អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

CPP ៖ ប្រជាប្រិយភាព​ដែល​ពិបាក​ប៉ាន់​ស្មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ទទួល​ជ័យ​ជំនះ​ភ្លូក​ទឹក​ភ្លូក​ដី នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០០៨ គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្គាល់​នូវ​ការ​បរាជ័យ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៣។ បរាជ័យ​នេះ គឺ​ជា​សារ​ព្រមាន​មួយ ដែល​បញ្ជាក់​ថា ប្រជាប្រិយភាព​របស់​គណបក្ស​នេះ​ បាន​ធ្លាក់​ចុះ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត។ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ ២០១៧ និង ២០១៨ គណ-​បក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​រៀបចំ​កសាង​យុទ្ធសាស្ត្រ ដើម្បី​ស្តារ​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ឡើង​វិញ។ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ គេ​មិន​ដឹង​ច្បាស់​ទេ​ថា តើ​ប្រជាប្រិយភាព​របស់​បក្ស​នេះ កំពុង​ស្ថិត​នៅ​ចំណុច​ណា​មួយ។

ក្បួន​ដង្ហែរ​យុទ្ធនាការ​​ឃោសនា​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​ម៉ូតូ ​នៅ​តាម​ដង​ផ្លូ​វ​មួយ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ពេល​កន្លង​មក។​
ក្បួន​ដង្ហែរ​យុទ្ធនាការ​​ឃោសនា​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​ម៉ូតូ ​នៅ​តាម​ដង​ផ្លូ​វ​មួយ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ពេល​កន្លង​មក។​ RFI/ស៊ីវ​ចាន់ណា
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​មហាសន្និបាត ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​ដូច​ជា​បាន​បង្ហាញ​ក្តី​បារម្ភ​របស់​ខ្លួន។ បារម្ភ ព្រោះ​ការ​កើន​ឡើង​នៃ​សន្ទុះ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ដើម្បី​សាកល្បង​លុប​បំបាត់​ក្តី​បារម្ភ និង​ស្តារ​ប្រជាប្រិយភាព ក្នុង​គោល​ដៅ​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពល​រដ្ឋ​ម្ចាស់​ឆ្នោត​ឡើង​វិញ មហាសន្និបាត​របស់​គណបក្ស​ប្រជាជន ក៏​បាន​លើក​ឡើង និង​បាន​ដាក់​អោយ​អនុវត្ត​នូវ​វិធាន​ការ​មួយ​ចំនួន។ វិធាន​ការ​ដែល​តាម​មើល​ទៅ​គ្មាន​គោល​ដៅ​អ្វី​ផ្សេង​ ក្រៅ​តែ​ពី​ការ​ផ្គាប់​ចិត្ត​ម្ចាស់​ឆ្នោត និង​បំពេញ​សេចក្តី​ត្រូវ​ការ​ភ្លាម​ៗ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

 
វិធាន​ការ​ទាំង​នោះ​រួម​មាន ជំរុញ​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ​ការ​ដំឡើង​របប​ប្រាក់​សោធន​និវត្តន៍ ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ការ​យក​តម្លៃ​ភ្លើង​អគ្គិសនី​ក្នុង​តម្លៃ​ថោក ជា​ដើម។

គួរ​ជំរាប​ផង​ដែរ​ថា ការ​បំពេញ​ចិត្ត​ប្រជាពលរដ្ឋ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ទើប​តែ​ចាប់​ផ្តើម​ធ្វើ​ឡើង​ក្នុង​ពេល​ថ្មី​ៗ​នេះ​ទេ។ កន្លង​មក ក៏​មាន​ដែរ​នូវ​ការ​ផ្គាប់​ចិត្ត​ម្ចាស់​ឆ្នោត​ ដូចជា​ការ​បញ្ឈប់​ការ​យក​ប្រាក់​នៅ​លើ​ផ្លូវ​២០០៤ ផ្លូវ​វេងស្រង និង​ផ្លូវ​ជាតិ​លេខ​៤ ព្រម​ទាំង​ការ​គ្រប់​គ្រង​ប្រាសាទ​អង្គវត្ត​ឡើង​វិញ​ដោយ​រដ្ឋ ជា​ដើម។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ គណបក្សប្រជាជន​កម្ពុជា បាន​សម្រេច​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​ដែល​មាន​កម្លាំង​ចាប់​ពី ១២៥ CC ចុះ​ក្រោម ទទួល​ស្គាល់​ការ​កាន់​កាប់​យាន​យន្ត​ជាក់​ស្តែង និង ព្យួរ​ការ​បង់​ពន្ធការ​ផ្ទេរ​កម្មសិទ្ធិ​ផង​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ភ្លេច​ទេ ក្នុង​ការ​ដាស់​តឿន​មន្ត្រី​របស់​ខ្លួន អោយ​ចូលរួម​អនុវត្ត​កំណែ​ទម្រង់​ ស៊ី​ជម្រៅ​តាម​អភិក្រម “ឆ្លុះ​កញ្ចក់ មុជ​ទឹក ដុស​ក្អែល និង​ព្យាបាល” និង​បម្រើ​ប្រជាពលរដ្ឋ​អោយ​បាន​ដិត​ដល់។

យ៉ាង​ណា​មិញ ក្នុង​ចំណោម​វិធាន​ការ​ទាំង​អស់​នេះ ក៏​មាន​ដែរ​នូវ​ការ​អនុវត្ត​ពាក្យ​សន្យា​ខ្លះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ពាក្យ​សន្យា ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​មុន​ការ​បោះឆ្នោត​ឆ្នាំ ​២០១៣។ ជាក់​ស្តែង​ដូច​ជា កម្មករ​ទទួល​បាន​ប្រាក់​ខែ​ទាប​បំផុត​៦០​ម៉ឺន​រៀល​ក្នុង​១​ខែ មន្រ្តី​រាជការ​ទទួល​បាន​ប្រាក់​ខែ​ទាប​បំផុត​១​លាន​រៀល​ក្នុង​១​ខែ បញ្ចុះ​តម្លៃ​ប្រេង ជី​កសិកម្ម អគ្គីសនី និង​បញ្ចុះ​អត្រា​ការ​ប្រាក់ ជា​ដើម។ ការណ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា យក​គោល​នយោបាយ​ខ្លះ​របស់​គណបក្ស​សង្គ្រោះជាតិ​មក​ប្រើ​នៅ​ពេល​នេះ ក៏ព្រោះ​តែ​គោល​នយោបាយ​នេះ មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ម្ចាស់​ឆ្នោត។ ម្យ៉ាង​វិញ​ទៀត ការ​យក​ពាក្យ​សន្យា​របស់​គណបក្ស​សង្គ្រោះជាតិ​មក​ប្រើ​នេះ​ គឺ​ដើម្បី​បញ្ជាក់​ប្រាប់​ម្ចាស់​ឆ្នោត​ថា មាន​តែ​គណបក្ស​ប្រជាជនទេ ដែល​មាន​លទ្ធភាព​អាច​ឆ្លើយ​តប​ទាន់​ពេល ​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​បាន។ ឯ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រឹមតែ​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ។

ម្យ៉ាង​វិញ​ទៀត គេ​សង្កេត​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ចេះ​ជ្រើសរើស​ឱកាស​ត្រឹមត្រូវ​ក្នុង​ការ​អនុវត្ត​វិធាន​ការ​បំពេញ​ចិត្ត​ពលរដ្ឋ​របស់​ខ្លួន។ ពេល​វេលា​ដែល​សាកសម​នេះ គឺ​១ឆ្នាំ មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ​និង​២​ឆ្នាំ​ មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណតិ្ត​ទី​៦។ ការ​ផ្គាប់​ចិត្ត​ម្ចាស់​ឆ្នោត និង​ការ​ឆ្លើយ​តប​សេចក្តី​ត្រូវ​ការ​ភ្លាម​ៗ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ពិត​ជា​ពិបាក​ធ្វើ​អោយ​ម្ចាស់​ឆ្នោត​ភ្លេច​ណាស់។ ប៉ុន្តែ​បើ​ធ្វើ​ឡើង​យូរ​ពេក តាំង​ពី​ដើម​អណត្តិ នោះ​ម្ចាស់​ឆ្នោត​ងាយ​នឹង​ភ្លេច​ទៅ​វិញ។

ប៉ុន្តែ តើ​បក្ស​ប្រជាជន​អាច​ស្តារ​ប្រជាប្រិយភាព​របស់​ខ្លួន និង​អាច​បន្ត​រក្សា​អំណាច​របស់​ខ្លួន​បាន​ទៀត​ឬ​ទេ?

យោង​តាម​ក្រុម​អ្នក​វិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន យុទ្ធសាស្ត្រ​ផ្គាប់​ចិត្ត​រាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​មែន​ជា​គោល​នយោបាយ​យូរ​អង្វែង​នោះ​ដែរ។ សម្រាប់​អ្នក​វិភាគ ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ខ្លះ មិន​មាន​អំណាច​គតិ​យុត្ត​ដែល​អាច​អនុវត្ត​បាន​ភ្លាម​ៗ​ឡើយ។ ឧទាហរណ៍​ដូច​ជា ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ ដែល​ទាមទារ​អោយ​មាន​ការ​ធ្វើ​វិសោធន៍កម្ម​ច្បាប់។ ឯការ​ឆ្លើយ​តប​ខ្លះ​ទៀត មាន​ភាព​លម្អៀង​នៅ​លើ​អ្នក​មាន​លុយ និង​មាន​អំណាច ហើយ​អាច​អោយ​រដ្ឋ​ខាតបង់​ចំណូល​ផង​ក៏​ថា​បាន។ ឧទាហរណ៍​ដូច​ជា ការ​ព្យួរ​ការ​បង់ពន្ធ​ និង​ការ​ផ្ទេរ​កម្មសិទ្ធិ ជា​ដើម។

ជា​ការ​ពិត ដើម្បី​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ ក្នុង​គោល​ដៅ​ដើម្បី​បង្កើន​ការ​គាំទ្រ​ក្នុង​ចំណោម​ម្ចាស់​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ព្យាបាល​ដំបៅ​សង្គម​ដែល​ឈឺ​រ៉ាំរ៉ៃ​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​ព្យាបាល​ជំងឺ​​សង្គម​ទាំង​នោះ រួម​មាន ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង បញ្ហា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ជម្លោះ​ដីធ្លី ការ​លុប​បំបាត់​អំពើ​ពុក​រលួយ បញ្ហា​អយុត្តិធម៌​សង្គម ការ​លើក​កម្ពស់​វិស័យ​សុខាភិបាល និង អប់រំ​ជា​ដើម។

ម្យ៉ាង​វិញ​ទៀត ចូរ​កុំភ្លេច​ថា ​២២​កៅអី​ដែល​បាន​ទៅ​គណបក្ស​សង្គ្រោះជាតិ ក៏​មាន​ការ​បោះឆ្នោត​អោយ​ ដោយ​អ្នក​ដែល​ធ្លាប់​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ដូច្នេះ ក្រៅ​តែ​ពី​ការ​ផ្គាប់​ចិត្ត​ ឬ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពល​រដ្ឋ​ភ្លាម​ៗ​ហើយ​នោះ គណបក្ស​នេះ​ត្រូវ​តែ​កសាង​ទំនុក​ចិត្ត និង​ប្រជា​ប្រិយភាព​ឡើង​វិញ ក្នុង​ចំណោម​មន្ត្រី និង​អ្នក​ធ្លាប់​គាំទ្រ​ខ្លួន​ផង​ដែរ។

រយៈ​ពេល​១​ឆ្នាំ ឬ​២​ឆ្នាំ​ទៅ​មុខ​ទៀត មិន​យូរ​នោះ​ទេ។ ដូច្នេះ​គណបក្ស​ប្រជាជន​ត្រូវ​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​នូវ​អ្វី​ដែល​ជា​តម្រូវ​ការ​ពិត​ប្រាកដ និង​ជា​អាទិភាព​របស់​ម្ចាស់​ឆ្នោត ហើយ​ត្រូវ​ឆ្លើយ​តបអោយ​បាន​ពេញ​លេញ។ បើ​ពុំ​នោះ​សោត​ទេ គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​បន្ត​បាត់បង់​អសនៈ​របស់​ខ្លួន​បន្ថែម​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ