លោក ហ៊ុន សែន៖ កម្ពុជារួចផុតពីភាពក្រីក្រ ក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ី
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រនេះ បានសំដែងមោទនភាពថា ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់និងចាត់ទុកថា ជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ី បន្ទាប់ពីប្រទេសនេះបានរួចផុតពីបន្ទាត់នៃប្រទេសដែលក្រីក្របំផុត។ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ច ស្ទាក់ស្ទើរក្នុងការហៅកម្ពុជាថាជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ីនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
ក្នុងពិធីប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃសុក្រនេះ ក្រៅតែពីអះអាងថាកម្ពុជាត្រូវបានទទួលស្គាល់និងចាត់ទុកថា ជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំពឹងទុកថា នៅឆ្នាំ២០៣០កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់តែម្តង។
តាមលោកប្រមុខរដ្ឋាភិបាលខ្មែរ អាណត្តិនេះ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបរួចទៅហើយ ហើយកំពុងតែធ្វើដំណើរចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងពេលខាងមុខ។
ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចវិញ ហាក់ស្ទាក់ស្ទើរក្នុងការហៅប្រទេសកម្ពុជា ថាជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ីនេះ។
លោក ងែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍ នៃក្រុមហ៊ុន EMC លើកឡើងថា ប្រទេសដែលត្រូវចាត់ទុកថាជាខ្លាសេដ្ឋកិច្ច គឺទាល់តែមានលក្ខណៈជឿនលឿនផ្នែកឧស្សាហកម្មខ្លាំង ជាងកម្ពុជាបច្ចុប្បន្ន។
បើតាម លោក ងែត ជូ ការរំពឹងដែលថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឆ្នាំ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់តែម្តង ទំនងជាមិនអាចទៅរួចនៅឡើយទេ ខណៈកម្ពុជានៅមានបញ្ហាប្រឈមជាច្រើនទៀត។ បញ្ហាប្រឈមទាំងនោះមានដូចជាកង្វះធនធានមនុស្ស និងបញ្ហាសេដ្ឋកិច្ចផុយស្រួយ។ លើសពីបញ្ហាទាំងនេះ បញ្ហានយោបាយក៏អាចជះឥទ្ធិពលរដ្ឋដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែរ។ នេះបើតាម លោក ងែត ជូ។
កាលពីថ្ងៃទី១១ខែមេសានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានព្យាករណ៍ថា សេដ្ចកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត ៧ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ ប៉ុន្តែ ក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមនានាដែលអាចបំផ្លាញភាពប្រកួតប្រជែងរបស់ប្រទេសនេះ។
បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសនៅក្នុងតំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ និងតាមពីក្រោយដោយប្រទេសភូមា និងឡាវដែលមានកំណើន ៦.៨ភាគរយដូចគ្នា ខណៈដែលប្រទេសថៃ ត្រូវបានព្យាករណ៍ថា មានកំណើនត្រឹមតែ ៤ភាគរយប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ