អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​អួត​គោល​នយោបាយ​គ្នា​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី ៤

គណបក្ស​ដែល​កំពុង​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​ដល់​សាធារណៈ​ជន​ដូច​គ្នា នូវ​គោល​នយោបាយ​របស់​ខ្លួន ដែរ ដោយ​គណៈបក្ស​សង្គ្រោះ​ជាតិ​មាន ៥​ចំណុច និង​គណបក្ស​ប្រជាជន​មាន ១៣​ចំណុច។ ការ​បង្ហាញ​ពី​គោល​នយោបាយ​របស់​គណបក្ស ដែល​ជា​គូ​ប្រឆាំង​គ្នា​ទាំង​ពីរ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី ៤​ខែ​មិថុនា​ខាង​មុខ។

គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​អួត​គោល​នយោបាយ​គ្នា​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី ៤
គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​អួត​គោល​នយោបាយ​គ្នា​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី ៤ @ google
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​គោល​នយោបាយ​ទាំង ១៣ ចំណុច​នេះ គណបក្ស​ប្រជាជន កម្ពុជា​បាន​ផ្តោត​ច្រើន​ជាង​គេ​ទៅ​លើ បច្ចុប្បន្នភាព​នៃ​ការងារ​រដ្ឋាភិបាល​ដូច​ជា​បញ្ហា​ហិរញ្ញវត្ថុ ដោយ​ឃុំ សង្កាត់ ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​មិន​តិច​ជាង ២,៨% នៃ​ចំណូល​ចរន្ត​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ។ ចំណុច​នេះ គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​លើក​ឡើង​ដែរ តែ​និយាយ​ពី​ វិមជ្ឈការ ដែល​រួម​មាន​ ៣​ចំណុច​គឺ ធ្វើ​វិមជ្ឈការ​អំណាច​ដល់ ​ឃុំ​-​ សង្កាត់​។ វិមជ្ឈការ​ថវិកា គឺ​ផ្តល់​ថវិកា​យ៉ាង​តិច​ ៥០០.០០០​ដុល្លារ​ សម្រាប់​ឃុំ​-​សង្កាត់​នីមួយៗ​ ក្នុង​មួយ​ឆ្នាំ​ស្មើ​នឹង​ប្រមាណ​ ២០%​នៃ​ថវិកា​ជាតិ​។​វិមជ្ឈការ​សាធារណៈ​ក្នុង ​វិស័យ​អាទិភាព ដូច​ជា អប់រំ សង្គម​កិច្ច ប្រព័ន្ធ​ទឹក​ស្អាត ផ្លូវ​ឃុំ​-​សង្កាត់ និង​ផ្តល់​អ្នក​ជំនាញ​បច្ចេកទេស​កសិកម្ម សុខាភិបាល​ជា​ដើម។

ជាមួយ​គ្នា​នេះ គោល​នយោបាយ​គណបក្ស​ប្រជាជន​ឲ្យ​ដឹង​ទៀត​ថា មាន​ការ​គាំទ្រ​ពី​រដ្ឋ​ដើម្បី​ធានា​ការ​បង្កើន​ផលិតកម្ម និង​ការ​រក​ទីផ្សារ​ដើម្បី​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ​ និង ការ​ខិត​ខំ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ក្នុង​មីក្រូ​ហិរញ្ញវត្ថុ​ឲ្យ​ស្ថិត​ក្នុង​ កម្រិត​សមរម្យ និង​ពង្រឹង​កិច្ច​ការពារ​ប្រជាជន​ក្រីក្រ​ដែល​ជា​អ្នក​ខ្ចី​ប្រាក់​ពី​ ស្ថាប័ន​ហិរញ្ញវត្ថុ​ ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។

ក្រៅ​ពី​នេះ គណបក្ស​កាន់​អំណាច​ក៏​បាន​និយាយ​ពី​ការ​ផ្តល់​ដី​ដល់​ប្រជាជន​ដើម្បី​សង់​លំនៅដ្ឋាន និង​បង្ក​បង្កើន​ផល តាម​រយៈ​ការ​អនុវត្ត ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​។​ ការ​ផ្តល់​សេវាអត្រានុកូល​ដ្ឋាន​ជូន​ប្រជាជន ដោយ​មិន​គិត​ថ្លៃ។ ផ្តល់​សេវា​ ពិនិត្យ និង​ព្យាបាល​ជំងឺ កាន់​តែ​ល្អ​ប្រសើរ តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​របស់​រដ្ឋ​។ ​ប្រជាជន​ក្រីក្រ​និង​អ្នក​ខ្វះ​លទ្ធភាព​ ទទួល​បាន​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​បង់​ថ្លៃ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​របស់​រដ្ឋ​។​

គិត​គូរ​លើ​វិស័យ​អប់រំ ជម្រុញ ការ​អនុវត្ត​ប្រព័ន្ធ​ទឹក​ស្រោច​ស្រព​ដំណាំ និង​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជីវភាព​រស់​នៅ​គ្រប់​ឃុំ​-​សង្កាត់​។​ ការ​ត​បណ្តាញ​អគ្គិសនី​គ្រប់​ភូមិ និង​តម្លៃ​ថោក។ការ​ស្ថាបនា​ផ្លូវ ​កសាង​ឃុំ​-​សង្កាត់​នៅ​ជាប់​ព្រំដែន ទៅ​ជា​ឃុំ​-​សង្កាត់​ប្រកប​ដោយ​សន្តិភាព និង​ការ​អភិវឌ្ឍ។ រក្សា​សិទ្ធិ​កាន់​កាប់ ប្រើ​ប្រាស់ និង​អាស្រ័យ​ផល ទៅ​កូន​ចៅ ឬ​អ្នក​ដទៃ​បាន ដោយ​មិន​មាន​កំណត់​អាណត្តិ​ និង​គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព។ គណបក្ស​ប្រឆាំង​វិញ បញ្ជាក់​ចំណុច​នេះ​ថា​ជា​ការ​ពង្រឹង​ប្រសិទ្ធភាព និង​លើក​កម្ពស់​ការងារ​នគរបាល​ឃុំ​-​សង្កាត់​ប្រកប​ដោយ​សុវត្ថិភាព គ្មាន​គ្រឿង​ញៀន និង​អំពើ​ហិង្សា​។

ដោយ​ឡែក គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ សេវា​សាធារណៈ ​ផ្តល់​លិខិត​ស្នាម​ផ្សេងៗ​ដោយ​មិន​រើស​អើង ស្អាត​ស្អំ និង​ទាន់​ពេល​កំណត់​។​ព្រម​ទាំង​បង្កើត​មូលនិធិ​សម្រាប់​ជន​ងាយ​រង​គ្រោះ​ ត្រូវ​បាន​លើក​ឡើង​ ជាមួយ​នឹង​ការ​ពង្រឹង​សិទ្ធិ​អំណាច​ប្រជា​ពលរដ្ឋ ដោយ​ផ្តល់​ឱកាស​និង​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ បង្កើត​សហគមន៍ ផ្តល់​យោបល់ វាយ​តម្លៃ និង​ចូល​រួម​សេចក្តី​សម្រេច​នានា​ក្នុង​ឃុំ​-​សង្កាត់​។​

​គណបក្ស​ប្រឆាំង​ក៏​បាន​បន្ថែម​ពី​ការ​លើក​កម្ពស់​ប្រជា​ពលរដ្ឋ និង​អភិវឌ្ឍន៍​តាម​រយៈ​ការពារ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ និង​មិន​ចុះ​ហត្ថលេខា​លើ​ការ​វិនិយោគ ឬ​សម្បទាន​ណា ដែល​ប៉ះ​ពាល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។ ប្រឹក្សា​យោបល់ និង​ផ្តល់​ព័ត៌មាន​ជូន​ប្រជា​ពលរដ្ឋ​ពាក់​ព័ន្ធ​នឹង​ការ​ខ្ចី​បុល​និង​ទី​ផ្សារ ​កសិផល​។​ អភិវឌ្ឍន៍ និង​វិនិយោគ​ដោយ​ផ្តល់​ផល​ប្រយោជន៍​ជា​អាទិ​ភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​-​សង្កាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ