អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ​សេដ្ឋកិច្ច​ចាត់ទុក​ការ​សម្រេច​បន្ថយ​ពន្ធ​នាំចេញ​លើ​កៅ​ស៊ូ ​អាច​ជួយ​កំណើន​សេដ្ឋកិច្ច​

នៅ​ថ្ងៃទី០៤ ខែ​មិនា រា​ជរា​ដ្ឋា​ភិ​បាល​កម្ពុជា បានចេញ​អុន​ក្រិ​ត្យ​មួយ​ស្តីពី​ការកែសម្រួល​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​កៅស៊ូ។ ការណ៍​នេះ បានធ្វើ​ឲ្យ​អ្នកវិភាគ​សេដ្ឋកិច្ច​ចាត់ទុកថា ជាការ​ចូល​រួម​​ធ្វើ​​ឲ្យ​​កំណើន​សេដ្ឋកិច្ច​​កម្ពុ​ជា​មាន​​ការ​កើន​ឡើង​​បន្ថែម​ទៀត ​ខណៈ​តម្លៃ​កៅស៊ូ​នៅក្នុង​ប្រទេស​​កម្ពុជា​​កំពុងតែបន្ត​ធ្លាក់​ថ្លៃ។ 

ចំការ​កៅស៊ូ​កម្ពុជា។​
ចំការ​កៅស៊ូ​កម្ពុជា។​ សហការី
ផ្សាយពាណិជ្ជកម្ម

ការកែសម្រួល​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​កៅស៊ូ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​អ្នកវិភាគ​សេដ្ឋកិច្ច លោក បណ្ឌិត​កង ចន្ទ​តារា​រ័ត្ន មើលឃើញថា​អាច​បង្កើន​សមត្ថភាព​ក្នុង​ការ​​ប្រកួតប្រជែងរ​បស់​អ្នក​ដាំ​កៅស៊ូ និង​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ដាំ បើទោះបីជា​តម្លៃ​កៅស៊ូ​នៅ​ដដែល​តែ​តម្លៃ​ពន្ធ​នាំចេញ​ត្រូវបាន​បន្ថយ។

 
តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ២០១២មក ដែល​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​កៅស៊ូតូចៗនៅក្នុង​ប្រទេស​កម្ពុជា​បាន​បិទ ហើយ​បច្ចុប្បន្ននេះ គឺ​នៅសល់តែ​ចំការ​កៅ​ស៊ូ ក​សិ​ឧស្សា​កម្មធំៗតែប៉ុណ្ណោះ។ លោក ប៉ុល សុ​ផា ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​តម្លៃ​កៅស៊ូ​​នៅតែ​មិនល្អ​ដដែល​សម្រាប់​ដើមឆ្នាំ២០១៦នេះ ពោលគឺ​កៅស៊ូ​មួយ​តោន​មានតម្លៃ​ប្រហាក់​ប្រហែល១១០០ដុល្លារ​តែប៉ុណ្ណោះ។

បើតាម​អនុ​ក្រិ​ត្យ​ស្តីពី​ការកែសម្រួល​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​កៅស៊ូ ដែលមាន​៣​មាត្រ​​​នេះ បាន​កំណត់ថា កៅស៊ូ​ក្នុង​មួយ​តោន បើ​មានតម្លៃ​គិត​អាករ​នាំចេញ​ទាប​ជាង​​១០០០​ដុល្លារ នោះ​ពុំ​ជាប់​អាករ​នាំចេញ​ទេ។ តម្លៃ​គិត​អាករ​នាំចេញ​ចាប់ពី១០០០ដុល្លារ ហើយ​ក្រោម​​២០០០​ដុល្លារ ត្រូវ​បង់អាករ​នាំចេញ៥០ដុល្លារ​ក្នុង​មួយ​តោន។ បើ​តម្លៃ​គិត​អាករ​នាំ​ចេញ​​ចាប់ពី​២០០០ដុល្លារ តែ​ទាប​ជាង ៣០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន នោះ​ត្រូវ​ជាប់​អាករ​​នាំ​ចេញ ១៥០ដុល្លារ​អាមេរិក។ បើ​តម្លៃ​គិត​អាករ​នាំចេញ​ចាប់ពី​​៣០០០​ដុល្លារ តែ​ទាប​ជាង​ ៤០០០​ដុល្លារ​អា​មេ​ក្នុង​មួយ​តោន នៅជាប់​អាករ​នាំចេញ ២០០ដុល្លារ​អាមេរិក។ បើ​តម្លៃ​គិត​​អាករ​​នាំចេញ​ចាប់ពី៤០០០ដុល្លារ នោះ​ចាប់​អាករ​នាំចេញ២០០ដុល្លារ​ក្នុង​មួយ​តោន។  

លោក ប៉ុល សុ​ផា ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម បាន​បន្ថែម ថា​ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​កៅស៊ូ​ឡើងថ្លៃ​ឡើងវិញ គឺ​រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​​គោលការណ៍​អភិវឌ្ឍ​ឧ​ស្សហកម្ម ហើយ​ប្រសិនបើ​គោលការណ៍​នេះ​ដំណើរការ​ស្រួល នោះ​​តម្លៃ​កៅស៊ូ​អាច​នឹង​ប្រសើរ​ឡើងវិញ។

យោងតាម​របាយការណ៍ ការងារ​កសិកម្ម​ឆ្នាំ២០១៤-២០១៥ បាន​ឲ្យ​ដឹងថា ការនាំចេញ​ផ​លិ​ផល​កៅស៊ូ​របស់​កម្ពុជា​រវាង​ឆ្នាំ២០១៣ និង២០១៤ មានការ​កើនឡើង១៦,៣៨ភាគរយ ប៉ុន្តែ​ចំនួន​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​កៅស៊ូ​មានការ​ថយចុះ ប្រមាណ១៨,៦១​ភាគ​រយ ការថយចុះ​នេះ ត្រូវបាន​ក្រសួងកសិកម្ម​បញ្ជាក់ថា​ដោយសារតែ​តម្លៃ​កៅស៊ូ​នាំចេញ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ