អានតួអត្ថបទ
កម្ពុជា

មេធាវី​ហុង សុខហ៊ួរ ត្រៀម​១០​លាន​រៀល​សម្រាប់​ការ​នៅ​ក្រៅ​ឃុំ

ថ្ងៃ​ពុធ ទី៤ ខែ​វិច្ឆិកា​ខាង​មុខ​នេះ តុលាកា​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​សុំនៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធ​សភា​របស់​នៃ​គណបក្ស​សម រង្ស៊ី។ ក្នុង​សវនាការ​​លើកទី៣នេះ លោកហុង សុខហ៊ួរ ត្រៀម​ប្រាក់​១០​លាន​រៀល​សម្រាប់​ការ​សុំ​នៅ​ក្រៅ​ឃុំ។ តែ​យ៉ាង​ណាក៏​ដោយ មេធាវី​ការពារ​ក្តី​​ថា​​គ្មាន​​សង្ឃឹម។​

លោក ហុង សុខហ៊ួរ អតីត​ស​មាជិក​ព្រឹទ្ធស​ភា​គណបក្សសម រង្ស៊ី
លោក ហុង សុខហ៊ួរ អតីត​ស​មាជិក​ព្រឹទ្ធស​ភា​គណបក្សសម រង្ស៊ី © ហ្វេសប៊ុកលោក ហុង សុខហ៊ួរ
ផ្សាយពាណិជ្ជកម្ម

មេធាវីការ​ពារ​ក្តី​ឱ្យ​លោក ហុង សុខហ៊ួរ បាន​ឱ្យ​ដឹង​ថា​ក្រុម​គ្រួសារ​បាន​ត្រៀម​ប្រាក់​១០​លាន​រៀល​ដើម្បី​សុំ​ការ​ធានា​​នៅ​ក្រៅ​ឃុំ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​នេះ។ ប៉ុន្តែ​ មេធាវី​ការពារ​ក្តី​លោក ជួង ជូងី បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា​នេះ​ថា លោក​គ្មាន​សង្ឃឹម​ចំពោះ​ការ​សុំ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ​ទេ។ គ្មាន​សង្ឃឹម​ព្រោះ​ថា រឿង​ក្តី​នេះ​ជា​រឿង​នយោ​បាយ។ សវនាការ​ថ្ងៃ​ទី​៤ វិច្ឆិកា​ខាង​មុខ​នេះ គឺ​ជាសវនការ​សុំនៅ​ក្រៅ​ឃុំ​លើក​ទី​៣​ហើយ បន្ទាប់​ពី​អាជ្ញាធរ​​បាន​ចាប់​លោក​ហុង សុខហ៊ួរ ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​៣​ករណី​គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ​និង​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ទន្ទឹម​នឹង​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​អាដ​ហុក មិន​មាន​សុទ្ធិដ្ឋិ​និយម​ចំពោះ​ការ​ស្នើ​សុំនោះ​ទេ​ព្រោះ​ថា ស្ថាន​ភាព​នយោបាយ​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន គឺ​កំពុង​តែ​តាន​តឹង។ បើតាម​ប្រធាន​ផ្នែក​រូប​នេះ ការ​ដោះ​លែង​ណាមួយ​របស់​លោក ហុង សុខហ៊ួរ ត្រូវ​តែ​មាន​ការ​សម្រប​សម្រួល​នយោបាយ​ជា​មុន​សិន។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បង្ហាញ​ពី​ភស្តុតាង​នៃ​បទ​ល្មើស​របស់​លោក​ហុង សុខហ៊ួរ ក៏​ដោយ ក៏លោក​នី ចរិយា ចោទ​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ជា​រឿង​នយោបាយ ហើយ​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​​នយោបាយ​របស់​រដ្ឋាភិបាល។

ដោយ​ឡែក​ក្រសួង​យុត្តិធម៌​បាន​ច្រាន​ចោល​ការ​អត្ថាធិប្បាយ​នេះ ហើយ​បាន​ជំរុញ​ឱ្យ​មេធាវី​ការពារ​ក្តី​យក​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក។ សូម​កត់​សំគាល់​ថា លោក​ហុង សុខហ៊ួរ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា បន្ទាប់ពី​លោក​ បាន​អត្ថាធិប្បាយ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ព្រំ​ដែន​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀត​ណាម​នៅ​ឆ្នាំ​១៩៧៩​។ ជាការ​ចាប់​ខ្លួន​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​ពី​បទ​ល្មើស​ជាក់​ស្តែង​។

ក្នុង​សំណុំ​រឿង​សន្ធិសញ្ញា​ព្រំ​ដែន​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​កាល​ពីថ្ងៃ​ទី​២៥ តុលា​នៅ​ទី​ក្រុង​ប៉ារីស ថា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​នេះ​ផង​ដែរ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ