អានតួអត្ថបទ
កម្ពុជា-នយោបាយ

កម្ពុជា​ប្រតិកម្ម​នឹង​លោក​ស្រី ស្មីត ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថ្កោល​ទោស​ចំពោះ​ការ​បំភ័យ​ដល់​អ្នក​មិន​ទៅ​បោះ​ឆ្នោត

ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ម្សិល​មិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​សម្តែង​ការ​សោក​ស្តាយ​ ចំពោះ​ការ​លើក​ឡើង​ចុង​ក្រោយ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក​ស្រី រ៉ូណា ស្មីត។ លោក​ស្រី ស្មីត កាល​ពី​ថ្ងៃ​ទី​២០​កក្កដា តាម​រយៈ​ទំព័រ Twitter លោក​ស្រី​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ថ្កោល​ទោស​ចំពោះ​ការ​បំភិត​បំភ័យ​ ដល់​អ្នក​មិន​ទៅ​បោះ​ឆ្នោត និង​ធានា​ថា​​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ជន​គ្រប់​រូប រាប់ទាំង​អ្នក​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ចូល​រួម​បោះ​ឆ្នោត​ផង​នោះ ត្រូវ​បាន​គោរព​មុន​ការ​បោះ​ឆ្នោត​មក​ដល់។

លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ
លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​ភាសា​អង់គ្លេស​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​ បាន​ចាត់​ទុក​ការ​អំពាវនាវ​របស់​លោក​ស្រី រ៉ូណា ស្មីត ថា​ធ្វើ​ឡើង​ដោយ​លម្អៀង និង​មាន​លក្ខណៈ​បុរេនិច្ឆ័យ មុន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

បើ​តាម​ក្រសួង​ការ​បរទេស​កម្ពុជា ការ​អំពាវនាវ​របស់​លោក​ស្រី ស្មីត ហាក់​ដូច​ជា​ការ​គាំទ្រ​ដល់​យុទ្ធនាការ​របស់​លោក សម រង្ស៊ី និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដទៃ​ទៀត ដែល​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដូច​គ្នា​នេះ​ដែរ។

​​យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បញ្ជាក់​ថា ​កម្ពុជា​មិន​មាន​ច្បាប់​ចែង​ដាក់​ទោស​ទណ្ឌ​ដល់​ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេ។ ក៏​ប៉ុន្តែ​អះអាង​ថា ច្បាប់​បោះ​ឆ្នោត​របស់​កម្ពុជា នឹង​ដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​រារាំង​អ្នក​ដទៃ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។

សូម​រំលឹក​ថា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក​ស្រី​រ៉ូ​ណា ស្មីត កាល​ពី​ថ្ងៃ​ទី​២០​កក្កដា តាម​រយៈ Twitter លោក​ស្រី​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ថ្កោល​ទោស​ចំពោះ​ការ​បំភិត​បំភ័យ​ដល់​អ្នក​មិន​ទៅ​បោះ​ឆ្នោត និង​ធានា​ថា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ជន​គ្រប់​រូប រាប់​ទាំង​អ្នក​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ចូល​រួម​បោះ​ឆ្នោត​ផង​នោះ ត្រូវ​បាន​គោរព​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

លោក​ស្រី ស្មីត លើក​ឡើង​ដូច្នេះ ដោយ​អះអាង​ថា​លោក​ស្រី​ទទួល​បាន​របាយការណ៍​នានា​របស់​តំណាង​រដ្ឋាភិបាល​ដែល​លើក​ឡើង​ថា ការ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​គឺ​ខុស​ច្បាប់ ហើយ​ថា​អាច​នឹង​មាន​ការ​ដាក់​ពិន័យ​លើ​មនុស្ស​ ដែល​ផ្ញើ​សារ​អំពី​ការ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ ឬ​ការ​ធ្វើ​ពហិការ​មិន​បោះ​ឆ្នោត ។ ជាមួយ​គ្នា​នេះ លោក​ស្រី​ក៏​ព្រួយ​បារម្ភ​ផង​ដែរ​លើ​របាយការណ៍​ដែល​ថា​អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​ដក​ហូត​សេវា​សាធារណៈ​ពី​អ្នក​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច។

ប៉ុន្តែ​លោក​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​អះអាង​ថា អាជ្ញាធរ​កម្ពុជា​មិន​បាន​បំភិត​បំភ័យ​ដល់​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​ការ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ទៅ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ