អានតួអត្ថបទ
កម្ពុជា

គណៈកម្មាធិការ​កណ្តាល​បក្ស​កាន់​អំណាច​បើក​កិច្ច​ប្រជុំ ពង្រឹង​ប្រជាប្រិយភាព ខណៈ​ដែល​កំណែ​ទម្រង់​នៅ​មាន​កម្រិត

គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ និង​ទី​ ១៨ ធ្នូ​ខាង​មុខ​នេះ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ ដែល​មាន​សមាជិក​ប្រមាណ​៤០០​នាក់។ របៀប​វារៈ​សំខាន់​ៗ​យ៉ាង​ហោច​ ៤​ចំណុច​ត្រូវ​បាន​លើក​ឡើង និង​ពិនិត្យ​មើល​ការ​ប្រតិបត្តិ​នា​ពេល​កន្លង​មក។ អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា កិច្ច​ការ​កំណែ​ទម្រង់​មួយ​ចំនួន​នៅ​មាន​កម្រិត​មិន​ទាន់​សម​ចិត្ត​នឹង​ការ​ចង់​បាន​ពី​ពលរដ្ឋ​នៅ​ឡើយ។

រូបភាពចាស់៖ ក្បួនដង្ហែរយុទ្ធនាឃោសនារបស់គណបក្សប្រជាជនកម្ពុជា
រូបភាពចាស់៖ ក្បួនដង្ហែរយុទ្ធនាឃោសនារបស់គណបក្សប្រជាជនកម្ពុជា RFI/ស៊ីវ​ចាន់ណា
ផ្សាយពាណិជ្ជកម្ម

មាន​ចំណុច​សំខាន់​យ៉ាង​ហោច​ចំនួន ៤ ដែល​គណបក្ស​កាន់​អំណាច​នឹង​លើក​យក​ពិភាក្សា និង​ត្រួត​ពិនិត្យ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​លើក​ទី​ ៤០ នៅ​ចុង​សប្តាហ៍​នេះ។ ចំណុច​សំខាន់​ទាំង​នោះ​រួម​មាន ការ​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ពី​អ្នក​មាន​អំណាច​ក្នុង​សង្គម ការ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​ដាក់​បញ្ចូល​ក្រុម​យុវជន​ចូល​ក្នុង​ជួរ​មន្ត្រី​រាជការ​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​លើ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម រួម​ទាំង​ចំណុច​មួយ​ចំនួន​បន្ថែម​ទៀត។

លោក សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​ជា​ប្រធាន​បក្ស នឹង​ពិនិត្យ​លើ​បញ្ហា​ទាំង​អស់​នេះ​ ដើម្បី​ឈាន​ដល់​ការ​លុប​បំបាត់ និង​ការ​ទប់ស្កាត់​បាតុភាព​ទាំង​ឡាយ​ ដើម្បី​រក្សា​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល ដែល​ជា​បក្ស​កាន់​អំណាច។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​បណ្ឌិត​មាស នី អ្នក​តាមដាន​សង្គម​កម្ពុជា បាន​មើល​ឃើញ​ថា​កំណែ​ទម្រង់​រដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច​នៅ​មាន​កម្រិត និង​នៅ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ។

លោក​បាន​លើក​ឡើង​ថា អយុត្តិធម៌​សង្គម​នៅ​តែ​កើត​មាន​ចេញ​ពី​កណ្តាប់​ដៃ​ក្រុម​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​សាច់​ញាតិ​អសេដ្ឋី​គ្រាក់​ៗ​មួយ​ចំនួន ការ​អភិវឌ្ឍ​នៅ​មិន​ទាន់​ផ្តល់​ផ្លែ​ផ្កា​គ្រប់​គ្រាន់​ដល់​ពលរដ្ឋ​ក្រីក្រ ហើយ​បញ្ហា​ការ​ទប់​ស្កាត់ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​មិន​ទាន់​បាន​បិទ​បញ្ចប់​ ១០០%​នៅ​ឡើយ​ទេ។ លោក​បណ្ឌិត​ ដែល​សិក្សា​លើ​បញ្ហា​សង្គម​រូប​នេះ មិន​បដិសេធ​ឡើយ​ការ​រីក​ចម្រើន និង​កិច្ច​ការ​កំណែ​ទម្រង់​មួយ​ចំនួន​ដូចជា​ការ​ដក​ដី​សម្បទាន​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​បរិស្ថាន កិច្ចការ​សាធារណៈ​របស់​ក្រសួង​សាធារណការ និង​កិច្ច​ការ​អប់រំ​របស់​ក្រសួង​អប់រំ​ជា​ដើម។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយ​តប​ថា កិច្ចការ​កំណែ​ទម្រង់​ដែល​នៅ​មិន​ទាន់​មាន​លទ្ធផល​នឹង​ត្រូវ​បង្ខំ​ដាក់​ទំងន់​ឱ្យ​កែ​ប្រែ​ ដើម្បី​ឱ្យ​បក្ស​អាច​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៧​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ​អ្នក​វិភាគ​លោក​បណ្ឌិត​មាស នី ក៏​បាន​កត់​សម្គាល់​ដែរ​ថា ជម្លោះ​នយោបាយ​រវាង​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​នា​ពេល​កន្លង​ទៅ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​មួយ​នេះ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ