អានតួអត្ថបទ
កម្ពុជា-តុលាការ

សាលា​ក្តីខ្មែរក្រហម​គ្រោង​​ថវិកា​​ជាង​​៤៦​​លាន​​ដុល្លារ​​សម្រាប់ពីរ​​ឆ្នាំ​ខាង​មុខ

សាលាក្តី​ខ្មែរ​ក្រហម​​ត្រូវការ​ទឹក​ប្រាក់​ជាង​៤៦​លានដុល្លារ សម្រាប់​ចំណាយ​រយៈ​ពេល​ពីរឆ្នាំ​ ខាងមុខ ពោល ពីឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩​។ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ប្រាប់​វិទ្យុ​បារាំង​ RFI ថា ថវិកា​ដែល​គ្រោង​ចំណាយ​នៅពីរ​ឆ្នាំ​ខាងមុខ​នេះ គឺ​តិច​ជាង​ថវិកា​ដែល​បាន​ចំណាយ​កាលពី២ឆ្នាំកន្លងមក។

@សហការី
ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

ការ​ដែល​តុលាការ​កូន​កាត់​មួយ​នេះ បន្ថយ​ការ​ចំណាយ​នៅ​រយៈពេល​ពីរឆ្នាំ​ខាងមុខនោះ ត្រូវ​បាន លោក នេត ភក្រ្តា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ពន្យល់ថា ​គឺដោយសារ​តែ​សំណុំ​រឿងមួយ​ចំនួន​ត្រូវបាន​បិទ​បញ្ចប់​ទាំងការ​​ស៊ើប​អង្កេត និង​បិទ​បញ្ចប់ទាំង​សវនាការ ខណៈ​សំណុំរឿង​០០៣ និង០០៤​ក៏ត្រូវ​បាន​បិទ​ការ​ស៊ើប​អង្កេត​ដែរ​នោះ​។

បើ​តាម លោក នេត ភក្ត្រា អង្គជំនុំជម្រៈ​វិសមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​ហៅថា​សាលាក្តី​ខ្មែរ​ក្រហម កំពុងតែ​ស្នើ​សុំ​ថវិកា​​សរុបចំនួន ៤៦,១២​លានដុល្លារ សម្រាប់​ចំណាយ​រយៈ​ពេល​ពីរ​ឆ្នាំទៅមុខ​។ ​ក្នុង​នោះ ២៤,៧២​លានដុល្លារ​សម្រាប់​ចំណាយឆ្នាំ​២០១៨ និង ២១,៤០​លាន​ដុល្លារ សម្រាប់​ចំណាយ​ឆ្នាំ​២០១៩​។​

គម្រោង​ថវិកានេះត្រូវ​ដាក់​ស្នើ​សុំ​ការ​អនុម័ត​ពីក្រុម​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗរួមមាន ជប៉ុន ​អាមេរិក បារាំង អង់គ្លេស អូស្រាលី អាឡឺម៉ង់ រួមនឹង​សហភាព​អ៊ឺរ៉ុប។នេះ​ជាបញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ដដែល។

បើ​ទោះបី​ជា​សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប ព្រមាន​ពីការ​ផ្តាច់ជំនួយ​មកកាន់​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​រំលាយគណបក្ស​សង្រ្គោះជាតិ​ក៏ដោយ ប៉ុន្តែ​វាមិនមាន​ការ​បារម្ភ​ចំពោះ​ការ​ផ្តាច់​ជំនួយ​ដល់​សាលាក្តី​ខ្មែរ​ក្រហម​នោះទេ​។ នេះ​ជាការ​អះអាង​របស់ លោក នេត ភក្រ្តា។

សូមបញ្ជាក់ថា ការ​ចំណាយប្រាក់​ខែ​និង​ប្រតិបត្តិការ​របស់​ភាគីកម្ពុជា​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហម​សម្រាប់​ពីរឆ្នាំ​ខាងមុខ​គឺមាន​ជាង​១១លានដុល្លារ​គឺ​តិច​ជាង​ការ​ចំណាយ​របស់ភាគី​អន្តរ​ជាតិ​ក្នុង​ដំណើ​រ​ការ​តុលាការ​កូនកាត់មួយនេះ​។

បើតាម លោក នេត ភក្ត្រា នៅឆ្នាំ​២០១៨ ភាគី​កម្ពុជា​ត្រូវ​ចំណាយ​៥​លាន​ជាង​៧​សែន​ដុល្លារ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​៤​លាន​ដុល្លារ​។

កាល​ពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ សាលាក្តី​ខ្មែរ​ក្រហម ចំណាយ​ទឹក​ប្រាក់​ជិត ​៦០​លាន​ដុល្លា​អាមេរិក​ពោល​ច្រើន​គម្រោង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដែល​គ្រោង​ចំណាយជាង​៤៦​លានដុល្លារ​​។ ទោះជា​យ៉ាងណា​គេ​មិន​ទាន់​ដឹងថា ដំណើរ​ការ​ទៅមុខទៀត សាលាក្តី​ខ្មែរ​ក្រហម​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថវិកា​ទៀត​ឬ​យ៉ាងណាទេ​។​ប៉ុន្តែ​សាលាក្តី​កូនកាត់​មួយនេះ​ក៏​ធ្លាប់​ជួប​ប្រទះ​នឹង​វិបត្តិ​ខ្វះ​ថវិកា​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គ​លិក​​ជាច្រើនដង​មកហើយ ជាពិសេស​ភាគីកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ