ចៅក្រមថាសំណុំរឿងសកម្មជនដីបរិស្ថានស្មុគស្មាញ ប៉ុន្តែប្រកាសសាលក្រមនៅថ្ងៃ១កក្កដា
តុលាការខេត្តកោះកុងនៅថ្ងៃទី២៨ មិថុនានេះ បានបិទបញ្ចប់សវនាការរយៈពេលពីរថ្ងៃលើសំណុំរឿងសកម្មជនបរិស្ថានចំនួន៣នាក់ពីបទគំរាមកំហែងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននៅក្នុងស្រុកបុទុមសាគរ។ ក្រោយសវនាការតុលាការបានបញ្ជាក់ថា សំណុំរឿងនេះមានភាពចម្រូងចម្រាស់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៨
សវនាការក្តីក្តាំរវាងក្រុមហ៊ុនបូមខ្សាច់ និងសកម្មជនបរិស្ថានមានភាពស្មុគស្មាញខ្លាំង។ នេះគឺជាការបញ្ជាក់ពីលោក មីន មករា ចៅក្រមនៃតុលាការខេត្តកោះកុងនៅរសៀលថ្ងៃទី ២៨ មិថុនា។ វាជាភាពស្មុគស្មាញ ព្រោះថា ទាំងមេធាវីរបស់សកម្មជនបរិស្ថាន និងមេធាវីការពារក្តីឱ្យក្រុមហ៊ុនបូមខ្សាច់ បូរីយ៉ាតិច បានបង្ហាញភស្តុតាងរៀងខ្លួន។ ក្នុងដំណើរការសវនាការ២ថ្ងៃមកនេះ តុលាការបានសាកសួរនាក់ពាក់ព័ន្ធចំនួន ១៦នាក់ ដែលមានទាំងដើមចោទ ចុងចោទ និងសាក្សី។ ក្រោយចូលស្តាប់សវនាការ លោក អ៊ិន គង់ជិត មន្ត្រីអង្គការលីកាដូប្រចាំខេត្តកោះកុង បានបន្ថែមថា ភាគីក្រុមហ៊ុនព្យាយាមដាក់បន្ទុកយ៉ាងខ្លាំងដល់ក្រុមសកម្មជនបរិស្ថាន ហើយបានទាមទារឱ្យផ្តល់សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។
ក្រោយផ្តល់ចម្លើយនិងភស្តុតាងទៅដល់ចៅក្រម សកម្មជនទាំងបីរូប ដែលជាសមាជិកអង្គការមាតាធម្មជាតិ បានស្នើឱ្យតុលាការផ្តល់ភាពយុត្តិធម៌ចំពោះខ្លួន ខណៈដែលខ្លួនបានប្រឹងប្រែងការពារការបូមខ្សាច់របស់ក្រុមដែលប៉ះពាល់មកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា តុលាការខេត្តកោះកុង បានចាប់ខ្លួនសកម្មជនការពារបរិស្ថានទាំង៣រូប គឺលោក ទ្រី សុវីគា លោក សាន់ ម៉ាឡា និងលោក ស៊ីម សំណាង កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៥ ក្រោយមានបណ្តឹងពីក្រុមហ៊ុន បូរីយ៉ាតិច ដែលទទួលបានសិទ្ធបូមខ្សាច់នៅក្នុងភូមិ អណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង។
ក្នុងសវនាការរយៈពេល២ថ្ងៃមកនេះ ក្រុមគ្រួសារ និងប្រជាពលរដ្ឋជាច្រើនរូបដែលគាំទ្រសកម្មជនទាំងបីរូប បានឈរហាលភ្លៀងលើកបដាស្នើឱ្យមានការដោះលែងសកម្មជនទាំងបីរូបនោះ។ សកម្មជនទាំងបីរូបដែលពួកគេអះអាងថា គឺជាអ្នកការពារផលប្រយោជន៍ឱ្យអ្នកភូមិដែលរងផលប៉ះពាល់ដោយការបូមរបស់ក្រុមហ៊ុន ដែលបណ្តាលឱ្យបាក់ច្រាំង និងបំផ្លាញបរិមាណត្រីជាដើម។
សង្គមស៊ីវិលជាច្រើននៅកម្ពុជាបានស្នើតុលាកាខេត្តកោះកុងដោះលែងសកម្មជនបរិស្ថានទាំងបីរូបនេះ ហើយទម្លាក់ចោលការចោទប្រកាន់។ យ៉ាងណាមិញ ដោយសារសំណុំរឿងនេះ ស្មុគស្មាញតុលាការខេត្តកោះកុងនឹងប្រកាសសាលក្រមនៅថ្ងៃសុក្រ ទី១ កក្កដាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ