អានតួអត្ថបទ
កម្ពុជា

លោក សុខ ឥសាន​៖​ ទ្វារ​ចរចា​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បើក​ចំហ​

លោក ​សុខ ឥសាន ​​អ្នក​នាំ​​ពាក្យ​​​គណបក្ស​​​ប្រជាជន​​កម្ពុជា បាន​​អះអាង​ថា ទ្វារ​​ចរចា​​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​នៅតែ​បើកចំហ​សម្រាប់​ជំនួប​ជាមួយនឹង​គណបក្សប្រឆាំង។ ក៏​ប៉ុន្តែ​​​លោក​​បាន​​បញ្ជាក់​ថា ​ការ​ចរចា​​ ​ត្រូវ​ធ្វើឡើង​​ដោយ​ស្មោះ​ត្រង់ ​និង​ក្នុង​​រង្វង់​​វប្បធម៌​​សន្ទនា។ យ៉ាង​ណា​ក៏​ដោយ អ្នកវិភាគ​បាន​មើលឃើញថា សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន​​កំពុង​​លេញ​​ឡើង​។ ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

អ្វីដែល​កំពុង​ខ្វែងគ្នា រវាង​គណបក្ស​ទាំងពីរ​នៅពេលនេះ គឺ​របៀបវារៈ ដែល​ត្រូវ​លើក​យកមក​និយាយ​គ្នា​នៅលើ​តុ។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា បើ​មាន​ជំនួប​មែន តែ​នឹងមិន​លើកឡើង​ពី​របៀបវារៈ ស្តីពី ស្ថានភាព​នយោបាយ​ក្រៅពី​ក្នុង​រង្វង់​ក្របខណ្ឌ​នៃ​វប្បធម៌​សន្ទនា​នោះទេ។ ក៏ប៉ុន្តែ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​ចាត់ទុកថា របៀបវារៈ ស្តីពី ការ​ជាប់​​ឃុំ​ឃាំង​របស់​សកម្មជន​ខ្លួន គឺជា​រឿង​អាទិភាព។ នេះ​បើតាម​ការអះអាង​របស់​អ្នក​នាំ​ពាក្យ​​​នៃ​គណបក្សនយោបាយធំៗទាំងពីរ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សញ្ញា​វិជ្ជមាន​មួយចំនួន​កំពុង​​លេចឡើង ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នឹង​វិល​មករក​ប្រក្រតីភាព​ឡើង​វិញ នៅពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី១៣ ឧសភា​កន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​បាន​ប្រាក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ជួប​ចរ​ចា​​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ឡើងវិញ ត្រូវ​ទាក់ទង​តាមរយៈ​អគ្គលេខាធិការ​ដ្ឋាន​​​រដ្ឋ​សភា​លោក ឡេង ប៉េងឡុង។ ប៉ុន្តែ​ជិត​មួយ​សប្តាហ៍​មកហើយ គណបក្ស​ប្រជាជន​កម្ពុជា មិនឃើញ​មានការ​ទាក់ទង​មក​ទេ។ យ៉ាងណាក៏ដោយ លោក សុខ ឥសាន នៅតែ​អះ​អាង​ថា ទ្វារ​សម្រាប់​ការចរចា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅតែ​បើកចំហ ប្រសិនបើ​ការ​ចរចា​​នោះ ធ្វើឡើង​ក្នុង​រង្វង់​ឬ​ក្របខ័ណ្ឌ​នៃ​វប្បធម៌​សន្ទនា។

គួរ​ជំរាបជូន​ថា គណបក្ស​ទាំង​ពីរបាន​ជួបគ្នា​ជា​លើកចុងក្រោយ កាលពី​ថ្ងៃទី១៩ ខែ​មីនា​កន្លង​ទៅ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​នេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួលស្គាល់ថា គណបក្ស​នៅ​មិន​ទាន់​ទាក់ទង​ជា​ផ្លូវការ​ណាមួយ ទៅកាន់​ភាគី​គណបក្សកាន់អំណាច​នៅឡើយ​ទេ ដោយ សារ​តែ​លក្ខ​ខណ្ឌ​នៃ​ជំនួប​នោះ ត្រូវបាន​ហាម​មិន​ឲ្យ​លើកឡើង​ពី​ប្រធានបទ​នយោបាយ។ តែ​លោក​បាន​ចោទ​ជា​សំណួរ​ថា បើ​អ្នកនយោបាយ​ជួបគ្នា មិន​និយាយ​ពី​រឿង​នយោបាយ តើ​និយាយ​ពីអ្វី?

សូមបញ្ជាក់ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​ឡើង​កំដៅ​ដល់​កំពូល ចាប់តាំងពី​ពាក់​កណ្តាល​​ឆ្នាំ២០១៥មក ពោលគឺ​បន្ទាប់ពី​មានការ​ចាប់ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​១១​នាក់​​ឡើងវិញ កាលពី​ខែកក្កដា​ឆ្នាំ២០១៥ រួមទាំង​ការចាប់ខ្លួន និង​ការចោទប្រកាន់​ជា​បន្ត​បន្ទាប់ ទៅលើ​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្សប្រឆាំង អ្នកតំណាងរាស្ត្រ និង​ចុង​ក្រោយ​នេះ គឺ​ការចាប់ខ្លួន​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​ជាដើម។​

យ៉ាងណាក៏ដោយ នៅក្នុង​សុន្ទរកថា​ចុងក្រោយ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន​បាន​បង្ហើប​ពី​លទ្ធភាព​ក្នុងការ​បន្ធូរ​បន្ថយទោស ឬ​លើកលែងទោស​ចំពោះ​សកម្មជន​​អ្នកការពារ​សិទ្ធិមនុស្ស៥នាក់ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ក្នុង​បណ្តឹង​សូក​ប៉ាន់​​សាក្សី កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ។ សម្រាប់​អ្នកវិភាគ នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​មួយ ដែល​អាច​ឈានទៅ​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ​តានតឹង​នៅ​កម្ពុជា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ