អានតួអត្ថបទ
កម្ពុជា

លោកអ៊ុំ សំអាន មិន​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ព្រោះ​សំអាង​លើ​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត

ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បើក​សវនាការ​សាកសួរ​បន្ថែម​ទៀត​ទៅ​លើ​លោក​អ៊ុំ សំអាន អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ជុំវិញ​ដំណើរ​រឿង​រិះគន់ និង​បង្ហោះ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា និង​វៀតណាម​នៅ​លើ​បណ្តាញ​សង្គម។ ទោះ​បី​ប្រើ​ពេល​អស់​ជាង​២​ម៉ោង​ក៏​ដោយ ក៏​ប៉ុន្តែ​ចៅក្រម​ស៊ើប​សួរ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ ព្រោះ​ថា​អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​សៀមរាប​រូប​នេះ​ មិន​ព្រម​ឆ្លើយ​នឹង​សំណួរ​ណា​មួយ​របស់​ចៅ​ក្រម​ឡើយ។

រូបភាពចាស់៖ លោ​កអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបាន​ជាប់ខ្នោះដៃ។
រូបភាពចាស់៖ លោ​កអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបាន​ជាប់ខ្នោះដៃ។ @Sam Rainsy Page
ផ្សាយពាណិជ្ជកម្ម

លើក​នេះ​ក៏​ដូច​កាល​ពី​ការ​សាកសួរ​លើក​ដំបូង​ដែរ គឺ​លោក​អ៊ុំ សំអាន មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ចំនួន​៦​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ។ ធ្វើ​ដូចនេះ គឺ​ដោយសារ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្គោះ​ជាតិ សំអាង​នៅ​មុខ​ចៅ​ក្រម​ថា គាត់ គឺ​ជា​តំណាង​រាស្រ្ត​ដែល​មាន​អភ័យ​ឯក​សិទ្ធិ​ពេញ​លេញ​ហើយ​ត្រូវ​ការពារ​ដោយ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។ ដូច្នេះហើយ បើ​ចង់​ឲ្យ​គាត់​ឆ្លើយ​នឹង​សំណួរ​របស់​ចៅក្រម លុះត្រា​តែ​មាន​ការ​សម្រេច​ពី​រដ្ឋសភា​ជាតិ​ក្នុង​សំឡេង​២​ភាគ​៣ ដើម្បី​ដក ឫ​ក៏​ព្យួរ​អភ័យឯក​សិទ្ធិ​ជា​តំណាង​រាស្រ្ត​របស់​គាត់​សិន។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក​សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​អ៊ុំ សំអាន។

តំណាង​រាស្រ្ត​កំពុង​នៅ​មាន​អភ័យ​ឯក​សិទ្ធិ លោក​អ៊ុំ សំអាន ក្នុង​សំលៀក​បំពាក់​ជា​អ្នក​ទោស​ដោយ​ដៃជាប់​ខ្នោះ​ផង​នោះ ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ​ទាំង​មេឃ​កំពុង​ភ្លៀង​នៅ​ម៉ោង​ប្រមាណ​ជាង​៨ ព្រឹក។ ក្រោយ​បញ្ចប់​ការ​សាកសួរ លោក​ត្រូវ​បាន​អាជ្ញាធរ​នាំ​បញ្ជូន​ទៅ​ក្នុង​រថយន្ត​យ៉ាង​ប្រញាប់ ដើម្បី​ដឹក​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ។ តែ​ទោះ​ជា​យ៉ាង​ណា អ្នក​តំណាង​រាស្រ្ត​រូប​នេះ បាន​និយាយ​ប្រាប់​អ្នក​កាសែត​យ៉ាង​ខ្លី​ថា លោក​អត់​ឆ្លើយ​នឹង​សំណូរ​ចៅ​ក្រម​ទេ។ ចម្លើយ​ខ្លី​នេះ ក៏​ព្រោះ​តែ​អ្នក​កាសែត​នៅ​តែ​ព្យាយាម​ប្រជ្រៀត​តាម​សួរ​គាត់ បើ​ទោះ​សន្តិសុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​គម្រាម​ដក​ម៉ាស៊ីន​ថត​រូប និង​ថត​សំឡេង បើ​សិន​អ្នក​កាសែត​ណា​ហ៊ាន​សួរ​នាំ និង​ថត​រូប​គាត់​នោះ។

សូម​បញ្ជាក់​ថា លោក​អ៊ុំ សំអាន ដែល​ជា​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​នោះ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​កាល​ពី​ ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ក្នុង​ខេត្ត​សៀមរាប ដោយ​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​គាត់​ពាក់ព័ន្ធ​រឿង​ប្រើប្រាស់​ផែនទី​ក្លែង​ក្លាយ។ រំលង​មួយ​ថ្ងៃ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​១២ មេសា គាត់​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញាអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង តាម​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​តែ​ម្តង។

កាល​ពី​ចុង​ខែ​មេសា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទាត់​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​គាត់​ម្តង​រួច​មក​ហើយ​ៗ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​កន្លង​ទៅ​នេះ សាលាឧទ្ធរណ៍​បាន​ទាត់​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​គាត់​ទៀត។ យ៉ាង​ណា​ក៏​ដោយ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​អ៊ុំ សំអាន កាល​ពី​សប្តាហ៍​មុន បាន​បន្ត​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​បន្ថែម​ទៀត​ជុំវិញ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នេះ។ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ តុលាការ​កំពូល​នៅ​មិន​ទាន់​សម្រេច ថា​នឹង​បើក​សវនាការ​នៅ​ពេល​ណា​មួយ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ