អានតួអត្ថបទ
កម្ពុជា

គ្រឿង​សំអាង “ក្លែងក្លាយ” ជិត​១០០​តោន​ត្រូវ​បាន​ដុត​ចោល

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ បាន​ដុត​កម្ទេច​ចោល​គ្រឿង​សំអាង​ជិត​១០០​តោន ដែល​សមត្ថកិច្ច​ថា​ជា​របស់​ក្លែង​ក្លាយ​ ខុស​ច្បាប់។ ការ​ដុត​កម្ទេច​ចោល​នូវ​គ្រឿង​សំអាង​ដ៏​ក្រាស់​ក្រែល ដែល​មាន​តំលៃ​រាប់​លាន​ដុល្លារ​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​ការ​បង្ក្រាប​និង​រឹប​អូស​ពី​ទី​តាំង​ខុស​ច្បាប់​នានា ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៧​កន្លង​ទៅ។

គ្រឿង​សំអាង​ក្លែង​ក្លាយ ដែល​ត្រូវ​បាន​ដុត​ចោល
គ្រឿង​សំអាង​ក្លែង​ក្លាយ ដែល​ត្រូវ​បាន​ដុត​ចោល @សហការី
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖​ អ៊ឹង ប៊ុនថន

សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ ឲ្យ​ដឹង​ថា គ្រឿង​សំអាង​ក្លែង​ក្លាយ​ដែល​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃ​អង្គារ​នៅ​ទី​លាន​ចាក់​សំរាម ជើង​ឯក ក្នុង​ខណ្ឌ​ដង្កោ​នេះ​មាន​ចំនួន​៨១​តោន។ តាម​របាយការណ៍​របស់​ប៉ូលីស ផលិត​ផល​ក្លែង​ក្លាយ​ ដែល​យក​មក​ដុត​ចោល​ទាំង​នោះ​រួម​មាន៖​ ​សាប៊ូ​កក់​សក់​ម៉ាក​ប៉ង់​តែន រីចយស៍ សាន់ស៊ីលឃ៍​ និង​សាប៊ូ​កក់​សក់ ម៉ាក ឃ្លៀរ រួម​ទាំង​ឡេ​លាប​ស្បែក​ជា​ដើម​ដែល​មាន​តម្លៃ​សរុប​ជា​ទឹក​ប្រាក់​ស្មើ​នឹង​៥​ទៅ​៦​លាន​ដុល្លារ។

លោក វណ្ណ ផេង អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា​ក្នុង​ឆ្នាំ​២០១៧ សមត្ថកិច្ច​ជំនាញ​បង្រ្កាប​បាន​ផលិត​ផល​ក្លែង​ក្លាយ​ប្រហែល​២០០​តោន នៃ​ចំនួន​១២​ករណី។ ប៉ុន្តែ​លោក​ថា​ការ​ដុត​ចោល​នៅ​ថ្ងៃ​នេះ​តែ​៨១​តោន​នោះ​គឺ​ធ្វើ​តាម​អំណាច​សាល​ដីកា​របស់​តុលាការ។

លោក​វរសេនីយ​ឯក វណ្ណ ផេង ឲ្យ​ដឹង​ថា ការ​ជួញ​ដូរ​ផលិត​ផល​ក្លែង​ក្លាយ​នេះ​ធ្វើ​ឡើង​ដោយ​ជន​ជាតិ​ចិន និង​ខ្មែរ​ដែល​នាំ​ចូល​ពី​ខាង​ក្រៅ​ដោយ​ក្លែង​បន្លំ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​ដុត​កំទេច​ផលិត​ផល​គ្រឿង​សំអាង​ក្លែង​កា្លយ​នេះ​ដែរ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ការ​ប្រើ​ប្រាស់​ផលិត​ផល​សំអាង ក៏​ដូច​ជា​ផលិត​ផល​ផ្សេងៗ​ទៀត ដើម្បី​ជៀស​វាង​ប៉ះ​ពាល់​ដល់​សុខភាព​និង​អាយុ​ជីវិត។​

កាល​ពី​ពេល​ថ្មីៗ​នេះ សមត្ថកិច្ច​ខេត្ត​កណ្តាល បាន​ចាប់​ខ្លួន​ស្រ្តី​ម្នាក់ ដោយ​ចោទ​ថា​លក់​គ្រឿង​សំអាង​ក្លែង​ក្លាយ​ខុស​ច្បាប់ ហើយ​ក្រោយ​មក​តុលាការ​ខេត្ត​នេះ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​ការ​រិះគន់​ជា​ច្រើន​តាម​បណ្តាញ​សង្គម​ចំពោះ​ចំណាត់​ការ​នោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ