អានតួអត្ថបទ
កម្ពុជា

​លោក ហេង សំរិន ចេញ​សៀវភៅ​ជា​ភាសា​អង់គ្លេស​រៀប​រាប់​ពី​ការ​តស៊ូ​រំដោះ​ជាតិ​និង​ប្រជាជន​ពី​របប​ ប៉ុល ពត​

រដ្ឋ​សភា​ជាតិ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​សម្ពោធ និង​ផ្សព្វ​ផ្សាយ​នូវ​សៀវភៅ​កំណត់​ហេតុ​ជា​ភាសា​អង់​គ្លេស​ស្តី​អំពី​ការ​តស៊ូ​របស់​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ក្នុង​ដំណើរ​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​របប​ប៉ុល​ពត រួម​ទាំង​ការ​ចូល​រួម​ស្តារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើង​វិញ​ក្រោយ​ភ្លើង​សង្រ្គាម​។ សៀវភៅ​នេះ ត្រូវ​បាន​ក្រុម​ការងារ​របស់​លោក​ហេង សំរិន បក​ប្រែ​ចេញ​សៀវ​ភៅ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​បោះពុម្ព​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​។ 

សៀវភៅរបស់ លោក ហេង សំរិន ដែលត្រូវបានបកប្រែនិងបោះពុម្ពផ្សាយជាភាសាអង់គ្លេស
សៀវភៅរបស់ លោក ហេង សំរិន ដែលត្រូវបានបកប្រែនិងបោះពុម្ពផ្សាយជាភាសាអង់គ្លេស @RFI
ផ្សាយពាណិជ្ជកម្ម

ការ​សម្ពោធ​និង​ផ្សព្វ​ផ្សាយ​នូវ​សៀវភៅ “ការ​តស៊ូ​របស់​ប្រជាជន៖ កម្ពុជា​រស់​ឡើង​វិញ” របស់​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​មុន​ពេល​កម្ពុជា​នឹង​ប្រារព្ធ​ខួប​លើក​ទី៤០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​នៅ​ស្តូប​អនុស្សាវរីយ៍ នា​ស្រុក​ស្នួល ខេត្ត​ក្រចេះ​នៅ​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០១៨ ខាង​មុខ​នេះ​។ ពិធី​ប្រារព្ធ​ខួប​លើក​ទី៤០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​នេះ នឹង​មាន​ការ​ចូល​រួម​ដោយ​ផ្ទាល់​លោក​ហេង សំរិន តែ​ម្តង​។

សៀវភៅ“ការ​តស៊ូ​របស់​ប្រជាជន​៖កម្ពុជា​រស់​ឡើង​វិញ” ត្រូវ​បាន​ចង​ក្រង​ឡើង​ជា​ភាសាអង់គ្លេស​ដោយ​បង្ហាញ​ពី​ការ​ពិត​នៃ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​ទៅ​ដល់​អ្នក​អាន និង​កូន​ខ្មែរ​ជំនាន់​ក្រោយ ដែល​ចង់​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិ​សាស្រ្ត​។ ជា​ប្រវត្តិ​សាស្រ្ត​នៃ​ការ​តស៊ូ​រំដោះ​ប្រទេស​ជាតិ​របស់​ឥស្សរ​ជន​ស្នេហា​ជាតិ និង​ដំណើរ ស្តារ​កម្ពុជា​ឡើង​វិញ ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហេង សំរិន នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​។

សៀវភៅ​នេះ ក៏​បាន​រៀប​រាប់​ផង​ដែរ​ពី​ជីវ​ប្រវត្តិ​របស់​លោក​ហេង សំរិន ដោយ​សរសេរ​ថា ប្រសូត្រ​នៅ​ក្នុង​គ្រួសារ​កសិករ​នៅ​ទី​ជន​បទ​មួយ​ក្នុង​ខេត្ត​កំពង់ចាម​ក្នុង​ឆ្នាំ​១៩៣៤ លោក​ហេង សំរិន គឺ​ជា​ប្រធាន​ស្ថាបនិក​ចលនា​មហាជន​ធំ​មួយ​ឈ្មោះ​ថា “រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា“ ។ ក្រោយ​មក រណសិរ្យ​នេះ បាន​ប្តូរ​ឈ្មោះ​ជា “រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា” ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ​១៩៧៨។ គឺ​ផ្តើម​ចេញ​ពី​ខេត្ត​ក្រចេះ​នោះ​ហើយ ដែល​លោក​ហេង សំរិន បាន​ប្រកាស​ផែន​ការ ១១ ចំណុច ក្នុង​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ។

សៀវភៅ​ដដែល​នេះ បាន​សរសេរ​បន្ត​ឲ្យ​ដឹង​ដែរ​ថា លោក​ហេង សំរិន គឺ​ជា​ថ្នាក់​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​ចលនា​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចំនួន ១៤រូប ដែល​នៅ​រស់​រាន​មាន​ជីវិត រួម​មាន​ដូច​ជា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ស្រី​មាន សំអាន សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិកា​ព្រឹទ្ឋសភា លោករស់ សម័យ ទីប្រឹក្សា​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​និង លោកចាន់ វ៉ែន អតីត​អគ្គ​លេខា​ធិការ​រដ្ឋ​សភា​ជា​ដើម​។

សូម​បញ្ជាក់​ថា សៀវភៅ "ការ​តស៊ូ​របស់​ប្រជាជន៖ កម្ពុជា​រស់​ឡើង​វិញ “ ត្រូវ​បាន​រៀប​ចំ​បោះពុម្ព​ផ្សាយ​ដោ​យក្រុម​ហ៊ុន EDM Books នៅ​ប្រទេស​សិង្ហ​បូរី និង​ធ្វើ​ការ​ចែក​ផ្សាយ​នៅ​កម្ពុជា​ដោយ​បណ្ណាគារ Monuments Books ។ សៀវភៅ​ថ្មី​នេះ​ក៏​នឹង​អាច​រក​ទិញ​បាន​ផង​ដែរ​នៅ​តាម​វេប​សាយ Amazon.com នា​ដើម ឆ្នាំ ២០១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ