។ អញ្ចឹង​ហើយ​ បាន​ជា​នៅ​ថ្ងៃ​សៅរិ៍​ទី​២៧​មិថុនា​ស្អែក​នេះ​ ទាំង​លោក សម រង្ស៊ី នឹងលោក កឹម សុខា នឹង​រងចាំ​ទទួល​ថវិកា​ពី​សប្បុរសជន​ នៅ​នឹង​ទី​ស្នាក់ការ​គណបក្សសង្រ្គោះជាតិ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ​ចាប់​ពី​វេលា​ម៉ោង​៨​ព្រឹក​តទៅ។ អ្នក​ដែល​ចូលរួម​វិភាគទាន​មាន​ពីរ​ប្រភេទ។ ប្រភេទទី១ គឺ​ជា​អំណោយ​តែ​ម្តង។ ចំណែក​ឯ​ប្រភេទ​ទី​២ គឺ​សម្រាប់​អ្នក​ដែល​ចង់​ចូល​រួម​ដាក់​ទុន​វិនិយោគ​ជាមួយ​នឹង​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ ​ដែល​ថវិកា​ចាប់​ពី​១​ពាន់​ដុល្លារ​ឡើង​ទៅ។ សម្រាប់​អ្នក​ដែល​ចូលរួម​វិភាគទាន​ទាំងពីរ​ប្រភេទ​ នឹង​ទទួល​បាន​វិក្ក័យបត្រ ​ដោយ​មាន​ការ​ហត្ថលេខា​ពី​លោក សម រង្ស៊ី និង​លោក ​កឹម សុខា ​និង​ថែម​ទាំង​បាន​ថត​រូប​ជា​អនុស្សាវរីយ៍​ជាមួយ​ថ្នាក់​ដឹកនាំ​ទាំងពីរ​ផង​ដែរ។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ Facebook របស់​លោក​ពី​ម្សិលមិញ​ថា «ទូរទស្សន៍​ព្រះ​អាទិត្យ នឹង​ដំណើរ​ការ​ទៅ​បាន​កាន់តែ​ឆាប់​ ពេល​ណា​ដែល​មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​ ទូទាំង​ប្រទេស ផ្តល់​ជា​វិភាគទាន​ម្នាក់​បន្តិច​ៗ ដើម្បី​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ​របស់​យើង​ទាំង​អស់​គ្នា» ហើយ​ថា«ទោះបី​ជា​វិភាគ​ទាន​តែ​មួយ​រយ​រៀល​លុយ​ខ្មែរ​ ​ក៏​មាន​តម្លៃ​លើស​លប់​ ក្នុង​ការ​រៀប​ចំ​គម្រោង​នេះ​ដែរ»

ប៉ុន្តែ​បើ​តាម​លោក សុខ ទួច អ្នក​វិភាគ​នយោបាយ​បាន​មើល​ឃើញ​ថា ​នេះ​ជាយុ​ទ្ធនាការ​មួយ​ដើម្បី​វាស់ស្ទង់​ទឹក​ចិត្ត​របស់​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នេះ​ ប៉ុន្តែ​ផ្ទុយ​ទៅវិ​ញ យុទ្ធនាការ​នេះ​ អាច​ជា​ការ​បង្ហាញ​ពី​អសមត្ថភាព​របស់​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ​ ដែល​មិន​មាន​លទ្ធភាព​សូម្បី​តែ​ការ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​មួយ។

បើ​តាម​លោក យ៉ែម បុញ្ញាឬទ្ធិ អ្នក​នាំ​ពាក្យ​គណបក្សសង្រ្គោះជាតិ ប៉ុស្តិ៍​ទូរទស្សន៍​ព្រះ​អាទិត្យ​ដែល​ជា​កម្មសិទ្ធិ​ដំបូង​របស់​បក្ស​ប្រឆាំង​នេះ​ នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​២០១៥​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ