អានតួអត្ថបទ
កម្ពុជា

លោក ទេព នីថា និង​លោក នី ចរិយា ជាប់​ជា​បេក្ខជន​ក្នុង​វគ្គ​ជំរុះ​តំណែង​អគ្គលេខា​និង​អគ្គលេខា​រង​ គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត នឹង​ធ្វើ​ការ​ជ្រើសរើស​ចុង​ក្រោយ​នូវ​បេក្ខជន​អគ្គលេខាធិការ​ម្នាក់ និង​អគ្គលេខាធិការ​រង​៤​នាក់​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​ បន្ទាប់​ពី​បាន​ចំរាញ់​នៅ​ថ្ងៃ​នេះ​សល់​បេក្ខជន​ចំនួន​១៥​នាក់។ បេក្ខជន​ដែល​ជាប់​ក្នុង​វគ្គ​ជម្រុះ​នេះ ភាគ​ច្រើន​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល។ តែ​អគ្គលេខាធិការ​ចាស់​លោក​ទេព នីថា ក៏​មាន​នៅ​ក្នុង​Short Liste ដែរ។

ក្រុម​ការងារ​នៃ​​គណបក្ស​ប្រឆាំង​និង​​បក្ស​កាន់​អំណាច​ទាំង​​ពីរ​សម្រាប់​កែ​ទម្រង់​ច្បាប់​​បោះឆ្នោត​
ក្រុម​ការងារ​នៃ​​គណបក្ស​ប្រឆាំង​និង​​បក្ស​កាន់​អំណាច​ទាំង​​ពីរ​សម្រាប់​កែ​ទម្រង់​ច្បាប់​​បោះឆ្នោត​ RFI/Channa
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) បាន​ឲ្យ​ដឹង​ថា គ.ជ.ប បាន​បញ្ចប់​កិច្ច​ការ​មួយ​ជំហ៊ាន​ទៀត​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​បាន​ជ្រើសរើស​បេក្ខជន​អគ្គលេខា អគ្គលេខា​រង​ គ.ជ.ប ក្នុង​វគ្គ​ជម្រុះ​នៅ​សល់​១៥​នាក់​ចុង​ក្រោយ។ ពោល​គឺ បេក្ខជន​សម្រាប់​ប្រជែង​យក​តំណែង​អគ្គលេខាធិការ​នៅ​សល់​៣​នាក់ និង​បេក្ខជន​សម្រាប់​តំណែង​អគ្គលេខាធិការ​រង​ចំនួន​១២​នាក់។

អ្នក​នាំ​ពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា​ចំណាត់​ការ​បន្ត គ.ជ.ប​នឹង​ពិនិត្យ​ទៅ​លើ​លិខិត​ថ្កោល​ទោស​បេក្ខជន​ទំាំង​អស់ ដោយ​កន្លង​មក​បេក្ខជន​ទាំង​នោះ​បាន​ដាក់​តែ​បង្កាន់​ដៃ​ចំលង មិន​មាន​ដាក់​ជា​លិខិត​ថ្កោល​ទោស​អ្វី​ទេ។

ជាមួយ​គ្នា​នេះ​ គ.ជ.ប បាន​កំណត់​ហើយ​ថា​គណៈ​វិនិច្ឆ័យ​របស់​ខ្លួន​នឹង​ធ្វើ​ការ​ចំរាញ់​ចុង​ក្រោយ​ នូវ​អគ្គលេខាធិការ​ចំនួន​មួយ​រូប និង​អគ្គលេខាធិការ​រង​ចំនួន​៤​រូប នៅ​ថ្ងៃ​ទី​១៥​ខែ​មករា​ខាង​មុខ​ បន្ទាប់​ពី​បេក្ខជន​ទាំង​អស់​ផ្តល់​លិខិត​ថ្កោល​ទោស​ឲ្យ​គ.ជ.ប រួច​រាល់​ហើយ។

ក្នុង​ចំណោម​បេក្ខជន​ដែល​ជាប់​វគ្គ​ជំរុះ​នេះ​ត្រូវ​គេ​ស្គាល់​ថា​ធ្លាប់​បង្ហាញ​មុខ​ញឹក​ញាប់​នោះ​គឺ​ លោក ហេង មុនីចិន្តា ប្រធាន​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោកទេព នីថា និង​លោក​យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា។ អ្នក​ទាំងបី​ប្រជែង​គ្នា​ក្នុង​តំណែង​អគ្គលេខាធិការ។ រីឯ​តំណែង​អគ្គលេខាធិការ​រង​វិញ​នោះ​ ត្រូវ​គេ​ស្គាល់​ថា​មាន​លោក​នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ផង​ដែរ។

សូម​បញ្ជាក់​ថា ដើម្បី​បង្ហាញ​នូវ​តម្លាភាព និង​ការ​បើក​ទូលាយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប្រកាស​ជ្រើសរើស​អគ្គលេខាធិការ​ចំនួន​១​រូប និង​អគ្គលេខាធិការ​រង​ចំនួន​៤​រូប​កាល​ពី​ថ្ងៃ​ទី​១៦ធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ។ ការ​ជូន​ដំណឹង​នេះ ត្រូវ​បាន​ភ្ជាប់​នូវ​លក្ខណៈ​សម្បត្តិ​ចំនួន​៦​ចំណុច ក្នុង​នោះ បេក្ខជន​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​តែ​មួយ​គត់ ក្នុង​រយៈ​ពេល​បំពេញ​ការងារ។ មាន​អាយុ​យ៉ាង​តិច​៣០​ឆ្នាំ​គិត​ដល់​ថ្ងៃ​តែង​តាំង។ មាន​សិទ្ធិ​បោះឆ្នោត។ មាន​សញ្ញាបត្រ​ចាប់​ពី​ថ្នាក់​ឧត្តម​សិក្សា​ឡើង​ទៅ។ មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច​៥​ឆ្នាំ និង​មិន​ត្រូវ​ជា​សហព័ទ្ធ​ឬ​ញាតិ​លោហិត ឬ​ញាតិ​ពន្ធ​រះ​ឲ​ហូត​ដល់​ថ្នាក់​ទី​៣​របស់​ប្រធាន អនុប្រធាន​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​។ ជា​ការ​កត់​សម្គាល់​មាន​បេក្ខជន​ប្រមាណ​ជាង​៨០​នាក់​បាន​ចាប់​អារម្មណ៍​និង​ដាក់​ពាក្យ​ប្រជែង​យក​តំណែង​ដ៏​សំខាន់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ