អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​មុនៗ​នៅ​កម្ពុជា

ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ដែល​ត្រៀម​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ​នេះ មាន​ចំនួន​២២០​នាក់ មក​ពី​តំណាង អង្គការ ស្ថាប័ន និង​ប្រទេស​ចំនួន​៥២ ជុំវិញ​ពិភព​លោក។ ចំនួន​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​អាណត្តិ​មុនៗ ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ មាន​អ្នក​សង្កេតការណ៍​ចំនួន​២០០​នាក់​ចូល​រួម។

​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​
​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤​ខែ​កក្កដា​ថា ចំនួន​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មាន​ការ​កើន​ឡើង បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​មុនៗ។ ចំនួន​ដ៏​ច្រើន​នេះ​ទំនង​ជា​ដោយ​សារ​តែ​មាន​ការ​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្លែង​ក្លាយ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ចង់​មក​មើល​ដោយ​ផ្ទាល់។

លោក កឹមរ័ត្ន វិសិដ្ឋ គូស​បញ្ជាក់​ថា អង្គការ ស្ថាប័ន​អន្តរជាតិ ដែល​នឹង​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​នេះ មាន​បទ​ពិសោធន៍​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ប្រទេស​ជា​ច្រើន ទូ​ទាំង​ពិភព​លោក។ ក្រោយ​ដំណើរ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត អ្នក​សង្កេតការណ៍​អន្តរជាតិ​ទាំង​នោះ​មាន​សិទ្ធិ​ពេញ​លេញ​នៅ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ និង​ការ​គំរាម​កំហែង​ឡើយ ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា អ្នក​សង្កេតការណ៍​អន្តរជាតិ​ទាំង​២២០​នាក់​នេះ មាន​ប្រភព​មក​ពី​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី-ប៉ាស៊ីហ្វិក (CAPDI) អង្គការ​សមាគម​សភា​អាស៊ី (APA) និង​អង្គការ​សមាគម​អន្តរសភា​អាស៊ាន (AIPA) ​ជា​ដើម។

ចំពោះ​បេសកកម្ម​ដាច់​ដោយ​ឡែក អ្នក​សង្កេតការណ៍​អន្តរជាតិ​ទាំង​នេះ នឹង​មាន​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹក​នាំ​សំខាន់ៗ​របស់​កម្ពុជា​រួម​មាន៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ជា​ដើម។ ក្រៅ​ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ ពួក​គេ​នឹង​បន្ត​ជួប​គណបក្ស​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោម​គណបក្ស​ទាំង​២០​ដែល​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះ។

គួរ​រំឮក​ថា ក្រៅ​ពី​អ្នក​សង្កេត​ការណ៍​ជាតិ​អន្តរជាតិ​ដែល​មាន​ចំនួន​ជាង​២០០ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គជប បាន​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន ៨​ម៉ឺន​នាក់ មក​ពី​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ជា​ដើម។ បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ចំនួន​អ្នក​សង្កេតការណ៍​ជាតិ​មាន​ការ​កើន​ឡើង​ទ្វេ​ដង បើ​ធៀប​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​មាន​អ្នក​សង្កេតការណ៍​ជាតិ​តែ​ចំនួន​ជាង​៤​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ