អានតួអត្ថបទ
កម្ពុជា-នយោបាយ

ឱសានវាទមកដល់​៖ ​គណបក្ស​សង្គ្រោះ​ជាតិ ​រក្សា​ជំហរ​មិន​ដាក់​ឯកសារ​តទល់ក្តី ​ក្នុង​បណ្តឹង​សុំ​រំលាយ​គណបក្ស​

គណបក្ស​​សង្គ្រោះ​​ជាតិ ​នឹង​មិន​​ដាក់​​ឯកសារ​​តាម​ការ​បង្គាប់​​របស់​​តុលាការ​​កំពូល ​ដើម្បី​​ត​ទល់​​ក្តី​​នៅ​ក្នុង​​សំណុំរឿង​​ប្តឹង​​សុំ​​រំលាយ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​នោះ​ទេ​។ ​មិន​​ត្រឹម​តែ​​ប៉ុណ្ណោះ ​គណបក្ស​ប្រឆាំង​​មួយ​​នេះ ​ក៏​​មិន​បាន​​ពឹង​ពាក់​​មេធាវី​​ដើម្បី​​ការពារ​​ក្តី​​លើ​​សំណុំ​​រឿង​​​នេះ​ដែរ​។ ​ការ​ប្រកាស​​ជំហរ​​ជា​ថ្មី ​គឺ​ធ្វើ​ឡើង​​ខណៈ​ដែល​​ឱសានវាទ​​នៃ​​ការ​បង្គាប់​​ឲ្យ​​ដាក់​​​ឯកសារ​​​ទៅ​កាន់​តុលាការ​​កំពូល ​​នឹង​​ត្រូវ​​ផុត​កំណត់​​នៅ​ត្រឹម​​ថ្ងៃ​អាទិត្យ ​ទី​២៩ ​តុលា។ ​ 

អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។
អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។ @RFI
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍​ទី២៨តុលា​មុន​ឱសានវាទ​មកដល់​មួយថ្ងៃ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​​​អះអាងថា គណបក្ស​នេះ​នឹងមិន​ដាក់​ឯកសារ​អ្វី​ទាំងអស់ ទៅកាន់​តុលាការ​កំពូល​ដើម្បី​​​ការ​ពារ​ខ្លួន តទល់​នឹង​ពាក្យ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស។ នេះ​បើតាម​ការ​គូស​បញ្ជាក់​​​ពី​​​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ បើតាម​មន្ត្រី​ជាន់​ខ្ពស់​​​រូប​នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ឲ្យ​តម្លៃ​ទៅលើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ដែល​​​ប្តឹង​សុំ​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ដោយបាន​ចាត់ទុក​ពាក្យបណ្តឹង​នេះ​ថា គឺជា​រឿង​នយោបាយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏​មិនបាន​រវីរវល់​ពឹងពាក់​មេធាវី​ដើម្បី​ការពារ​ក្តី​នោះដែរ ដោយ​ទុក​ឲ្យ​សំណុំ​រឿង​នេះ​​ទៅតាម​ដំណើរការ​របស់​វា​ទៅ​ចុះ។

តុលាការ​កំពូល កាលពី​ថ្ងៃទី០៩ តុលា បាន​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​កឹម សុខា ដែល​កំពុង​ជាប់ពន្ធនាគារ​ពីបទ “ក្បត់ជាតិ” ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប​​ទៅ​នឹង​ពាក្យ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី ០៦ តុលា ឆ្នាំ២០១៧ របស់​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល២០ថ្ងៃ។ ហើយ​នៅ​ថ្ងៃអាទិត្យ ទី២៩តុលា​ចុង​សប្តាហ៍​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ឱសានវាទ​នេះ។

គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី ០៦ តុលា ក្រុម​មេធាវី​ក្រសួងមហាផ្ទៃ​បានដាក់​ពាក្យ​បណ្តឹង​សុំ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ទៅកាន់​តុលាការ​កំពូល ដោយ​ភ្ជាប់​ជាមួយ​នូវ​ភស្តុតាង​​ចំនួន២១កញ្ចប់ ដែល​អះអាងថា ជា​សម្រង់​សម្ដី​របស់លោក កឹម សុខា រួម​ជា​មួយ​​វីដេអូ​ឃ្លី​ប​ចំនួន​បី​ដែល​បង្ហាញថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ​របស់​គណបក្ស​​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ២៧ តុលា បាន​គូសបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​នោះទេ ហើយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​បាន​ជំទាស់​ដាច់​ខាត​​នូវ​ការប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ បន្ថែម​លើ​នេះ សេចក្តី​ថ្លែង​ការណ៍​​​នេះ​​យល់ឃើញថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ គឺជា​រឿង​នយោបាយ​​សុទ្ធ​សាធ និង​បានទាមទារ​សុំ​ឲ្យ​មានការ​ដោះស្រាយ​តាមផ្លូវ​នយោបាយ​វិញ។

យ៉ាង​ណាក៏ដោយ អ្នកនាំពាក្យ​តុលាការ​កំពូល លោក នៅ មុនី​ជោ​ត ធ្លាប់បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​កាលពី​ថ្ងៃទី ២២ តុលា​ថា ក្នុងករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិន​ព្រម​ដាក់​ឯកសារ​តាម​ការបង្គាប់​របស់​តុលាការ​ក្តី ក៏​តុលាការ​នៅតែ​បន្ត​នីតិវិធី​របស់​ខ្លួន​​ដដែល។ លោក បន្តថា បើ​តុលាការ​កំពូល​បើកសវនាកា​រ​នាពេលខាងមុខ តែ​ភាគី​គណបក្ស​​សង្គ្រោះ​ជាតិ មិន​ចូលរួម​ឬ​មិន​ពឹងពាក់​មេធាវី ដើម្បី​ការពារ​សិទ្ធិ ក៏​សវនាការ​នោះ​​អាច​​ប្រព្រឹត្តទៅ​បានដែរ។

សូមបញ្ជាក់ថា ពាក្យបណ្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅក្នុង​ដៃ​របស់​តុលាការ​កំពូល​នេះ គឺធ្វើឡើង​ខណៈដែល​វិសោធនកម្ម​ច្បាប់​ចំនួន​បួន ដែល​បើកផ្លូវ​ឲ្យ​មាន​ការយក​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​បែងចែក​ឲ្យ​គណបក្ស​ដទៃ​នោះ ទើបតែ​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី២៥ តុលា ក្នុង​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ