អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រៀម​ខ្លួន​រួចរាល់​ហើយ ​ដើម្បី​ធ្វើការ​ជាមួយ​អ្នក​បច្ចេកទេស​ផែន​ទី​បារាំង​

ការ​​ស្នើ​​របស់​​ភាគី​​កម្ពុជា​​និង​​ឡាវ ​​ទៅ​​ប្រទេស​​បារាំង ​​ដើម្បី​​សុំ​​ឲ្យ​​បារាំង​​ផ្តល់​​ជំនួយ​បច្ចេកទេស​​ទាក់ទង​​ទៅ​នឹង​​បញ្ហា​​ផែន​​ទី​​រវាង​​ប្រទេស​​ទាំង​ពីរ​​ពេល​​នេះ ​​បារាំង​​យល់ព្រម​ហើយ​​។ ​​ការ​​ទទួល​​ចំ​លើយ​​ជា​​វិជ្ជមាន​​ពី​​ប្រទេស​​បារាំង​​នៅ​ពេល​នេះ ​​បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​កម្ពុជា​​និង​​ឡាវ​ ​​​ព្រម​ព្រៀង​​គ្នា​​កាល​​ពី​​ដើម​​ខែ​​កញ្ញា ​​ធ្វើ​​លិខិត​​ស្នើ​​ទៅ​​រដ្ឋាភិបាល​​បារាំង ​សុំ​អ្នក​​ជំនាញ​​ជួយ​​ប្តូរ​​ខ្នាត​​ផែន​ទី​​ប្រទេស​​ទាំង​​ពីរ ​ពី​​ខ្នាត​​១​​លើ​​១០០​​ពាន់ ​​មក​​ខ្នាត​១​​លើ​​៥០​​ពាន់​​​វិញ​​។

លោក​ស្រី កុយ ពិសី អនុ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា ចុះ​ត្រួត​ពិនិត្យ​ការងារ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ព្រៃវែងកន្លងទៅ
លោក​ស្រី កុយ ពិសី អនុ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា ចុះ​ត្រួត​ពិនិត្យ​ការងារ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ព្រៃវែងកន្លងទៅ រូបភាព៖ ទំព័រ​ហ្វេសប៊ុក​លោក​ស្រី កុយ ពិសី
ផ្សាយពាណិជ្ជកម្ម

«​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​អោយ​ដឹងថា ​រដ្ឋាភិបាល​បារាំង​បាន​យល់​ព្រមអោយ​អ្នក​ឯកទេស​មក​ជួយ​រឿង​ផែនទី​កម្ពុជា​-​ឡាវ​ហើយ​»​។ ​នេះ​ជា​ការ​លើកឡើង​របស់​លោក​ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​នៅ​ថ្ងៃ​នេះ​។ ​ដោយ​ឡែក ​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៃ​ការ​បញ្ជូន​អ្នក​បច្ចេកទេស​បារាំង​ជំនាញ​ផែនទី ​គេ​មិនទាន់​បាន​ដឹង​ប្រាកដ​នៅឡើយ​ទេ​។

លោក​ស្រី ​កុយ ពិសី ​អនុ​ប្រធាន​គណៈកម្មាធិកា​រ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ ថា ​លោកស្រី​នៅ​មិនទាន់​បាន​ឃើញ​លិខិត​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ​ក៏ប៉ុន្តែ​លោក​ស្រី​យល់​ថា​វា​ជា​ដំណឹង​រីករាយ ​ដែល​រដ្ឋាភិបាល​បារាំង​បាន​ឆ្លើយតប​ដោយ​វិជ្ជមាន​ បំពេញ​បំណង​និង​សេចក្តី​ត្រូវការ​របស់​ប្រទេស​កម្ពុជា​និង​ឡាវ ​ដែល​ស្នើ​សុំ​បារាំង​ឲ្យ​ជួយ​។

អនុ​ប្រធាន​គណៈកម្មាធិកា​រ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​រូប​នេះ ​បាន​អះអាង​ថា​ភាគី​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​ដើម្បី​ធ្វើ​កិច្ច​សហការ​ជាមួយ​អ្នក​បច្ចេកទេស​ផែនទី​បារាំង​។ លោកស្រី​ពន្យល់​ថា ​កម្ពុជា-​ឡាវ ​ត្រូវ​បន្ត​ជជែក​គ្នា​បន្ថែម​ទៀត​លើ​បែបបទ​បច្ចេកទេស ដើម្បី​ព្រមព្រៀង​គ្នា​ឲ្យ​អ្នក​ជំនាញ​បារាំង​ជួយ​បញ្ហា​ផែនទី​នេះ ​លើ​តួនាទី​និង​ភារកិច្ច​អ្វី​ខ្លះ​។

សូម​រំលឹក​ថា ​កាលពី​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៧ ​កន្លង​ទៅ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​ក៏​ដូចជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ​កម្ពុជា-ឡាវ ​បាន​ឯកភាព​គ្នា​ទៅលើ​ពង្រាង​លិខិត ​ដាក់​ជូន រដ្ឋាភិបាល​បារាំង​ ដើម្បី​សុំ​អ្នក​ជំនាញ​មក​ជួយ​ប្តូរ​ខ្នាត​ផែនទី​កម្ពុជា​ពី​ខ្នាត​១​លើ​១០០​ពាន់ ​មក​ខ្នាត​១​លើ​៥០​ពាន់​វិញ​។ ​ការ​ស្នើសុំ​នេះ ​បានធ្វើ​ឡើង ​បន្ទាប់ពី​ប្រទេស​ទាំង​ពីរ ជួប​នូវ​ភាព​ចំរូង​ចំ​រះ​នឹង​គ្នា ​ខណៈ ​ឡាវ​បាន​ដាក់​កងទ័ព​ចូល​មក​លើ​ទឹកដី​កម្ពុជា​នៅ​តំបន់​អូរ​អាឡៃ ​ស្រុក​សៀម​ប៉ាង ​ខេត្ត​ស្ទឹងត្រែង ​ហើយ​ក៏​ត្រូវ​កម្ពុជា​ស្នើ​ឲ្យ​ដក​ទៅវិញ​ទាំង​អស់​កាលពី​ខែ​សីហា ​កន្លងទៅ ​នៅ​ពេល​មាន​សំណើ​ពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

សូម​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ឡាវ​ប្រវែង​៥៤០​គីឡូម៉ែត្រ ​ហើយ​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ​១៤៥​បង្គោល​។​បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​បាន​ចំនួន ​១២១​បង្គោល​រួច​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ