កម្ពុជាសង្ឃឹមថានឹងមានស្ថិរភាពតម្លៃស្រូវ អង្ករ ខណៈមានឃ្លាំងស្តុក និងឡសម្ងួត
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន CITIC Construction Co., Ltd កាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញ បានចុះកិច្ចព្រមព្រៀងមួយ សាងសង់ឃ្លាំងស្តុកស្រូវចំនួ១២កន្លែង និងឡសម្ងួតចំនួន១០កន្លែង នៅតាមបណ្តាខេត្តចំនួន១១នៃប្រទេសកម្ពុជា។ វត្តមានឃ្លាំងស្តុក និងឡសម្ងួតស្រូវនេះ នឹងជួយរក្សាស្ថិរភាពតម្លៃស្រូវរបស់កសិករ និងធានាបាននូវប្រិតិបត្តិការស្រូវអង្ករកម្ពុជាឲ្យដំណើរការទៅដោយរលូន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៧
តាមខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd ប្រទេសចិន គឺក្រុមហ៊ុន CITIC Construction Co., Ltd និងក្រុមហ៊ុនហ្គ្រីនត្រេដ នឹងសហការសាងសង់ឃ្លាំងចំនួន១២កន្លែង ដែលមានសមត្ថភាពស្តុកស្រូវ អង្ករសរុប ៨២៧ពាន់តោន និងឡសម្ងួតចំនួន ១០កន្លែង ដែលមានសមត្ថភាពសម្ងួតស្រូវបាន១៣ពាន់តោន ក្នុងមួយថ្ងៃ។
ដោយឡែកឃ្លាំងស្តុក និងឡសម្ងួតដែលនឹងត្រូវធ្វើការសាងសង់ក្នុងគោលដៅស្តុកស្រូវឲ្យបាន១លានតោនក្នុងមួយឆ្នាំនេះ គឺស្ថិតនៅក្នុងខេត្ត ចំនួន១១ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
តាមក្រសួងពាណិជ្ជកម្ម ការសាងសង់ឃ្លាំងស្ដុក និងឡសម្ងួតស្រូវ នៅតាមទីតាំងខេត្តយុទ្ធសាស្ត្រទាំងអស់នេះ គឺជាការដាក់ឲ្យអនុវត្តប្រតិបត្តិការ ដែលមានកិច្ចនាធា ការយកស្រូវអង្ករស្ដុកក្នុងឃ្លាំង ធ្វើជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារឯកជន ហើយនឹងជួយទប់ស្កាត់សកម្មភាពទិញ លក់ បង្ខូចថ្លៃស្រូវរបស់ឈ្មួញទុច្ចរិត ផ្តល់ឱ្យប្រជាកសិករអាចរក្សាទុកស្រូវបានយូរ ដើម្បីលក់តាមតម្លៃសមរម្យ ក៏ដូចជាលទ្ធភាពទទួលបានឥណទាន នៅពេលត្រូវការចាំបាច់។
គម្រោងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករនេះ មិនមានសេវាកិនស្រូវទេ ដើម្បីបង្ការកុំឱ្យមានការប្រកួតប្រជែង ជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។ នៅពេលដំណើរការ ប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវ នឹងមានឡសម្ងួត ឃ្លាំងស្តុក និងទុនបង្វិលបន្ថែម ដើម្បីជួយបន្ថយចំណាយថ្លៃដើម ចាប់ពីដំណាក់កាលប្រមូលផលដល់ដំណាក់កាលលក់អង្ករ។
លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវ អង្ករ កម្ពុជាថ្លែងថាឃ្លាំងស្តុកស្រូវ និងឡសម្ងួត គឺចាំបាច់ និងមានសារៈសំខាន់សម្រាប់កម្ពុជា ដោយហេតុថានៅរដូវប្រមូលផលដោយសារអត់មានឃ្លាំងស្តុក និងឡសម្ងួតធ្វើឲ្យស្រូវកម្ពុជាហូរចេញច្រើន ជាហេតុធ្វើឲ្យខ្វះស្រូវដើម្បីកិនជាអង្ករនាំចេញរយៈពេល៣ឬ៤ខែបន្ទាប់។
សូមបញ្ជាក់ថាប្រទេសកម្ពុជាបានតាំងចិត្តថានឹងនាំអង្ករចេញឲ្យបានមួយលានតោនក្នុងមួយឆ្នាំ ក៏ប៉ុន្តែផែនការនេះត្រូវបរាជ័យ។ ដោយឡែកទីផ្សារសំខាន់របស់អង្ករកម្ពុជានៅពេលនេះ គឺទីផ្សារអឺរ៉ុប ខណៈអឺរ៉ុបបានចាប់ផ្តើមយកពន្ធលើអង្ករកម្ពុជាដែលមានគ្រាប់វែង រួមនឹងទីផ្សារចិនផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ