អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំងថា ពេលនេះ​សមរម្យ​ណាស់​ដែល​រដ្ឋាភិបាល​ខ្មែរ​ គួរ​តែ​ប្តឹង​វៀតណាម រឿង​ព្រំដែន

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ១០នាក់ នឹង​ចុះហត្ថលេខា​លើ​លិខិត​រួម​គ្នា​មួយ​ ផ្ញើ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ឬ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ​ស្តីពី​ការ​រំលោភ​បំពាន​ដី​ព្រំដែន​កម្ពុជា​ ពី​ភាគី​វៀតណាម។ បក្ស​ប្រឆាំង អះអាង​ថា​ ពេល​នេះ​គឺ​សមរម្យ​ណាស់ សម្រាប់​ខ្មែរ ដែល​ត្រូវ​ស្វែង​រក​អន្តរាគម​ពី​អន្តរជាតិ ព្រោះ​ថា​វៀតណាម​ នៅ​តែ​មិន​បាន​អើពើ​ចំពោះ​កំណត់​ទូត​ ដែល​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ផ្ញើ​ទៅ​ជា​ច្រើន​លើក​ច្រើន​សារ។

លោក អ៊ុំ សំអាន(ឆ្វេង)​ តំណាង​​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ ​មណ្ឌល​​ខេត្ត​ សៀម​រាប​
លោក អ៊ុំ សំអាន(ឆ្វេង)​ តំណាង​​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ ​មណ្ឌល​​ខេត្ត​ សៀម​រាប​ សហការី
ផ្សាយពាណិជ្ជកម្ម

ទោះបី​ជា​មាន​ការ​សម្រប​សម្រួល​តាម​ផ្លូវ​ការ​ទូត តាម​រយៈការ​ផ្ញើ​កំណត់​ទូត​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ជា​ច្រើន​លើក​ច្រើន​សារ ទៅ​កាន់​ភាគី​វៀតណាម​ក៏​ដោយ​ ប៉ុន្តែ​ភាគីវៀតណាម​ ហាក់​មិន​អើពើ មិនព្រម​តប​វិញ ហើយ​នៅ​តែ​បន្ត​រំលោភ​លើ​បូរណភាព​ដែន​ដី​កម្ពុជា។ ប្រការ​នេះ បាន​ធ្វើឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង សម្រេច​ថា គ្រោង​នឹង​សរសេរ​លិខិត​ផ្លូវការ​រួម​គ្នា​មួយ​ ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​សប្តាហ៍​នេះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ យក​ករណី​វៀតណាម​រំលោភ​ដែនដី​កម្ពុជា ទៅ​ប្តឹង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ ICJ។

លោក​អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​ថា​ បញ្ហា​ព្រំដែន​ នឹង​ត្រូវ​បាន​ដោះស្រាយ​ ប្រសិន​បើ​មាន​ការ​ប្តឹង​រក​យុត្តិធម៌​ពី​តុលាការ​អន្តរជាតិ ។ លោក​អ៊ុំ សំអាន បាន​បញ្ជាក់​ថា​ ពេល​នេះ​គឺ​សមរម្យ​បំផុត​ក្នុង​ការ​ប្តឹង​ផ្តល់ មិន​មែន​ទាល់​តែ​ពេល​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា ដូច​រឿង​ប្រាសាទ​ព្រះវិហារ​ ទើប​ស្វែង​រក​អន្តរាគម​នោះ​ទេ។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដដែល បាន​ឲ្យ​ដឹងថា រឿង​ព្រំដែន​កម្ពុជា-វៀតណាម និង​កម្ពុជា-ថៃ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​។ ប្រសិន​បើ​ភាគីខ្មែរ រើ​បំរះ នោះ​ដំណោះ​ស្រាយ​ប្រសើរ​តាម​ផ្លូវ​ច្បាប់​ នឹង​កើតឡើង​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ​តាម​លោក​អ៊ុំ សំអាន បញ្ហា​ដែល​វៀតណាម​ហ៊ាន​បំពាន​ដូច្នេះ ​គឺ​ព្រោះ​តែ​រដ្ឋាភិបាល​ខ្មែរ​ មាន​ភាព​ទន់ភ្លន់ពេក​ ជាមួយ​ភាគី​វៀតណាម។ លោក​ថា ទាហាន ឬប៉ូលិស ដែល​បាន​តវ៉ា ​ពី​បញ្ហា​ព្រំដែន កម្ពុជា-វៀតណាម តែង​តែ​ត្រូវ​បាន​ដក​ហូត​តំណែង​ចេញ។

តាម​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក​ផៃ ស៊ីផាន យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ រវាង​កម្ពុជា និង​វៀតណាម គឺ​ជា​ជម្រើស​ចុងក្រោយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន។ លោក​ផៃ ស៊ីផាន បាន​ប្រាប់​វិទ្យុ​បារាំង​ថា​ ការ​អនុវត្ត​តាម​តុលាការ​អន្តរជាតិ ​គឺ​ជា​បន្ទាត់​នយោបាយ​របស់​កម្ពុជា​ ក្នុង​ការ​ថែរក្សា​ទំនាក់​ទំនង​រវាង​ប្រទេស​ជិត​ខាង ព្រោះ​ថា​បញ្ហា​ព្រំដែន គឺ​ជា​កិច្ចការ​អន្តរជាតិ​ដែល​កើត​ឡើង​ពី​កិច្ច​សហការ​ជាមួយ​ប្រទេស​ជិត​ខាង។ ហើយ​រដ្ឋាភិបាល​កម្ពុជា​ ក៏​គ្មាន​គោលការណ៍​ប្រើ​ហិង្សា ​ចំពោះ​កិច្ចការ​ព្រំដែន​នោះ​ទេ។ ម្យ៉ាងទៀត កម្ពុជា​នឹង​នៅ​តែ​ប្រើ​ឥរិយាបទ​ទន់ភ្លន់​ម៉ឺងម៉ាត់​ជា​បន្ត​ទៀត។

គួរ​រម្លឹក​ជូន​ថា​ កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ប្រទេស​វៀតណាម​ រួម​មាន តាំង​ពី​ការ​ជីក​រណ្តៅ ​ក្នុង​ខេត្ត​រតនៈគីរី ​ការ​កសាង​សង់​ប៉ុស្តិ៍​យោធា​ នៅ​ចំណុច​ស ក្នុង​ស្រុក​កោះ​ធំ ​ខេត្ត​កណ្តាល ​ជា​ដើម​។ ប៉ុន្តែ​រដ្ឋាភិបាល​កុម្មុយនិស្ត​ក្រុងហាណូយ មិន​ព្រម​បញ្ឈប់​សកម្មភាព ហើយ​ថែម​ទាំង​បាន​ធ្វើ​ប៉ុស្តិ៍​យោធា​នោះ​ ធំ​ជាង​មុន​ថែម​ទៀត​ផង។ គិត​ពី​ឆ្នាំ​២០១៣ រហូត​ដល់​ពេល​នេះ​ ក្រសួងការ​បរទេស​កម្ពុជា​ បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​ចំនួន​ ១០​លើក​ទៅ​ហើយ។ ប៉ុន្តែ​ប្រទេស​វៀតណាម​ មិន​បាន​ឆ្លើយ​តប​សូម្បី​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ