អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​សម្រេច​បណ្ដេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ចេញ​ពី​កម្ពុជា

នៅ​ទី​បំផុត រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI និង​បណ្ដេញ​បុគ្គលិក​របស់វិទ្យាស្ថាន​​នេះ​ចេញ​ពី​កម្ពុជា​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣​សីហា​នេះ​។

គេហទំព័រ​អង្គការ NDI
គេហទំព័រ​អង្គការ NDI NDI
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន មានមូលហេតុ​ពីរ​សំខាន់​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ឈប់​សកម្មភាព​របស់វិទ្យាស្ថាន NDI នៅ​កម្ពុជា​។ ទី​១៖ គឺ​ដោយ​សារ​តែ​ NDI បាន​ធ្វើ​សកម្មភាព ​ ខណៈមិន​ទាន់​ទទួល​បាន​សេចក្ដី​សម្រេច​លើ​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ពី​ក្រសួង​ការបរទេស​កម្ពុជា​។ បើ​តាម​ក្រសួង​ការបរទេស អង្គការ NDI ដែល​បាន​ប្រតិបត្តិការ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩២ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​នៅ​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៦។ ក្នុង​អំឡុង​ពេល​រង់​ចាំ​សេចក្ដី​សម្រេច​ពី​ក្រសួង អង្គការ​នេះ​បាន​បន្ត​សកម្មភាព​ជា​បន្ត​បន្ទាប់​។ ជា​សកម្មភាព​ដែល​ក្រសួង​ចាត់​ទុក​ថា មិន​បាន​គិតគូរ​ពី​ការ​គោរព​ច្បាប់​សោះ​ឡើយ​។

ចំណែក​មូលហេតុ​ទី​២​៖ គឺ​ព្រោះ​តែ​អង្គការ NDI មិន​បាន​ចុះ​បញ្ជីរដ្ឋបាល​​សារពើ​ពន្ធ​។ មាត្រា​១០១​នៃ​ច្បាប់​ស្ដី​ពី​សារពើ​ពន្ធ​ចែង​ថា បុគ្គល​ទាំង​ឡាយ​ត្រូវ​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុង​អំឡុង​១៥​ថ្ងៃ​ក្រោយ​ពី​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​។ ប៉ុន្តែ​សម្រាប់​អង្គការ NDI អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អះអាង​ថា អង្គការ​នេះ​មិន​បាន​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើ​ពន្ធ​ឡើយ​ ដែល​នេះ​គឺ​បទ​ល្មើស​ព្រហ្មទណ្ឌលើ​​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ពន្ធដារ​ ផ្អែក​តាម​មាត្រា​១២៨​នៃ​ច្បាប់​សារពើពន្ធ​។

បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ គេ​ដឹង​ថា ការ​បញ្ឈប់​សកម្មភាព​របស់​អង្គការ NDI ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ឯកសារ​បែក​ធ្លាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ «កូន​ខ្មែរ» ដោយ​​ចោទ​ថា អង្គការ NDI បាន​រៀបចំ​យុទ្ធសាស្ត្រជួយ​គណបក្ស​ប្រឆាំង ដើម្បី​​ផ្ដួល​រំលំ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​អង្គការ NDI បាន​ច្រានចោល​​ការ​ចោទ​ប្រកាន់​នេះ​។ NDI គូស​បញ្ជាក់​ថា ខ្លួន​គឺ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ទេ​។ ហើយ​ការងារ​របស់ NDI ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជាដែល​ជា​ម្ចាស់​ឆ្នោត​​និង​គ្រប់​គណបក្ស​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ