អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​នៅ​តែ​ប្រើ​យន្តការ​សម្រប​សម្រួល ករណី​កម្មករ​៣​រោងចក្រ​ផ្ទុះ​ការ​តវ៉ា​មក​ដល់​ថ្ងៃ​នេះ​

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ករណី​កម្មករ​​ចំនួន​៣​រោងចក្រ​ផ្ទុះ​ការ​តវ៉ា​ព្រមៗ​គ្នា​ច្រើន​ថ្ងៃ​មក​នោះ គណៈកម្មាធិការ​ដោះ​ស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ​កំពុង​តែ​ធ្វើ​ការ​សម្រប​សម្រួល​តាម​យន្តការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ របស់​មន្រ្តី​រដ្ឋាភិបាល គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​មុខ​ការ​បន្ត​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត ​របស់​កម្មករ ប្រមាណ​ជាង​៣០០​នាក់ នៅ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​នេះ។

​រោង​ចក្រ​ដែល​កម្មករ​ផ្ទុះ​បាតុកម្ម​ទាម​ទារ​ប្រាក់​សំណង​ ខណៈ​ថៅកែ​រត់​ចោល
​រោង​ចក្រ​ដែល​កម្មករ​ផ្ទុះ​បាតុកម្ម​ទាម​ទារ​ប្រាក់​សំណង​ ខណៈ​ថៅកែ​រត់​ចោល @សហការី
ផ្សាយពាណិជ្ជកម្ម

លោក វង្ស សុវណ្ណ អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ដោះ​ស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម គ្រប់​មុខ​សញ្ញា បានប្រាប់​វិទ្យុ​បារាំង​RF​Iថា ការ​ដែល​គណៈកម្មាធិការ​ដោះ​ស្រាយ​វិវាទ​កំពុង​តែ​ធ្វើ​ការ​សម្រប​សម្រួល​នោះ គឺ​ធ្វើ​ទៅ​តាម​សំណើ​របស់​កម្មករ​ដែល​មិន​ចង់​ឲ្យ​ប្តឹង​ទៅ​កាន់​តុលាការ។

បើ​តាម​លោក វង្ស សុវណ្ណ ប្រសិន​បើ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ទេ​គឺ​មាន​តែ​ប្តឹង​ទៅ​តុលាការ​ដើម្បី​លក់​ឡាយ​ឡុង​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​មក​ទូទាត់​សង​កម្មករ។​​

​សូម​បញ្ជាក់​ថា កម្មករ​ប្រមាណ​ជាង​៣០០​នាក់ មក​ពី​រោង​ចំនួន​៣ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មក​ប្រមូល​ផ្តុំ​គ្នា បន្ត​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត​នៅ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ ខណៈ​ដែល​ថៅកែ​ចិន​ជា​ម្ចាស់​រោងចក្រ​រត់​ចោល ហើយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ជូន​ពួក​គេ។

រោងចក្រ​ទាំង​៣​ដែល​ថៅកែ​ចិន​រត់​ចោល​នោះ គឺ​រោងចក្រ យូ​ដា​អ៊ិន​ដាស់ មាន​កម្មករ​សរុប​៤៩២​នាក់។ រោងចក្រ អេស អ អ៊ី​ហ្គា​មេន មាន​កម្មករ​សរុប​៣៧៧​នាក់។ រោងចក្រ អី ហ្វា មាន​កម្មករ​៧២០នាក់ ។

បើ​តាម លោក វង្ស សុវណ្ណ ថៅកែ​រោងចក្រ​ទាំង​៣ គឺ​មាន​ម្ចាស់​តែ​មួយ​ជា​ជន​ជាតិ​ចិន ដែល​ក្រុម​ហ៊ុន​នីមួយៗ​មាន​ការ​ទទួល​ខុស​ត្រូវ​ដាច់​ពី​គ្នា។ រោងចក្រ​ទាំង​នេះ ​ក៏​ធ្លាប់​បាន​ព្យូរ​កាងារ​កម្មករ​នា​ពេល​កន្លង​មក​ដែរ ដោយ​អះអាង​ថា​អស់​អ្នក​បញ្ជា​ទិញ។ នេះ​បើ​តាម​ លោក វង្ស សុវណ្ណ។

គួរ​រំលឹក​ដែរ កម្មករ​ប្រហែល ២​ពាន់​នាក់ ​​នៃ​រោងចក្រ​ទាំង​៣​នោះ បាន​ផ្ទុះ​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ បន្ទាប់​ពី​ពួក​គេ​បាន​ឃើញ​មាន​ការ​ដឹក​ជញ្ជូន​សម្ភារៈ​ចេញ​ពី​រោង​ចក្រ និង​បាត់​វត្តមាន​អ្នក​គ្រប់​គ្រង​រោងចក្រ។
ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ពួក​គេ​បាន​នាំ​គ្នា​ដេក​យាម​រោងចក្រ ចាប់​តាំង​ពី​ថ្ងៃ​ផ្ទុះ​ការ​តវ៉ា ដោយ​បារម្ភ​ខ្លាច​ថៅ​កែ​លួច​ដឹក​សម្ភារៈ​នៅ​សេស​សល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ