អានតួអត្ថបទ
កម្ពុជា-នយោបាយ

អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ថា ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តិច​មក​ពី​បរិយាកាស​នយោបាយ

​គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​តុលា គឺ​នៅ​សល់​តែ​៣១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​ ឆ្នាំ​២០១៦ នឹង​ត្រូវ​បញ្ចប់។ ប៉ុន្តែ​ចំនួន​អ្នក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ទើប​បាន​តែ​ជាង​៣០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ចំនួន​អ្នក​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន​រហូត​ដល់​ជាង​១​លាន​នាក់។ អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និយាយ​ថា​ការ​ដែល​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​តិច​អាច​មក​ពី​បរិយាកាស​នយោបាយ តែ​គជប បដិសេធ​ការ​លើក​ឡើង​នេះ។

ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ក្រុុម​ប្រឹក្សា​ឃុំ​សង្កាត់
ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ក្រុុម​ប្រឹក្សា​ឃុំ​សង្កាត់
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖​ អ៊ឹង ប៊ុនថន

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច លោក សំ គន្ធាមី អះ​អាង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​មាន​ចំនួន​តិច​នៅ​ឡើយ។ បញ្ហា​នេះ​ត្រូវ​លោក សំ គន្ធាមី យល់​ថា បណ្តាល​មក​ពី​កត្តា​ព្រឹត្តិការណ៍​នយោបាយ​ថ្មីៗ​នេះ។ ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន បាន​ត្រូវ​បាន​អ្នក​តាម​ដាន​នយោបាយ​នានា​មើល​ឃើញ​ថា បាន​ឡើង​កំដៅ​យ៉ាង​ខ្លាំង ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​នីតិកាល​ទី​៦ នៅ​សល់​ពេល​១​ឆ្នាំ​ទៀត។

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ គជប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ដែល​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​តិច​ដោយ​សារ​ពលរដ្ឋ​ដែល​អត់​ទាន់​ចុះ​ឈ្មោះ​ភាគ​ច្រើន​នៅ​ក្រៅ​ប្រទេស ហើយ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​អាច​ថា​ពួក​គេ​រង់​ចាំ​រហូត​ជិត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ទើប​សម្រុក​មក​ចុះ​ឈ្មោះ។ នេះ​ជា​បទ​ពិសោធន៍​កន្លង​មក។

សូម​បញ្ជាក់​ថា ស្ថិត​ក្នុង​បរិបថ​ចំនួន​អ្នក​ចុះ​បោះ​ឆ្នោត មាន​តិច​ជាង​ការ​រំពឹង​ទុក​នេះ គ.ជ.ប បាន​ស្នើ​ភាគី​អន្ដរជាតិ​ជួយ​ជា​ថវិកា​សម្រាប់​ផ្សព្វ​ផ្សាយ ដើម្បី​ទាក់​ទាញ​ពលរដ្ឋ​ឲ្យ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន។ ហើយ​សហគមន៍​អន្តរជាតិ​បាន​សន្យា​ផ្តល់​ជំនួយ​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កម្ពុជា។

តាម​ទិន្នន័យ​របស់​គ.ជ.ប​គឺ​មាន​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ​និង​អ្នក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទី​លំនៅ ហើយ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​រហូត​ដល់​១​លាន​ជាង​៦​សែន​នាក់​​នៅ​ឆ្នាំ​២០១៧​នេះ។ បើ​តាម លោក ហង្ស ពុទ្ធា ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ម្សិល​មិញ គឺ​មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី​បាន​តែ​៣០​ម៉ឺន​នាក់ ពោល​ស្មើ​នឹង​ជាង​២០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ