អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា​ប្រកាស​មិន​ជួលនា​វាផលិត​ថាម​ពល​អគ្គិសនី​តួក​គី ព្រោះ​រឿង​តម្លៃ និង​មក​មិន​ទាន់​សភាព​ការណ៍​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្រកាស​មិន​ជួល​នាវា​ផលិត​ថាម​ពល​អគ្គិសនី​របស់​ប្រទេស​តួកគី ដើម្បី​ផ្គត់​ផ្គង់​ការ​ខ្វះ​ខាត​អគ្គីសនី​នៅ​កម្ពុជា​នោះ​ទេ​។ លោក​នាយក​រដ្ឋ​មន្រ្តី​ប្រកាស​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ តាម​លោក​ហ៊ុន សែន នេះ​គឺ​មក​ពី​ការ​មក​ដល់​របស់​នាវា​ផលិត​ថាមពល​អគ្គិសនី​របស់​តួក​គី​មិន​ទាន់​សភាព​ការណ៍​ដែល​កម្ពុជា​ត្រូវ​ការ​និង​បញ្ហា​តម្លៃ​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​មក​មិន​ទាន់​សភាពការណ៍​កម្ពុជា និង ការ​ចរចា​មិន​ត្រូវ​គ្នា​លើ​បញ្ហា​តម្លៃ គឺ​ជា​ហេតុផល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​មិន​ជួល​នាវា​ផលិត​ថាម​ពល​អគ្គិសនី​របស់​ប្រទេស​តួកគី​វិញ​។ លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​នាំ​ពាក្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ពី​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​មក​ប្រាប់​យ៉ាង​ដូច្នេះ ហើយ​បន្ថែម​ថា នាវា​ផលិត​ថាមពល​អគ្គិសនី​របស់​ប្រទេស​តួកគី គឺ​ប្រើប្រាស់​រយៈ​ពេល​យូរ​ទម្រាំ​មក​ដល់​កម្ពុជា ហើយ​បញ្ហា​តម្លៃ​ក៏​មាន​កម្រិត​ខ្ពស់​ដែល​មិន​អាច​ទទួល​យក​បាន​។ តាម​លោក​ផៃ ស៊ីផាន រដ្ឋាភិបាល​កម្ពុជា​ចង់​ប្រើ​ប្រាស់​ថវិកា​ចំណាយ​លើ​ការ​ជួល​នាវា​ផលិត​ថាម​ពល​អគ្គិសនី​តួក​គី​ដែល​មាន​តម្លៃ​ថ្លៃ​នោះ មក​ទិញ​ម៉ាស៊ីន​ភ្លើង​ដាក់​នៅ​ទីក្រុង​ភ្នំពេញ​សម្រាប់​ប្រើ​ប្រាស់​រយៈ​ពេល​វែង​ឆ្ងាយ​តទៅ​មុខ​ទៀត​។

ម្យ៉ាង​ទៀត បើ​តាម​លោក​ផៃ ស៊ីផាន គឺ​នៅ​ពេល​នេះ​កម្ពុជា​ទទួល​បាន​ការ​បង្កើន​ការ​ផ្គត់ផ្គង់​បន្ថែម​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​។ ជាក់​ស្ដែង កម្ពុជា​ទទួល​បាន​៥៥​មេហ្គាវ៉ាត់​ពី​ប្រទេស​ថៃ​សម្រាប់​ការ​ផ្គត់​ផ្គង់​បន្ថែម ព្រម​ទាំង​ការ​ស្រូប​យក​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ និង​វៀតណាម​ផង​ដែរ​។ ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​បាន​ការ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ស្ថានីយ៍​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ព្រះអាទិត្យ​២០​មេហ្គាវ៉ាត់ នៅ​តំបន់​ត្មាត​ពង ជិត​ភ្នំ​ប្រសិទ្ធិ បញ្ចូល​មក​បណ្តាញ​អគ្គិសនី​ជាតិ​។

ចំណែក សណ្ឋាគារ និង​រោងចក្រ​ធំៗ​ក៏​បាន​ជួយ​បញ្ចេញ​ម៉ាស៊ីន​ភ្លើង​របស់​ខ្លួន ដើម្បី​បន្ថយ​ការ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី​ថែម​ទៀត​។ ហេតុ​ដូច្នេះ​ហើយ សម្រាប់​លោក​ផៃ ស៊ីផាន គឺ​កម្ពុជា​កំពុង​មាន​ភ្លើង​អគ្គិសនី ២០០​មេ​ហ្គា​សម្រាប់​សម្រួល​ការ​លំបាក​រយៈ​ពេល​ជាង​១ខែ មុន​រដូវ​ភ្លៀង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ថាមពល​អគ្គិសនី​រហូត​ដល់​ទៅ​ប្រមាណ​៤០០​មេហ្គា​វ៉ាត់​។ នេះគឺ​ដោយ​សារ​តែ​នា​រដូវ​ប្រាំង​នេះ កម្ពុជា​ជួប​ប្រទះ​ការ​ក្តៅ​ហួត​ហែង​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​ខែ​មេសា និង​ឧសភា ដែល​កម្តៅ​នឹង​ហក់​ឡើង​ដល់​ទៅ ៤០ ទៅ៤២អង្សា ព្រោះ​តែ​រង​ឥទ្ធិពល​បាតុភូត​អែល​នីណូ (El Nino) ដែល​ធ្វើ​ឲ្យ​វារី​អគ្គិសនី មិន​អាច​ផលិត​ថាម​ពល​បាន​គ្រប់​គ្រាន់​។ ចំពោះ​មុខ​បញ្ហា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យ​ប្រជាពល​រដ្ឋ​អត់​ធ្មត់ និង​ស្នើ​ឱ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ណា​ដែល​មិន​ចាំ​បាច់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ