អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បក្ស​ប្រជាជន​កម្ពុជា​ត្រៀម​ជើង​ព្រួល​សម្រាប់​ការ​បោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​បញ្ចប់​សន្និបាត​គណកម្មា​ធិការ​កណ្តាល​លើក​ទី​៣៩ ​កាល​ពី​ថ្ងៃ​អាទិត្យ។ សន្និបាត​រយៈ​ពេល​ពីរ​ថ្ងៃ​បាន​បង្ហាញ​ថា​គណបក្ស​ដឹក​នាំ​ប្រទេស​នេះ​កំពុង​រៀប​ចំ​យុទ្ធសាស្ដ្រ​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ។ យុទ្ធសាស្ដ្រ​ទាំង​នេះ​ថ្វី​ដ្បិត​តែ​ជា​គោលការណ៍ ប៉ុន្តែ​វា​មិន​មែន​ជា​ដំណោះ​ស្រាយ​យូរ​អង្វែង​នោះ​ទេ។បទវិភាគ​របស់​គង់ សុឋានរិទ្ធ

មេដឹកនាំទាំងបី​របស់គណបក្សប្រជាជនកម្ពុជា
មេដឹកនាំទាំងបី​របស់គណបក្សប្រជាជនកម្ពុជា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និបាត​រយៈពេល​ពីរ​ថ្ងៃ​កាល​ពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​ក្បាល​ម៉ាស៊ីន​នយោបាយ​ស្នូល​នៃ​គណបក្ស​កាន់​អំណាច​បាន​ដាក់​ផែន​ការ​យុទ្ធ​សាស្ដ្រ​ដើម្បី​កសាង​ប្រជាប្រិយភាព​ឡើង​វិញ​សម្រាប់​ត្រៀម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ឆ្នាំ​២០១៨។

យុទ្ធ​សាស្ត្រថ្មីៗ​ទាំង​នោះ​រួម​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ពន្ធ័​ដូចជា​ផ្លូវ ទឹក ភ្លើង ស្ពាន​ជា​ដើម ​គោលការណ៍​បែងចែក​ដី​ធ្លី ពង្រឹង​សេវាកម្ម​សុខភាព ការ​គិត​គូរ​ពី​តម្លៃ​កសិផល​របស់​កសិករ ការ តម្លើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​ កង​ប្រដាប់​អាវុធ ទាប​បំផុត​ឲ្យ​ដល់​មួយ​លាន​រៀល​ឬ​ស្មើ​នឹង​២៥០​ដុល្លារ​ក្នុង​មួយ​ខែ រហូត​ដល់​ឆ្នាំ​២០១៨ រួម​ទាំង​តម្លើង​ប្រាក់​ខែ​កម្មករ​អប្បរមា​ឲ្យ​ដល់​១៦០ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត ក៏​ដូច​ជា​តម្លើង​ប្រាក់​សោធននិវត្តន៍​ឬ​ប្រាក់​ខែ​សម្រាប់​និវត្តន៍​ជន​ផងដែរ។

បើ​គេ​ពិនិត្យ​ត្រួសៗ​លើ​ចំណុច​ខាង​លើ​នេះ ឃើញ​ថា​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​សំយោគ​បញ្ហា​ហើយ​ដាក់​ចេញ​ជា​ផែន​ការ​នយោបាយ​សម្រាប់​កែ​លំអ​ការ​ស្រុត​ចុះ​នូវ​ការ​គាំ​ទ្រ​ពី​ម្ចាស់​ឆ្នោត។ ពោល​គឺ​គណបក្ស​កាន់​អំណាច​បាន​ជ្រុះ​បាត់​អសនៈ​ចំនួន​២២ នៅ​ក្នុង​រដ្ឋ​សភា​ក្នុង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣ ​ចំពោះ​មុខ​ប្រជាប្រិយភាព​បក្ស​ប្រឆាំង​កើន​ឡើង។ ដោយ​សារ​អតិផរណា​មាន​ការ​កើន​ឡើង​ មន្ត្រីរាជការ​ដែល​កំពុង​បម្រើ​ការ​ជូន​រដ្ឋា​ភិបាល​រាប់​សែន​នាក់​ត្រូវការ​​ប្រាក់​ខែ​មួយសមរម្យ​ដើម្បីអាច​ដោះទ័ល​បាន។​បរាជ័យណា​មួយ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ដោះ​ស្រាយជីវភាព​របស់​មន្ត្រីរាជការ​ឲ្យ​បាន​សម​ស្រប​តាម​កម្រិត​រីក​ចម្រើន​ជីវភាព​នៅ​លើ​ទីផ្សារ​គឺ​ជា​ហានិភ័យ​នៃ​សម្លេង​គាំទ្រ​បក្ស​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត។​ម្យ៉ាង​ទៀត​កន្លង​មក​មាន​ចលនា​ទាម​ទារ​ការ​តម្លើង​ប្រាក់​ខែមន្ត្រីរាជការ​និង​គ្រូ​បង្រៀន​រួមទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យដល់​មួយលាន​រៀល​ក្នុង​មួយខែ​រួច​ទៅហើយតែ​រដ្ឋា​ភិបាល​ប្រកាស​ថា​គ្មានលុយ។ មួយវិញទៀត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​តម្លើង​ប្រាក់ខែ​កម្មករក៏ជា​ចំណុច​ខ្លាំង​មួយ​ទៀត​ផងដែរ។​ក្រោយ​ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣ ចលនា​កម្មករ​បាន​ងើប​ឡើង​ទាមទារ​ប្រាក់ឈ្នួល​ទាប​បំផុត​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុន្តែ​ចលនា​នេះ​បាន​ទទួល​រង​ការបង្រ្កាប​ដោយ​កម្លាំង​រដ្ឋា​ភិបាល។

ក្រុម​កម្មករ​រោង​ចក្រ​នៅ​កម្ពុជា​មាន​ចំនួន​កើន​ឡើង​ច្រើនជាង​៦០ម៉ឺន​នាក់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ដូច្នេះ​បើ​សិនជា​ពួក​គេ​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ​ការ​តម្លើង​ប្រាក់ខែ​ នោះ​គឺជា​ផល​វិជ្ជមាន​ដល់​សម្លេង​ឆ្នោត។

បន្ថែម​ពីនោះ​ទៀត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ផែនការ​ជម្រុញ​ការ​តម្លើង​ប្រាក់ខែទាំង​សម្រាប់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ទាំង​សម្រាប់​កម្មករ​រោង​ចក្រ​ឲ្យ​បាន​ដល់​ចំណុច​ដែល​ពួកគេ​ចង់​បាន​រហូត​ដល់​ឆ្នាំ​២០១៨។​នោះគឺជា​ចំណុច​គន្លឹះ​ដែល​គណបក្ស​កាន់​អំណាច​យល់​ថា​ឆ្នាំ​២០១៨គឺ​ជា​ឱកាស​ល្អ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ដោយ​សារ​តែ​កៀក​នឹង​ការ​បោះ​ឆ្នោត​សកល។​ហើយ​បើ​សិន​ជា​​ផែនការនេះ​សម្រេច​ជោគជ័យ​នោះ​ផលវិជ្ជមាន​អាច​លេច​ចេញ​ពី​ទឹកចិត្ត​អ្នក​បោះឆ្នោត​សក្តានុពល​ទាំង​នោះ។

​ចំណុច​មួយ​ទៀត​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​យុទ្ធ​សាស្ដ្រ​ការពារ​តម្លៃ​កសិផល​របស់​ប្រជាពលរដ្ឋ​កសិករ។​នេះ​ជា​ចំណុច​ស្រូប​យក​ទឹក​ចិត្ត​របស់​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​កំពុង​ប្រកប​របរ​កសិកម្ម។​ប្រពន្ធ័​សុខា​ភិបាល​ក៏​ស្ថិត​ក្រោម​ការ​រិះគន់​ជា​ច្រើន​ផងដែរ ហើយ​វា​ក៏ទាម​ទារ​ឲ្យ​បក្ស​កាន់​អំណាច​ធ្វើ​ឲ្យ​បាន​សម្រេច​ផងដែរ។

យ៉ាង​ណាក៏ដោយ​គោល​នយោបាយ​ទាំង​នេះ​ធ្លាប់​ត្រូវ​បាន​លើក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​ដែល​ជា​បក្ស​ប្រជែង​អំណាច​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។​ថ្វី​បើ​ដូច្នេះ​ក្តី​បើ​ធៀប​នឹង​បក្ស​ទាំង​ពីរ គណបក្ស​ប្រជាជន​កម្ពុជា​អាច​មានឱកាស​ធ្វើ​ឲ្យ​គោល​នយោបាយ​ទាំង​នេះ​ទទួល​បាន​ផ្លែផ្កា​ច្រើន​ជាង​ដោយសារ​តែ​គណបក្ស​នេះ​មាន​អំណាច​នៅ​ក្នុង​ដៃ​ស្រាប់។​រីឯ​បក្ស​ប្រឆាំង​​គ្រាន់​តែត្រួស​ត្រាយ​គោល​នយោបាយ​នៅឡើយ។

បើ​ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ផែនការ​នយោបាយ​បែបនេះក្តី វាហាក់​ដូចជា​​នៅ​មិន​ទាន់​ក្លាយ​ជា​កូនសោ​យ៉ាង​មាន​ប្រសិទ្ធិភាព​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​បើ​សិនជា​គណបក្ស​នេះ​មិន​ថ្លឹង​ថ្លែង​ចំណុច​អវិជ្ជមាន​ឲ្យ​ស្មើគ្នា​ដើម្បី​យក​មក​កែប្រែនោះ។​ បញ្ហា​ដែល​គណបក្ស​កាន់​អំណាចត្រូវ​យក​មក​ដាក់​លើជញ្ជីង ថ្លឹង​ឲ្យ​ស្មើ​នោះ​គឺ​ជា​ដំបៅ​យុត្តិធម៌​សង្គម​ដែលរុំពទ្ធ័​ដោយកត្តាស្នូល​​ច្រើន​យ៉ាង ក្នុង​នោះ​ក៏មាន​កត្តា​ទំនាស់ដីធ្លីដែល​មិនចេះ​ចប់​​ផង​ដែរ។

​យុទ្ធ​សាស្ត្រ​នយោបាយ​ខាង​លើ​គឺជា​ដំណោះស្រាយ​ល្អ​សម្រាប់​សម្លេង​ឆ្នោត​ប៉ុន្តែ​វានឹង​​មិន​​អាច​ក្លាយ​ជា​ដំណោះ​ស្រាយ​យូរអង្វែង​សម្រាប់​ព្យាបាល​ដំបៅ​សង្គម​នោះទេ បើសិនជា​គណបក្ស​កាន់​អំណាច​មើល​រំលង​បញ្ហាយុត្តិធម៌​ក្នុង​សង្គម។​សេចក្តីសុខ​ក្សេមក្សាន្ត​របស់​ប្រទេស​មួយពិតជា​ពឹង​ផ្អែក​លើ​ភាព​យុត្តិធម៌ឬគ្មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ