អានតួអត្ថបទ
កម្ពជា

សន្និបាត​ថ្ងៃ​ដំបូង​របស់​បក្ស​កាន់​អំណាច​ផ្ដោត​​សំខាន់​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧

«ការ​​អនុវត្ត​​ផែន​​ការ​​ឆ្ពោះ​​ទៅ​​កាន់​​ការ​​បោះ​​ឆ្នោត​​ជ្រើស​​រើស​​សមាជិក​ ក្រុម​​ប្រឹក្សា​​ឃុំ​​សង្កាត់ អាណត្តិ​​ទី៤​​ឆ្នាំ​​២០១៧» គឺ​​ជា​​របៀប​​វារៈ​​សំខាន់​មួយ​​ក្នុង​​ចំណោម​​របៀប​​វារៈ​​ពីរ​ផ្សេង​​ទៀត​ដែល​សមាជិក​​គណៈ​​កម្មា​ធិការ​​កណ្ដាល​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ជួប​​ជជែក​គ្នា​សម្រាប់​​ថ្ងៃ​​ដំបូង​​នៃ​​សន្និ​បាត​​ប្រចាំ​​ឆ្នាំ​​ដែល​​មាន​ សមាជិក សមាជិកា របស់​​បក្ស​អ្នក​​ចូល​រួម​ចំនួន​​១៤៩៦​​រូប។ 

លោក ហេង សំរិន និង លោក ហ៊ុន សែន ​ក្នុង​ឱកាស​សន្និបាត​គណៈ​កម្មាធិការ​កណ្ដាល​លើក​ទី​៣៩​អាណត្តិ​ទី​៥​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ
លោក ហេង សំរិន និង លោក ហ៊ុន សែន ​ក្នុង​ឱកាស​សន្និបាត​គណៈ​កម្មាធិការ​កណ្ដាល​លើក​ទី​៣៩​អាណត្តិ​ទី​៥​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ @kimhong
ផ្សាយពាណិជ្ជកម្ម

ដូច​ការ​គ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​០៩​មករា​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀប​ចំ សន្និបាត​គណៈកម្មា​ធិការ​កណ្ដាល​លើក​ទី​៣៩ អាណត្តិ​ទី​៥ ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃចាប់​ពី​ថ្ងៃ​ទី​៩​ដល់​១០​មករា នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ សន្និបាត​របស់​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្សប្រជាជន​បាន​រៀប​ចំ​អប​អរ​សាទរ​ថ្ងៃ​៧​មករា។​

តាម​អ្នក​រៀប​ចំ​កម្មវិធី​ប្រកាស​ថា សន្និ​បាត​នៅ​ថ្ងៃ​ដំបូង​នេះ​មាន​របៀបវារៈ​សំខាន់​ចំនួនបី​ដែល​នឹង​លើក​យក​មក​ពិភាក្សា​ទី១-លោក សាយ ឈុំ អនុ​ប្រធាន​គណបក្ស នឹង​រាយការណ៍​ជូន​អង្គ​សន្និបាត​ពី​សភាព​ការណ៍​ទូទៅ​ក្នុង​ឆ្នាំ​២០១៥​និង​ទិស​ដៅ​ការងារ​ឆ្នាំ២០១៦ ទី២-លោក ស ខេង អនុ​ប្រធាន​គណបក្ស​នឹង​ធ្វើ​ការ​ណែ​នាំ ការ​អនុវត្ត​ផែន​ការឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៤​ឆ្នាំ២០១៧។ ទី៣-លោក ហ៊ុន សែន ប្រធាន​គណបក្ស​ជា​អ្នក​ដឹក​នាំ​កិច្ច​ពិភាក្សា ។

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​សន្និបាត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹង​ថា សន្និ​បាត​នៅ​ពេល​នេះ​ជា​ពេល​វេលា​មួយ​ដែល​គណៈ​កម្មាធិការ​អន្ត្រៃ​ត្រូវ​រាយការណ៍​របាយការណ៍​ជូន​គណៈ​កម្មាធិការ​កណ្ដាល​ដើម្បី​ពិនិត្យ​និង​សម្រេច​ទៅ​លើរបាយ​ការណ៍​ទាំង​នោះ។ លោក​ ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​សមាជិក សមាជិកា របស់បក្ស​ផ្ដល់​មតិ​លើ​របាយការណ៍​ដែល​បាន​អនុវត្ត​រួច​ហើយ​និង​ផ្ដល់​យោបល់​ចំពោះ​ទិសដៅ​ការ​ងារ​សម្រាប់​ឆ្នាំ​២០១៦។​

បន្ថែម​ពី​នេះ​ទៀត លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បានបញ្ជាក់​ប្រាប់​​វិទ្យុ​បារាំង​ថា សន្និបាត​នេះ​នឹង​ពិភាក្សា​លើ​ជម្លោះ​ដីធ្លី បញ្ហា​អយុត្តិធម៌​ដោយ​ការ​បំពារបំពាន ការ​ពង្រឹង​ស្មារតី​សកម្មជន​គណបក្ស​បន្ទាប់​ពីបាត់បង់​សំឡេង​គាំ​ទ្រ​ក្រោយ​ ការ​បោះ​ឆ្នោត រួម​ទាំង​ការ​ដាក់​បញ្ចូល​បេក្ខភាព​យុវជន​និង​នារី​សម្រាប់​ការ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​២០១៧។

បើ​តាម លោក សុខ ឥសាន ប្រធាន​បទ​ទាក់​ទង​ការ​បោះ​ឆ្នោត​គឺ​ជា​ការ​ពង្រឹង​សតិ​អារម្មណ៍​សមាជិក​បក្ស​ទាំង៥​លាន ៥សែន​ឡើង​វិញ​ព្រោះ​ថា​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​កន្លង​ទៅ សមាជិក​សឹង​ពាក់​កណ្តាល​មិន​បាន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ខ្លួន​ឡើយ​។

សូម​បញ្ជាក់​ថា សន្និបាត​គណៈ​កម្មាធិការ​កណ្ដាល​លើក​ទី​៣៩ អាណត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ការ​ប្រគល់​ភារៈ​កិច្ច​របស់​បក្ស​ក្រោយ​មហាសន្និ​បាត​វិសាមញ្ញ​កាល​ពី​ដើម​ឆ្នាំ​២០១៥។ សន្និបាត​រយៈ​ពេល​២​ថ្ងៃ​នេះ​ក៏​មាន​ការ​បើកទូលាយ​ឲ្យ​មន្ត្រី​គណ​បក្ស​ប្រជាជន​ដទៃ​ទៀត​ចូល​រួម​ផង​ដែរ ក្រៅ​ពី​សមាជិក​គណៈកម្មាធិការ​កណ្ដាល​របស់​បក្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ