អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​លើក​​ពេល​​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ និង​​តំណាងរាស្ត្រ​ មក​​ខែ​​កម្ភៈ​

គណបក្ស​ប្រជាន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ជា​ផ្លូវការ​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​បោះឆ្នោត​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​នៃ​អាណត្តិ​ឆ្នាំនីមួយៗមក​ខែ​កម្ភៈ។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ថា ការផ្លាស់ប្តូរ​នេះ​គឺ​គិតពី​ការលំបាក់​របស់​ពលរ​ដ្ឋ។

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនេះ​តទៅ ខែ​កម្ភៈ ឆ្នាំ២០១៧ គឺជា​ខែ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី៤ ហើយ ខែ​កម្ភៈ ឆ្នាំ២០១៨ គឺជា​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី៦។

នេះ​​បើ​តាម​​ការ​បញ្ជាក់​​ពី​​លោក​​សម រង្ស៊ី​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​​បាន​​ថ្លែង​​នៅ​​សហរដ្ឋអាមេរិក​។ លោក​​សម​ រង្ស៊ី​​បាន​​ហៅ​​ការសម្រេច​​នេះ​​ថា ជា​​ស្មារតី​​នៃ​​កិច្ច​ព្រម​ព្រៀង​​នយោបាយ​​ចុង​ក្រោយ​​រវាង​​លោក​ និង​​លោក​នាយក​​រដ្ឋមន្ត្រី​​ហ៊ុន​​ប្រមុខ​​បក្ស​​កាន់​អំណាច​។

ក្រោយ​​​ការ​​ស្រុះ​ស្រួល​​​នយោបាយ​​​រវាង​​​បក្ស​​​ធំ​​​ទាំង​​ពីរ​​ រចនា​​សម្ព័ន្ធ​​​ក្បាល​​ម៉ាស៊ីន​​​គ.ជ.ប​​​ថ្មី​​​ត្រូវ​​បាន​​​បង្កើត​​​ក្រោម​​​សមាសភាព​​៤-៤-១ ​ហើយ​​​រយៈ​​ពេល​​​នៃ​​​ការ​​បោះឆ្នោត​​​ក៏​​ត្រូវ​​​ផ្លាស់​ប្តូ​រ​​ដែរ​​។លោក​ យ៉ែម បុញ្ញឫទ្ធិ​​អ្នក​​នាំ​ពាក្យ​ គណបក្ស​​​សង្គ្រោះ​​ជាតិ​ បាន​​​បញ្ជាក់​​ថា កា​​​​​រ​​ផ្លាស់ប្តូរ​គឺជា
​​ការ​​គិត​​គូរ​​​ការ​​លំបាក់​​​របស់​​​ប្រជាពលរដ្ឋ​​​ដែល​​​កន្លង​​មក​​​តែង​តែ​​​ទៅ​​​បោះឆ្នោត​​​នៅ​​​រដូវ​វស្សា​​។​

តាំង​ពី​​ឆ្នាំ​១៩៩៣​កម្ពុជា​​បាន​សម្រេច​​យក​​កាល​បរិច្ឆេទ​​បោះឆ្នោត​​នៅ​​ចុង​ខែ​​កក្កដា​​នៃ​​អាណត្តិ​នីមួយ​។ ដោយ​ឡែក​​តាំង​ពី​​ឆ្នាំ២០០២​ ការ​បោះឆ្នោត​​ថ្នាក់​ក្រោម​​ជាតិ​ ឬ​​ការ​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ ឃុំ​​ សង្កាត់​ គឺ​​ត្រូវ​ធ្វើ​​ឡើង​​នៅ​​ដើម​​ខែ​មិថុនា​​នៃ​​អាណត្តិ​​ផង​ដែរ​។

សូម​​រំលឹក​​បន្តិច​​ថា លោកនាយក​​រដ្ឋមន្ត្រី​​ហ៊ុន​ សែន ធ្លាប់​បាន​​បង្ហើប​​ថា លោក និង​​លោក ​សម រង្ស៊ី​​ដែល​​បាន​​ពិភាក្សា​គ្នា​​តាម​​ទូរស័ព្ទ​​កាល​ពី​​ថ្ងៃ​ទី៩ ​មេសា ឆ្នាំ២​០១៤ ​គឺ​​បាន​សម្រេច​​គ្នា​​រួច​រាល់​​ហើយ​ ថា​​នឹង​​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ​​រយៈ​​ពេល​​នៃ​​ការបោះឆ្នោត​​ដោយ​​លើក​​មក​​ខែ​កុម្ភៈ ​ប៉ុន្តែ​​ការ​សម្រេច​​រវាង​​លោកនាយក​រដ្ឋមន្ត្រី​​និង​​លោក សមរង្ស៊ី ​កាលណោះ ​មិន​បាន​​សម្រេច​ជា​​លទ្ធ​ផល​​នោះ​ទេ ព្រោះ​​លោក កឹម សុខា​​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ វេតូ​​មិន​​ព្រម។

សូម​បញ្ជាក់​ថា វិបត្តិ​​នយោបាយ​​ដែល​​ហូរ​​ចេញ​ពី​​ការ​មិន​ជឿ​ទុក​ចិត្ត​​លើ​គ.ជ.ប​ បាន​អូស​បន្លាយ​​រយៈប្រមាណ​ជា​​១ឆ្នាំ ទម្រាំ​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ រក​ផ្លូវ​ទំ​លុះ​ទំលាយ​បាន​តាមរយៈ​ការ​សម្បទាន​នយោបាយ និង​ការកែ​ប្រែគ.ជ.ប​ចាស់​ចោល​តែម្តង។

ហើយគ.ជ.ប​ថ្មី​ដែលមាន​សមាសភាព​មក​ពី​បក្ស​កាន់អំណាច​ចំនួន៤ និង​បក្សប្រឆាំង​ចំនួន៤រូប រួមទាំង​សមាសភាព​សង្គម​ស៊ីវិល១រូប​ផង គឺ​ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចក​ទេស​មកពី​សហគមន៍​អ៊ឺរ៉ុប និង​ប្រទេស​ជប៉ុន​លើ​កំណែទម្រង់។ លោក ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា នៅ​ថ្ងៃទី២០ និង២១ ឧសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ជួប​មន្ត្រី​បច្ចេកទេស​របស់​ម្ចាស់ជំនួយ​ទាំងពីរ​ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ នៅ​ឆ្នាំ២០១៧ និង​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៨ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ