អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​យាង​ទៅ​ពិនិត្យ​សុខភាព​នៅ​ប៉េកាំង​ប្រទេស​ចិន ​ចំពេល​វិសោធនកម្ម​ច្បាប់​ថ្មី​ត្រៀម​ចេញ​

ព្រះ​ករុណា​​ព្រះ​មហាក្សត្រ ​នរោត្តម ​សីហមុនី ​និង​​សម្តេច​ព្រះ​មហាក្សត្រី ​មុនីនាថ ​សីហនុ ​​នៅ​​ថ្ងៃទី ​២៣ ​កក្កដា​​នេះ ​បាន​​ស្តេច​យាង​​ទៅ​កាន់​​ទីក្រុង​​ប៉េកាំង​​ប្រទេស​​ចិន ​ដើម្បី​​ពិនិត្យ​​ព្រះ​រាជ​សុខ​ភាព​។ ​ការ​ចាក​ចេញ​​ពី​​កម្ពុជា​​របស់​​អង្គ​​ទាំង​​ទ្វេ ​គឺ​ធ្វើ​ឡើង​​ចំ​ពេល​ដែល​​រដ្ឋសភា ​និង​​ព្រឹទ្ធសភា ​ទើប​តែ​​បាន​អ​នុម័ត​​លើ​​វិសោធនកម្ម​​ច្បាប់ ​ស្តីពី ​គណបក្ស​នយោបាយ​​ដ៏​​ចម្រូង​ចម្រាស់​។  

ព្រះ​មហាក្សត្រ​កម្ពុជា ​និង​ព្រះមាតា ​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ​ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព ​ថ្ងៃទី ​២៣​ កក្កដា ​ឆ្នាំ​ ២០១៧​។​
ព្រះ​មហាក្សត្រ​កម្ពុជា ​និង​ព្រះមាតា ​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ​ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព ​ថ្ងៃទី ​២៣​ កក្កដា ​ឆ្នាំ​ ២០១៧​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ការ​យាង​​ចាកចេញ​​ពី​​ប្រទេស​​កម្ពុជា ​ទៅ​កាន់​​ទីក្រុង​​ប៉េកាំង​​ប្រទេស​​ចិន ​របស់​​ព្រះ​អង្គ​​ទាំង​​ទ្វេ ​បាន​​ធ្វើ​ឡើង​​នៅ​វេលា​​ម៉ោង ​៨ ​និង​៥០​នាទី​​ព្រឹក ​ថ្ងៃអាទិត្យ ​ទី​២៣ ​ខែ​កក្កដា​​នេះ​។ ​ក្នុង​ពេល​​ថ្វាយ​​ព្រះ​រាជ​ដំ​ណើរ​​ព្រះមហាក្សត្រ​ និង​​សម្ដេច​ព្រះ​​មហាក្សត្រី ​នៅ​ឯ​​ព្រលាន​យន្តហោះ​​អន្តរជាតិ​​ភ្នំពេញ​​កាល​ពី​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ​​គេ​​សង្កេត​ឃើញ​​មាន ​ព្រះ​​ញាតិវង្សានុវង្ស ​និង​​ថ្នាក់​ដឹកនាំ​​ជាន់ខ្ពស់ ​រដ្ឋាភិបាល​​កម្ពុជា ​រដ្ឋសភា ​និង​​ព្រឹទ្ធសភា ​ដែល​​ក្នុង​នោះ​​រួម​មាន​ លោក ​សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា ​លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​ភរិយា ​និង​​លោក​​ឧបនាយករដ្ឋមន្ត្រី ​ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ផងដែរ​។

​ 

ការ​យាង​​ចាក​ចេញ​​ពី​​ប្រទេស​​កម្ពុជា ​ទៅ​កាន់​​ទីក្រុង​​ប៉េកាំង​​ប្រទេស​​ចិន ​របស់​​ព្រះ​អង្គ​​ទាំង​​ទ្វេ​នេះ ​គឺ​ដើម្បី​ទៅពិនិត្យ​ព្រះរាជសុខភាព​របស់​ព្រះអង្គ។ ប៉ុន្តែ​អ្វី​ជាការ​កត់សំគាល់ ការ​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅពេលនេះ គឺធ្វើឡើង​ចំ​ពេលដែល​រដ្ឋសភា និង ព្រឹទ្ធសភា​​នៃ​ប្រទេស​កម្ពុជា ទើបតែ​បានអនុម័ត​វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្ស​នយោបាយ​​ដ៏​ចម្រូងចម្រាស់។ ជា​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ជា​លើក​ទី២ ដែល​ធ្វើ​ឡើង​​ដោយ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវបាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់ថា មានបំណង​បង្រួម​ផ្លូវ​ដើរ​របស់​គណបក្ស​ប្រឆាំង តាមរយៈ​ការ​ផាត់​រូបលោក សម រង្ស៊ី ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ។

 

កាល​ពី​ពាក់កណ្តាល​សប្តាហ៍​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ថ្វាយ​លិខិត​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះអង្គ កុំ​ឲ្យ​ព្រះអង្គ​ឡាយ​ព្រះ​ហត្ថលេខា​លើ​វិសោធនកម្ម​​ច្បាប់​ថ្មី​នេះ។ ​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​​ជាតិ​​បាន​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​ទទួលបាន​ការ​​ឆ្លើយ​តប​​​ពី​​ព្រះ​មហាក្សត្រ​យ៉ាងណា​នៅឡើយ​ទេ។ ក៏ប៉ុន្តែ​លោក​បាន​ចោទសួរ​ពី​ព្រះ​អវត្តមាន​នៃ​អង្គ​ព្រះ​មហាក្សត្រ​នៅពេលនេះ​ថា គឺ​ហាក់ដូចជា​ការបង្ហាញ​នូវ​ព្រះរាជ​កាយវិការ​មួយ​បញ្ជាក់​ថា ព្រះអង្គ​មិន​គាំទ្រ​វិសោធនកម្ម​ច្បាប់​នេះ​ទេ។ លោក​បណ្ឌិត មាស នី អ្នកសិក្សា​ស្រាវ​ជ្រាវ​​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បាន​កត់សំគាល់ថា ដូច​លើក​មុនៗ​ដែរ ព្រះមហាក្សត្រ​នឹងមិន​ឡាយ​ព្រះ​ហត្ថលេខា លើ​ច្បាប់​ណា ដែលមាន​ភាព​ចម្រូង​ចម្រាស់​​ខ្លាំង​នោះទេ។

 

សូមបញ្ជាក់ថា ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ​និង​សម្តេចព្រះ​មហាក្សត្រី មុនីនាថ សីហនុ ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅពេលនេះ មិនទាន់មាន​ការបញ្ជា​ក់​អំពី​ពេល​វេលា​​ថា ព្រះអង្គ​នឹង​យាង​និវត្តន៍​មកកាន់​កម្ពុជា​វិញ​នៅពេលណា​នៅឡើយ​ទេ។ ក្នុង​ពេល​​ព្រះ​អវត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ​ពី​ប្រទេស​នេះ រាល់​ព្រះរាជកិច្ច​ទាំងឡាយ នឹង​​ធ្លាក់​​ទៅលើ​ប្រមុខរដ្ឋស្តីទី គឺ​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ