អានតួអត្ថបទ
កម្ពុជា-នយោបាយ

វត្តមាន​លោក ហ៊ុន សែន នៅ​អូស្រ្តាលី ត្រូវ​បាន​ស្វាគមន៍​លាយ​ឡំ​នឹង​ការ​តវ៉ា

ដូច​ការ​គ្រោង​ទុក គ្រាន់​តែ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឈាន​ជើង​ជាន់​ទឹក​ដី​អូស្រ្តាលី​ភ្លាម ពលរដ្ឋ​រាប់​រយ​នាក់​រាប់​ទាំង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ផង ​បាន​ឈរ​ធ្វើ​ការ​លើក​បដា​ស្រែក​ស្វាគមន៍ ខណៈ​ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី​មួយ​ក្រុម​ទៀត​ធ្វើ​បាតុកម្ម​ប្រឆាំង។ ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង និង​ក្រុម​អ្នក​ស្វាគមន៍​ត្រូវ​បាន​គេ​អះអាង​ថា​មាន​គ្នា​រាប់​រយ​នាក់​ដូច​គ្នា ក្នុង​នោះ​មាន​ទាំង​លោក​ ហុង លីម តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា និង​អ្នក​ស្រី ប៊ូ រចនា ភរិយា លោក កែម ឡី ផង​ដែរ។

​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ទៅដល់​​ប្រទេស​​អូស្រ្តាលីនាព្រឹក​ថ្ងៃទី ១៦ មីនា​នេះ
​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ទៅដល់​​ប្រទេស​​អូស្រ្តាលីនាព្រឹក​ថ្ងៃទី ១៦ មីនា​នេះ @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​វីដេអូ​ដែល​ផ្សាយ​តាម​ហ្វេសប៊ុក​របស់​លោក គឹម សន្តិភាព ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​បង្ហាញ​ពី​វត្តមាន​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​ពលរដ្ឋ​​រាប់​រយ​នាក់​ឈរ​លើ​ចឹញ្ចើម​ថ្នល់ លើក​ដា ​ដោយ​មាន​ខ្លឹម​សារ​ស្វាគមន៍​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ទៅ​ទីក្រុង​ស៊ីដនី។ ជាមួយ​នឹង​បដា​ស្វាគមន៍ យូរៗ​ម្តង ក្រុម​អ្នក​គាំទ្រ​បាន​ស្រែក​តាម​មេក្រូ​កោត​សរសើរ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ចំណែក​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន វិញ​ក៏​ផ្សាយ​ដែរ ពី​ទិដ្ឋភាព​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា ដែល​អម​ដំណើរ​ផ្ទាល់​ដោយ​ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​និង​ក្រុម​យុវជន​គណបក្ស​ប្រជាជន​ឯ​ទៀត​ហែរ​ហម​ដំណើរ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ជួប​សំណេះ​សំណាល​និង​ចាប់​ដៃ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​គាំទ្រ​លោក។

បើ​តាម​ហ្វេសប៊ុក​ដដែល ក្នុង​ពេល​មក​ដល់​ព្រលាន​យន្តហោះ​ទីក្រុង​ស៊ីដនី គឺ​មាន​មន្រ្តី​នៃ​រដ្ឋាភិបាល​អូស្រ្តាលី និង​មន្រ្តី​ស្ថានទូត​ខ្មែរ​ជា​ច្រើន​នាក់​មក​ទទួល​ស្វាគមន៍ លោក ហ៊ុន សែន។ រីឯ​នៅ​សណ្ឋាគារ​វិញ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស នូវែលសេឡង់ និង អូស្ត្រាលី ជា​ច្រើន​នាក់​បាន​មក​ទទួល​ស្វាគមន៍​ផង​ដែរ។

ផ្ទុយ​ពី​ទិដ្ឋភាព​ទាំង​អស់​នេះ ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី​ប្រមាណ​ជា​៥០០​នាក់ មក​ពី​បណ្តា​រដ្ឋ​នានា នៃ​ប្រទេស អូស្រ្តាលី ក៏​ជួប​ជុំ​គ្នា​នៅ​ក្រុង​ស៊ីដនី ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​មេ​ដឹក​នាំ​កម្ពុជា​រូប​នេះ​ផង​ដែរ។ នេះ​បើ​តាម លោក ហុង លីម តំណាង​រាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ ប្រចាំ​រដ្ឋ​វិចតូរីយ៉ា។ លោក ហុង លីម បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា ​ពួក​គេ​ជួប​ជុំ​គ្នា​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៦​ខែ​មីនា​នេះ នៅ​តាម​គោលដៅ​មួយ​ចំនួន​ដែល លោក ហ៊ុន សែន ស្នាក់​នៅ​និង​ឆ្លង​កាត់។ បាតុកម្ម​ដែល​គេ​អះអាង​ថា​ ​ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត កែម ឡី ផង​នោះ ត្រូវ​បាន​លោក ហុង លីម អះអាង​ថា នឹង​ការ​មាន​ដុត​រូប​ទីង​មោង និង​ដង្ហែ​សាក​សព​តំណាង​មេ​ដឹក​នាំ​កម្ពុជា​ទៀត​ផង។

​ការ​ធ្វើ​បាតុកម្ម​បែប​នេះ ដោយ លោក ហុង លីម និយាយ​ថា មក​ពី​មេ​ដឹក​នាំ​កម្ពុជា​សព្វ​ថ្ងៃ ដឹក​នាំ​បែប​ហិង្សា និង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។

តាម​គម្រោង ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្រា្តលី​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ លោក​ហ៊ុន សែន រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​អាស៊ាន និង​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​ នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​អាស៊ាន និង​អូស្រា្តលី ស្តីពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ។ លោក ហ៊ុន សែន ក៏​នឹង​ជួប​សំណេះ​សំណាល​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ អូស្ត្រាលី និង នូវែលសេឡង់ ដែល​គេ​ថា​មាន​គ្នា​ប្រមាណ​៨០០ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ