អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បក្ស​នយោបាយ​នៅ​តែ​កេង​យក​ផល​ចំណេញ​ពី​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ចោទ​ប្រកាន់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​បាន​លាត​ត្រដាង​ពី​កំហុស​វិជ្ជាជីវៈ​មួយ​ចំនួន​របស់​អ្នក​នយោបាយ។ ប៉ុន្តែ​មួយ​ផ្នែក​ទៀត វា​ក៏​បង្ហាញ​ពី​ការ​វិលវល់​របស់​អ្នក​នយោបាយ​ក្នុង​ការ​កេង​ចំណេញ​នយោបាយ​លើ​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ផង​ដែរ។

លោក ហុង សុខហួរ សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម​រង្ស៊ី​ ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន​​ជា​​បណ្តោះ​​អាសន្ន​​នៅ​​ពន្ធ​​នា​គា​​ព្រៃ​សរ​​
លោក ហុង សុខហួរ សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម​រង្ស៊ី​ ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន​​ជា​​បណ្តោះ​​អាសន្ន​​នៅ​​ពន្ធ​​នា​គា​​ព្រៃ​សរ​​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ចាប់​ឃាត់​ខ្លួន​និង​ចោទ​ប្រកាន់​សមា​ជិក​ព្រឹទ្ធសភា​លោក​ហុង​ សុខហួរ ​របស់​គណបក្ស​សម រង្ស៊ី​ ដែល​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ពីរ​ដែល​រួម​គ្នា​បង្កើត​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​បង្ហាញ​ពី​នយោ​បាយ​ដែល​មិន​ទាន់​ឯកភាព​គ្នា​ដោយ​រលូន​នៅ​ឡើយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ក្នុង​គោល​ជំហរ​ឆ្ពោះ​ទៅ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ពិតមែន​ហើយ​លោក​ ហុង សុខហួរ បាន​បង្ហោះ​សេចក្តី​អត្ថាធិប្បាយ​ស្តី​ពី​ការ​រំលាយ​កិច្ច​ព្រមព្រាង​បោះ​បង្គោល​ព្រំដែន​រួម​ជាមួយ​ប្រទេស​វៀតណាម​ដែល​មាន​លក្ខណៈ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​គណបក្ស​កាន់​អំណាច។

​ការ​បង្ហោះ​សេចក្តី​អត្ថាធិប្បាយនេះ​ធ្វើ​ឡើង​ក្រោយ​ពី​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​និង​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ឯកភាព​គ្នា​លើ​ការ​សហការ​ដោះ​ស្រាយ​បញ្ហាព្រំដែន។ ព្រឹត្តិការណ៍ចុង​ក្រោយ​នេះ​ហាក់ដូចជា​បានទាក់ទាញ​ឲ្យមានភាពរំជើប​រំជួល​ក្នុង​នយោបាយ​ហើយ​បាន​នាំ​ឲ្យមានកង្វល់ពី​អស្ថេរភាព​នយោបាយ​ផងដែរ។

ប៉ុន្តែ​បើ​គេ​សម្លឹង​មើល​ឲ្យ​ជ្រៅ​បន្តិច​​បញ្ហា​ហាក់​ដូចជា​កើតឡើង​យ៉ាងសាមញ្ញ។ ពោល​​គឺ​​ចំណុច​​​ចាប់ផ្តើម​បានកើតចេញ​ពីបន្ទាត់នយោបាយរបស់គណបក្ស​ប្រឆាំង​ដែល​មិន​បាន​ណែនាំ​ដល់​មន្ត្រីនយោបាយ​របស់​ខ្លួន​​ឲ្យដើរតាម​ការឯកភាពគ្នាលើ​កិច្ច​ការព្រំដែន​ក្រោយ​ពី​មាន​ការ​ចរចា​រវាង​លោកកឹម សុខា អនុ​ប្រធាន​គណបក្សសង្គ្រោះជាតិ​និង​លោក​ស ខេង មន្ត្រីជាន់ខ្ពស់​សំខាន់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និងជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។
បន្ទាប់មក​​សមាជិក​ព្រឹទ្ធសភានៃ​គណបក្ស​ប្រឆាំង​បាន​ប្រព្រឹត្តិដោយខុសឆ្គង​ក្នុង​ការ​បង្ហាញ​ភាព​មិន​ច្បាស់លាស់នៃឯកសាររបស់ខ្លួន​ប្រើប្រាស់​។

ដោយឡែក​ប្រមុខ​ដឹកនាំ​គណបក្ស​កាន់អំណាច​បាន​ចាប់ចំណុចខុសឆ្គង​នេះ​ថាជាហានិភ័យ​មួយ​ព្រម​ទាំង​ស្នើ​ឲ្យ​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​ចោទ​ប្រកាន់ថា​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​លោក​ហុង សុខហួរ បាន​ប្រព្រឹត្តិបទឧក្រិដ្ឋជាក់ស្តែង។

ជាការពិត​ការ​ចាប់ខ្លួននិង​ចោទ​ប្រកាន់​​តាម​ផ្លូវ​តុលាការ​​​​លើ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រឆាំង​ដោយ​មិន​មាន​ការដក​អភ័យឯកសិទ្ធិ​មិន​មែន​ជា​ទង្វើផ្ទុយនឹង​ច្បាប់​នោះ​ទេ ដោយសារ​មាត្រាទី​១២​នៃ​ច្បាប់​ស្តីពី​លក្ខខន្តិកៈ​សមាជិក​ព្រឺទ្ធសភា​បាន​ផ្តល់​អំណាច​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​​ចាប់ខ្លួនឬ​ចោទ​ប្រកាន់ដល់សមាជិក​សភា​ជាន់ខ្ពស់​ល្គឹកណា​មាន​បទ​ឧក្រិដ្ឋ​ជាក់​ស្តែង។

ប៉ុន្តែអ្វីដែល​ជាការមន្ទិល​នោះ​គឺ​ការ​បក​ស្រាយ​បែបណា​ទើប​សម​ស្រប​ចំពោះ​សេចក្តី​អត្ថា​ធិប្បាយ​របស់​សមាជិកព្រឹទ្ធសភាបក្ស​ប្រឆាំង​ចំពោះ​សេចក្តីអះអាង​ពី​បទល្មើស​ជាក់ស្តែង​ដែល​ជា​ប្រភេទ​បទ​ឧក្រិដ្ឋនោះ។

សរុបមកវិញកំហុស​របស់​មន្ត្រីច្បាប់​របស់​គណបក្ស​សម រង្ស៊ី គឺជាផ្នែកមួយ។ ហើយ​ភាពមិន​ច្បាស់​លាស់​ក្នុង​ការបក​ស្រាយ​ពីបទឧក្រិដ្ឋជាក់ស្តែង​លើ​មន្ត្រីរូប​នោះ​ក៏ជា​ផ្នែកមួយទៀត​ដែល​​គួរ​យកមក​ថ្លឹង​ថ្លែង។

មួយវិញទៀត​គេហាក់ដូចជា​នៅតែមើល​ឃើញថា​ដំណោះ​ស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​​វៀត​ណាម​នៅ​តែ​ជា​ចំណុចរសើប​និងជា​គន្លឹះ​ទាក់ទាញ​យក​រូបភាព​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​​ដែល​មាន​អសនៈ​ក្នុង​រដ្ឋ​សភា។

ដូច្នេះ​បើធៀប​ទៅនឹងទំហំ​នៃភាពស្មុគ្រស្មាញ​ក្នុង​ដំណោះ​ស្រាយ​បញ្ហាព្រំដែនជាមួយ​ប្រទេស​វៀតណាម ការរកឯកភាពជាតិ​មិន​បាន​លើ​ចំណុចរួម​ដើម្បី​ទៅតតាំង​តាម​លក្ខណៈបច្ចេក​ទេស​​ជា​មួយ​ប្រទេស​ជិតខាង​មួយនេះវាកាន់តែ​ធ្វើ​ឲ្យ​ប្រជាជាតិកម្ពុជាចុះទន់ខ្សោយ​នយោបាយ​ផ្ទៃក្នុង​និង​កាត់​បន្ថយ​ទម្ងន់ឥទ្ធិពល​លើ​បរទេស។

មួយវិញ​ទៀតការរក្សាភាពស្ងប់ស្ងាត់​និង​បញ្ឈប់​ការ​កេង​ចំណេញ​នយោបាយ​លើ​បញ្ហា​ព្រំដែន​​ជា​មួយ​ប្រទេសវៀតណាម​គឺជា​កត្តា​ចាំបាច់​ដែល​នឹង​​បញ្ចៀស​បាន​នូវកង្វល់​របស់​ប្រជារាស្ដ្រ​និង​បង្កើន​ការ​ទុក​ចិត្ត​របស់​ពួក​គេ​លើ​ភាព​ចាស់ទុំផ្នែកនយោបាយនៃ​គណបក្ស​ប្រកួត​​ប្រជែង​គ្នា៕​​
​​

បទវិភាគ របស់គង់ សុឋានរិទ្ធ

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ