អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

១ឧសភា លើកទឹក​ចិត្ត​​ដល់​​សហជីព​​កម្មករ​​ក្នុង​ការ​​ទាមទារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​​រៀងរាល់​ឆ្នាំ​​សហជីព​​​កម្មករ​ និង​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នានា​​នៅ​​ប្រទេស​​កម្ពុជា​​តែង​​ប្រារព្ធ​ ទិវា​​ពលកម្ម​​អន្តរជាតិ​​ថ្ងៃ​១ឧសភា ​ប្រយោជន៍​​ដើម្បី​​ផ្ញើរ​សារ​​ទៅ​​និយោជក​​ក៏​ដូចជា​​រដ្ឋាភិបាល​​នូវ​​ចំណុច​​ទាមទារ​​ជា​​គន្លឹះ​​មួយ​ចំនួន។​ តាម​រយៈ​​ថ្ងៃ​១​ឧសភា​​នេះ ​ក្រុម​​សហជីព​​កម្មករ​​យល់ថា​ ការ​តវ៉ា​​របស់​​ពួកគេ​​ត្រូវ​បាន​​យកចិត្ត​ទុកដាក់​​ផង​ដែរ​ ​ពី​​សំណាក់​​អ្នក​វិនិយោគ ​និង​​រដ្ឋាភិបាល​ ដោយសារ​តែ​​ការ​ទាមទារ​​មួយ​ចំនួន​​បាន​​ស្តែង​ចេញ​​មក​វិញ​​នូវ​​លទ្ធផល​​ជា​​វិជ្ជ​មាន​ បើ​​ទោះ​​ណា​​ជា​​មិនបាន​១០០​ភាគរយ​​ក៏​ដោយ​។

តំណាង​​សហជីព​ ចូល​រួម​​ប្រជុំ​​ផ្ដល់​​យោបល់ ​និង​​អនុម័ត​​សំណើ​រ​រួម​​របស់​​សហជីព​ ទៅ​​លើ​​សេចក្ដី​ព្រាង​​ច្បាប់​ស្ដី​​ពី​​សហជីព​ នា​ពេល​កន្លង​មក​។​
តំណាង​​សហជីព​ ចូល​រួម​​ប្រជុំ​​ផ្ដល់​​យោបល់ ​និង​​អនុម័ត​​សំណើ​រ​រួម​​របស់​​សហជីព​ ទៅ​​លើ​​សេចក្ដី​ព្រាង​​ច្បាប់​ស្ដី​​ពី​​សហជីព​ នា​ពេល​កន្លង​មក​។​ រូបភាព​ពី​សហភាព​ការងារ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ១ឧសភា គឺជា​ទិវា​ពលកម្ម​អន្តរជាតិ ដែល​មនុស្សម្នា​នៅលើ​ពិភពលោក​នាំគ្នា​អបអរសាទរ
ទិវា​នេះ ។​​ នៅ​ប្រទេស​កម្ពុជា ១ឧសភា​ឆ្នាំ២០១៥នេះ ត្រូវបាន​ភាគី​រដ្ឋាភិបាល​ដែលជា​ភាគី​កំណត់​មូលដ្ឋាន​ច្បាប់​នៃ​ការអនុវត្ត​សិទ្ធិ​ការងារ និង​ភាគី​អង្គការក្រៅរដ្ឋាភិបាល​រួមមាន​អង្គការ​សហជីព​ដែល​តែងតែ​ធ្វើការ​ទាមទារ​សិទ្ធិ​ពី​រដ្ឋាភិបាល បាន​ប្រារព្ធ​ពិធី​នេះ ដូចៗគ្នា ក៏ប៉ុន្តែ​គោលដៅ​ដែល​ចង់បាន​គឺ​មិន​ដូចគ្នា​ទេ។

ជាទូទៅ​ការ​ប្រារព្ធ​ធ្វើ​ទិវា​អន្តរជាតិ​នៃ​ការងារ១ឧសភា​នៅថ្ងៃនេះ គឺ​មិនមែន​ធ្វើ​ដើម្បី​ធ្វើ​នោះទេ។ ទិវា​ដែលមាន​ការទទួលស្គាល់​ជាស​កល ហើយ​កម្ពុជា​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​មួយចំនួន​ផង​នោះ បាន​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​កម្មករ និងនិ​យោ​ជិ​ក។ ក្រុម​អ្នក​សហជីព​ការងារ​តែង​លើកឡើងថា​ថ្ងៃ១ឧសភា​គឺជាថ្ងៃដ៏សំខាន់​ក្នុងការប្រមូលផ្តុំ​គ្នា​ផ្ញើរ​សារ ដែល​ពួកគេ​ចង់បាន​ទៅកាន់​មេដឹកនាំ​រដ្ឋ​ឲ្យ​មានការ​ពិចារណា និង​ដោះស្រាយ​ជូន​ពួកគេ។

ជាការ​ពិត ​​​ការទាមទារ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ និង​ដេរ​ស្បែកជើង ​ជា​ឧទាហរណ៍​ស្រាប់។កាលពី​ទសវត្ស​ឆ្នាំ៩០នៅពេលដែល​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ដំណើរការ
រោងចក្រ​កាត់ដេរ​ដំបូង។ ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​នៃ​វិស័យនេះ មាន​ត្រឹមតែ២៥ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។ រីឯ​ការអនុវត្ត​ច្បាប់​ការងារ​វិញ​កាលណោះ ស្ថិតនៅក្នុង​កំរិត​មួយ​ដែល   ភាគី​ទាំងសងខាង​មានការ​គោរព​និង​យល់ដឹង​ទាប។

ភាគី​និយោជក​ដែល​ទើបតែ​ចូលមក​វិនិយោគថ្មីៗ លើ​ដែនដី​ដែល​គេ​យល់ថា​អាច​ចំណេញ​លើ​គោក​ នោះ​រង​ការប៉ះទង្គិច​ជា​ញឹកញាប់​ជាមួយនឹង​ម្ចាស់​ស្រុក​ដែល​ទើបតែ​សង្ឃឹមថា​មាន​ការ​ងារ​ធ្វើ​ល្អ​មួយ​ដែល​អាច​ចិញ្ចឹម​ខ្លួន​បានជា​ពិសេស​ទៅលើ​បញ្ហា​ប្រាក់ខែ​និង​លក្ខខណ្ឌ​ការងារ​មួយចំនួនទៀត។ ក៏ប៉ុន្តែ​ស្ថានភាព​ប្រាក់ខែ​នេះ មានកា​រវិ​វ​ត្តិ​ជា​បន្តបន្ទាប់ គឺ​ដោយសារ​តែមាន​ការតវ៉ា ហើយ​ត្រូវបាន​ដាក់បញ្ចូល​ជា​រៀងរាល់ឆ្នាំ​ទៅក្នុង​ញត្តិ​ទាមទារ​តាមរយៈ​ទិវា​អន្តរជាតិ​ថ្ងៃ១ ឧសភា​នេះ​តែម្តង។

មានការ​ទទួលស្គាល់​ពី​អ្នក​សហជីព​ថា ថ្ងៃ១ឧសភា​នេះ​គឺជា​ថ្ងៃ​កំដៅ​សាច់ដុំ​មួយ​របស់​កម្មករ​ក្នុងការ​ចាប់ផ្តើម​បំពេញការងារ និង​ជា​ព្រឹត្តិការណ៍​លើកទឹកចិត្ត​មួយ​ក្នុងការ​ទាមទារ​លក្ខខណ្ឌ​សមស្រប​ណាមួយ​បន្ថែមទៀត​ស្របទៅតាម​បរិបទ​ការងារ​ដែលមាន​ការវិវត្ត​នាពេល​បច្ចុប្បន្ន។

ទោះជា​មានការ​ពេញចិត្ត​ឬ​មិន​ពេញចិត្ត​យ៉ាណា​ក៏ដោយ ត្រូវគេ​មើលឃើញថា​រដ្ឋាភិបាល​និង​ថៅកែ​រោងចក្រ​នៅ​កម្ពុជា ចាំបាច់​ត្រូវមាន​ការទទួលយក​ជាប​ន្ត​បន្ទាប់​នូវ​គោល​គំនិត និង​ការ​ចង់បាន​របស់​កម្ម​ករ​និ​យោ​ជិ​ក។ ដូចជា​ប្រាក់ខែ​កម្មករ​បាន​ឡើង​ស្រឺតៗរយៈពេល​បី​ទសវត្ស​កន្លងទៅនេះ រហូតដល់១២៨ដុល្លារ​ក្នុង​មួយខែ បូករួម​ទាំង​ប្រាក់​បន្ថែម​ម៉ោង និង​ប្រាក់​បន្ទាប់​បន្សំផ្សេងៗទៀត​ដែល​ទាមទារ​បាន​នោះ គឺ​នៅក្នុង​កំរិត​មួយ​ដែល​បង្ហាញ​ពី​ការមើលឃើញ​ពី​អ្នក​ដែល​ទទួលផល​ដោយ​កំលាំង​កម្មករ​ផងដែរ។

ដោយឡែក​រដ្ឋាភិបាល​វិញ​ត្រូវគេ​កត់សម្គាល់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ថា បានធ្វើ​អន្តរាគមន៍​ជាច្រើន​ទៅលើ​ភាពចម្រូងចម្រាស់​លើ​បញ្ហា​ប្រាក់ខែ និង​ការទាមទារ​លក្ខខណ្ឌផ្សេងៗទៀត​របស់​កម្មករ​និ​យោ​ជិ​ក។ គេ​អាច​និយាយបានថា​ជា​ពេលវេលា​ដ៏​សំខាន់​របស់​រដ្ឋាភិបាល ក្នុង​ការ​ស្វែងរក​ការគាំទ្រ​ពី​កម្មករ​និ​យោ​ជិ​ក។ ហេតុ​ដូច្នេះហើយ ស្ថានភាព​ការងារ​ដែល​ប្រសើ​រ​ជាង​មុន ប្រាក់ខែ​ខ្ពស់ជាង​មុន​របស់​កម្មករ​និ​យោ​ជិ​ក រួមផ្សំ​នឹង​ចរន្ត​សកលភាវូបនីយកម្ម​ដែល​តម្រូវ​ដល់​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ផង​នោះ គឺ​មិនអាច​កាត់ផ្តាច់​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​បាន​​ទេ។

ទោះជា​​អ្នក​​ទាមទារ​និង​អ្នក​ជួយ​ដោះស្រាយ ឬ​អ្នក​ផ្តល់ជូន នៅ​មិនទាន់​ខិតជិត​គ្នា​មែនទែន​នោះ ក៏ប៉ុន្តែ​វា​បង្ហាញ​នូវ​សុខដុម​នីយកម្ម​នៃ​វិស័យ​ការងារ ពោលគឺ​មានការ​កាត់បន្ថយ​ការ​ប្រឈម​មុខ​ដាក់គ្នា។​​​ ភាគី​ទាំងសងខាង​ចាប់ផ្តើម​ស្គាល់​ច្បាប់​កាន់តែ​ច្រើនឡើង ហើយ​បង្ហាញ​​នូវ​វប្បធម៌​និយាយស្តី​រកគ្នា​ប្រកបដោយ​ឬ​ក​ពារ​ទន់ភ្លន់​រវាង​និយោជក​និង​និ​យោ​ជិ​ក ខុស​ពី​ប៉ុន្មាន​ទសវត្ស​មុន។

ដូច្នេះ​ការលើកឡើង​នូវ​ចំណុច​ចង់បាន​នានា​របស់​កម្មករ​និ​យោ​ជិ​ក តាមរយៈ​ថ្ងៃបុណ្យ​ការងារ​១ឧសភា វា​ឆ្លុះបញ្ចាំង​នូវ​ការវិវត្ត​មួយ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវតែមាន​ការពិចារណា និង​ចូលរួម​ដោះស្រាយ បើ​ទោះណាជា​ការដោះស្រាយ​នោះ​ទទួលបាន​លទ្ធផល​ក្នុង​កំរិត​ណា​​មួយ​ក៏​ដោយ។ ពិតណាស់​លទ្ធផល​វិជ្ជមាន​ដែល​ប្រកាស​ចេញ​ដោយ​ក្រសួង​ការងារ​កម្ពុជា​ជាបន្តបន្ទាប់ ទាក់ទង​ទៅនឹង​ការចរចារ​​ប្រាក់​ឈ្នួល​ត្រីភាគី ការជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារកន្លងមកក៏ដូចជាបច្ចុប្បន្នគឺជាការប្រជែងគ្នាយកប្រជាប្រិយភាព​រវាង​សហជីព​​​កម្មករ​និង​រដ្ឋាភិបាល ក៏ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយចុះ​អត្ថប្រយោជន៍ ត្រូវគេ​មើល​ឃើញថា​បាន​ដល់ក​ម្មករ​និយោជក​ខ្មែរ​ជាបណ្តើរៗហើយ នេះ​គេ​មិន​និយាយ​ដល់​ការសន្យា​របស់​រដ្ឋាភិបាល តម្លើង​ប្រាក់បៀវត្ស​ន៍​ដល់​មន្ត្រីរាជការ​រហូត​ដល់១លាន​រៀល​នៅ​ឆ្នាំ​២០១៨​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ