អានតួអត្ថបទ
កម្ពុជា-តុលាការ

Heritage Foundation៖ តុលាការ​មិន​ឯករាជ្យ​ជា​ផ្នែក​មួយ​​ធ្វើ​ឲ្យ​ពិន្ទុ​សេរីភាព​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ

នៅ​ថ្ងៃ​ទី ១០​កុម្ភៈ មូលនិធិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ឈ្មោះ the Heritage Foundation បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​សន្ទស្សន៍​សេរីភាព​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៨ ដោយ​បាន​បង្ហាញ​ថា ចំណាត់​ថ្នាក់​សេរីភាព​សេដ្ឋកិច្ច​កម្ពុជា ធ្លាក់​ចុះ​ពី​លេខ ៩៤ ទៅ​ដល់​លេខ ១០១។ ហើយ​បើ​គិត​ពី​ពិន្ទុ​សេរីភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​វិញ គឺ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​លេខ ២២ ក្នុង​ចំណោម ៤៣​ប្រទេស នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ តាម​របាយការណ៍​ដដែល ពិន្ទុ​សេរីភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ ២០១៨ ធ្លាក់​ចុះ០.៨ពិន្ទុ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៧ ដោយ​សារ​តែ​ភាព​ទន់​ខ្សោយ​នៃ​សិទ្ធិ​អចលទ្រព្យ សេរីភាព​ការងារ សុខភាព​សារពើពន្ធ ហើយ​ក្នុង​នោះ​ក៏​បូក​រួម​នឹង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ផង​ដែរ។​

អ្នករងគ្រោះ​នៅក្នុងជម្លោះដីធ្លី
អ្នករងគ្រោះ​នៅក្នុងជម្លោះដីធ្លី RFI/Pen Bona
ផ្សាយពាណិជ្ជកម្ម

សិទ្ធិ​ដី​ធ្លី វិវាទ​ដី​ធ្លី នៅ​តែ​ជា​បញ្ហា​ស្មុក​ស្មាញ ដល់​កម្មសិទ្ធិ​បញ្ញា ហើយ​ដោយ​សារ​តែ​អំពើ​ពុក​រលួយ​នៃ​ការ​កាត់​ក្តី​របស់​តុលាការ ដែល​មិន​ឯករាជ្យ​ផង​នោះ​ វា​បាន​ធ្វើ​ឲ្យ​ពិន្ទុ​នៃ​ស្ថានភាព​សេរីភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវ​បាន​ធ្លាក់​ចុះ។ ពិន្ទុ​ចំណាត់​ថ្នាក់​សេរីភាព​សេដ្ឋកិច្ច​របស់​កម្ពុជា នាំ​មុខ​តែ​ប្រទេស​២​ប៉ុណ្ណោះ ក្នុង​តំបន់​អាស៊ាន គឺ​ប្រទេស​ឡាវ ដែល​ឈរ​នៅ​លេខ​រៀង ទី ១៣៨ និង​ប្រទេស​វៀតណាម ដែល​ស្ថិត​នៅ​លេខ ១៤៤។ ប៉ុន្តែ​ប្រទេស​កម្ពុជា នៅ​ឆ្ងាយ​ដាច់​ពី​ប្រទេស​ជិត​ខាង​ថៃ ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ៥៣ និង​ម៉ាឡេស៊ី ដែល​ឈរ​នៅ​លេខ​រៀង​ទី ២២។ នេះ​បើ​តាម the Heritage Foundation។

របាយការណ៍​របស់ the Heritage Foundation បាន​បន្ត​ថា «អំពើ​ពុក​រលួយ​ កើន​ឡើង​មាន​ជា​ទូទៅ​ នៅ​តែ​ជា​ឧបសគ្គ​ខ្លាំង​បំផុត​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម»។ ការ​ពិត​ទៅ ពិន្ទុ​លើ​ប្រសិទ្ធភាព​ប្រព័ន្ធ​តុលាការ និង​សុចរិតភាព​របស់​រដ្ឋាភិបាល បាន​កើន​ឡើង​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​វា​នៅ​តែ​ស្ថិត​នៅ​ក្រោម​កម្រិត​មធ្យម​ក្នុង​ពិភព​លោក និង​តំបន់។

ត្រង់​ចំនុច​នេះ លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ដែល​ជា​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ឯកភាព និង​មើល​ឃើញ​ភាព​ពុក​រលួយ​ធ្ងន់ធ្ងរ ពិត​ជា​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន ដល់​វិស័យ​សេដ្ឋកិច្ច ហើយ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​មិន​ប្រសើរ។ តាម​លោក​ព្រាប កុល នៅ​ពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌ ក្នុង​ប្រទេស​មួយ មិន​ឯករាជ្យ វា​បាន​ធ្វើឲ្យ​ទីលាន​ប្រកួត​ប្រជែង​អាជីវកម្ម មិន​ស្មើ​ភាព ព្រោះ​ថា​នៅ​ពេល​មាន​វិវាទ​ពាណិជ្ជកម្ម អ្នក​ដែល​មាន​ឥទ្ធិពល មាន​អ្នក​នយោបាយ​ជាន់​ខ្ពស់​ជា​ខ្នង​បង្អែក គេ​នឹង​ឈ្នះ​ក្តី ខណៈ​អ្នក​ជំនួញ​ធម្មតា​មិន​មាន​អ្នក​អាង​កាង នឹង​ត្រូវ​ចាញ់​ប្រៀប​គេ ទោះ​បី​ជា​ខ្លួន​បាន​ធ្វើ​ស្រប​តាម​ច្បាប់​ក៏​ដោយ។​

គួរ​រម្លឹក​ជូន​ថា កាល​ពី​សប្តាហ៍​មុន​ អង្គការ World Justice Project ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិកដែរ ក៏​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​សន្ទស្សន៍​នីតិរដ្ឋ ដោយ​បាន​វាយ​តម្លៃ​ថា នីតិរដ្ឋ​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៧-២០១៨ ​មាន​ចំណាត់​ថ្នាក់​ទី​១១២​ លើ​១១៣​ប្រទេស។ ហើយ​ក្នុង​នោះ បញ្ហា​យុត្តិធម៌​សង្គម គឺ​អន់​ជាង​គេ​ក្នុង​ចំណោម​១១៣​ប្រទេស ដោយ​ស្ថិត​នៅ​លើ​ប្រទេស​វេណេស៊ុយ​អេឡា​តែ​មួយ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ