អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

បោះ​ឆ្នោត​ជាតិ ៖ ប្រទេស​លោក​សេរី ប្រកាស​មិន​ចូល​រួម​សង្កេតការណ៍ ​ខណៈ​អង្គការ​អន្តរជាតិ រិះគន់​គុណភាព​អ្នក​សង្កេតការណ៍

ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ​នៅ​ថ្ងៃ​ម្សិល​មិញ ​បាន​ប្រកាស​ថា​ ​ ​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ផ្លូវ​ការ​ណា​ម្នាក់ ​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ទេ។​ ​ ចំណែក​អង្គការ​សម្ព័ន្ធ​អាស៊ាន ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​(ANFREL) រិះគន់​ការ​ដាក់​អ្នក​សង្កេតការណ៍​ជាតិ​ជិត ៨​ម៉ឺន​នាក់ និង​អន្តរជាតិ ដើម្បី​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ថា​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។ ជា​ប្រតិកម្ម​ឆ្លើយ​តប គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា មាន​លក្ខណៈ​រើស​អើង និង​បន្តុះ​បង្អាប់ ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

អង្គការ​សម្ព័ន្ធ​អាស៊ាន ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​(ANFREL)
អង្គការ​សម្ព័ន្ធ​អាស៊ាន ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​(ANFREL) @សហការី
ផ្សាយពាណិជ្ជកម្ម

ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥ ខែ​កក្កដា បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​ថា ​ «គ្មាន​ភ្ញៀវ​ ​ឬ​អ្នក​សង្កេត​ការណ៍​ផ្លូវ​ការ​ណា​ម្នាក់​មក​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ទេ»។​ ​ជា​ការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឡើង​ស្រប​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​សហរដ្ឋ​អាមេរិក​ ​តាំង​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ដែល​បាន​សម្ដែង​កង្វល់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​វិវត្ត​ផ្នែក​នយោបាយ​នៅ​កម្ពុជា។

ការ​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល​អាមេរិក នា​ពេល​នេះ ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់ នៅ​ក្នុង​បោះ​ឆ្នោត​នៅ​កម្ពុជា។ ទោះ​បី​ជា​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន ​អះអាង​ថា ជប៉ុន​បាន​បញ្ជូន​អ្នក​ជំនាញ​ជា​ច្រើន​មក​កម្ពុជា ក៏​ដូ​ច​ជា​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ។

សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ចុង​សប្តាហ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន ៨​ម៉ឺន​នាក់ មក​ពី​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង ​អ្នក​សង្កេតការណ៍​អន្តរជាតិ ​ចំនួន​២២០​នាក់ មក​ពី​តំណាង អង្គការ ស្ថាប័ន និង​ប្រទេស​ចំនួន​៥២ ជុំវិញ​ពិភព​លោក ដើម្បីឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​។

យ៉ាង​ណា​ក៏​ដោយ នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​អាស៊ាន​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ហៅ​កាត់​ថា (ANFREL) ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាល​ពី​ថ្ងៃ​អង្គារ បាន​រិះគន់ ការ​ដាក់​អ្នក​សង្កេតការណ៍​ជាតិ​ជិត ៨​ម៉ឺន​នាក់​ថា មិន​អាច​ជឿ​ទុក​ចិត្ត​បាន ដោយ​ថា ពួក​គេ​មាន​ប្រភព​មក​ពី​គណបក្ស​កាន់​អំណាច និង​គ្មាន​ជំនាញ​ច្បាស់​លាស់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាយិកា​អង្គការ ANFREL បាន​ចោទ​សួរ​ពី​សមត្ថភាព និង​ជំនាញ​នៃ​ការ​វាយ​តម្លៃ​បោះ​ឆ្នោត​របស់​ក្រុម​អ្នក​សង្កេតការណ៍​អន្ដរជាតិ ដែល​គ្រោង​មក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ។ និង​ថា​ពួក​គេ​ភាគ​ច្រើន គ្មាន​បទ​ពិសោធន៍​ក្នុង​ការ​សង្កេតការណ៍​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ហៅ​ការ​រិះគន់​របស់​នាយិកា​រអង្គការ ANFREL ថា មាន​លក្ខណៈ​រើស​អើង និង​បន្តុះ​បង្អាប់ ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ លោក​ថា គ.ជ.ប បាន​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត បើ​ទោះ​បី​ពួក​គេ​មិន​ធ្លាប់​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ