អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធនធាន​ទឹក៖ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ ត្រូវ​ការ​ ១២​ម៉ោង​ទៀត​នឹង​ធូរស្រាល

រយៈពេល​ ២​ថ្ងៃ​ហើយ ដែល​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​គំរាម​កំហែង​ការ​លិច​លង់​លំនៅ​ស្ថាន​របស់​ប្រជាពលរដ្ឋ ស្ថិត​នៅ​ខេត្ត​ភាគ​ខាង​លិច និង​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ។ ជំនន់​ទឹក​ភ្លៀង ដែល​បាន​ហូរ​ត្របាញ់​ពី​ស្ទឹង​ព្រែក​ត្នោត​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​បណ្តាល​ឲ្យ​បាក់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​មួយ​កន្លែង តែ​មិន​បង្ក​ឲ្យ​លិច​លង់​ធ្ងន់ធ្ងរ​នោះ​ទេ។ ប្រឈម​នឹង​បញ្ហា​នេះ រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ទឹក បាន​សម្រេច​ផ្អាក​ដំណើរ​ចុះ​បំពេញ​បេសកកម្ម​ទៅ​កាន់​ខេត្ត​ភាគ​ខាង​ជើង ដើម្បី​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ។

រយៈពេល ២ថ្ងៃហើយ ដែលជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ បានគំរាមកំហែងការលិចលង់លំនៅស្ថានរបស់ប្រជាពលរដ្ឋ ស្ថិតនៅខេត្តភាគខាងលិច និងភាគខាងត្បូងរាជធានីភ្នំពេញ។
រយៈពេល ២ថ្ងៃហើយ ដែលជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ បានគំរាមកំហែងការលិចលង់លំនៅស្ថានរបស់ប្រជាពលរដ្ឋ ស្ថិតនៅខេត្តភាគខាងលិច និងភាគខាងត្បូងរាជធានីភ្នំពេញ។
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៧​ តុលា រហូត​ដល់​ថ្ងៃ​ទី​ ១៨​តុលា​នេះ ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក​ និង​ឧត្តុនិយម ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​រដ្ឋ​មន្រ្តី​លឹម គានហោ បាន​ចុះ​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​ទប់​ទឹក ដើម្បី​បញ្ជៀស​ពី​ការ​លិច​លង់​នៅ​តំបន់​ភាគ​ខាង​លិច និង​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ។

អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧត្តុ​និយម លោក ចាន់ យុត្ថា បាន​បញ្ជាក់​ថា គេ​ត្រូវ​ការ​ពេល​ ១២​ម៉ោង​ទៀត ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខាង​លិច​ និង​ខាង​ត្បូង​រាជធានី​ភ្នំពេញ​ធូរស្រាល​មក​វិញ ក្រោយ​ពី​ការ​ចុះ​អន្តរាគមន៍​រំដោះ​ទឹក និង​ការ​បង្វែរ​ទិស​ទឹកហូរ​ពី​ទំនប់​បង្ហៀរ​ព្រែក​ត្នោត​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នេះ។ លោក ចាន់ យុត្ថា បាន​បញ្ជាក់​ថា ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់​ស្ពឺ គឺ​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ក្នុង​រយៈ​ពេល​ ២​ថ្ងៃ​ជាប់​ៗ​គ្នា ក្នុង​បរិមាណ​ជាង​ ២០០​ទៅ​ ២៣០​មីលីម៉ែត្រ ដែល​ជា​កម្រិត​ធ្ងន់ធ្ងរ​មួយ​ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​ស្ទឹង​ព្រែក​ត្នោត​កើន​ឡើង​យ៉ាង​គំហុក ហើយ​បណ្តាល​ឲ្យ​លិច​ស្រុក ចំនួន ៤ និង​ក្រុង​ចំនួន ១​នៃ​ខេត្ត​កំពង់​ស្ពឺ។ របាយការណ៍​បឋម មាន​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាង​ ៣០០​ហិចតា បាន​លិច​លង់ តែ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ពី​ករណី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​ ១៧​តុលា​ម្សិលមិញ រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម លោក លឹម គានហោ បាន​សម្រេច​ផ្អាក​ដំណើរ​បំពេញ​បេសកកម្ម​ចុះ​ទៅ​កាន់​ខេត្ត​កំពង់​ធំ សៀមរាប បន្ទាយ​មាន​ជ័យ និង​ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​មក​ជួយ​អន្តរាគមន៍​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់​ស្ពឺ ដោយ​បាន​បន្ត​ចុះ​ពិនិត្យ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ការ​ពង្រឹង​តួ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ផ្នែក​ខាង​លើ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កណ្តាល និង​ផ្នែក​ខាង​ក្រោម​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ដោយ​បិទ​រន្ធនាគ​មិន​ក្រោម​ ៣០​កន្លែង​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ លោក ចាន់ យុត្ថា បាន​បញ្ជាក់ថា ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ភាគ​ខាង​លិច និង​ខាង​ត្បូង​រាជធានី​ភ្នំពេញ​នេះ នឹង​ធូរស្រាល​ឡើង​វិញ​នៅ​ ១២​ម៉ោង​ខាង​មុខ បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ថែម។ ក្រៅ​ពី​ខេត្ត​កំពង់​ស្ពឺ ជំនន់​ទឹក​ភ្លៀង​ក៏​កំពុង​ធ្វើ​ឲ្យ​លិច​លង់​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ។

គួរ​ជម្រាប​ជូន​ថា ជំនន់​ទឹក​ភ្លៀង​កាល​ពី​ឆ្នាំ​ ២០១៣​នៅ​កម្ពុជា បាន​បណ្តាល​ឲ្យ​ខេត្ត​ចំនួន ២០​រងការ​លិច​លង់ នឹង​ប៉ះពាល់​ដល់​គ្រួសារ​ចំនួន ១​លាន​ ៧​សែន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ