អានតួអត្ថបទ
កម្ពុជា

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រតិកម្ម​នឹង​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​នេះ ប្រតិកម្ម​នឹង​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) រួម​ទាំង​ស្ថាប័ន​នេះ ដែល​បាន​ចេញ​របាយការណ៍​រិះ​គន់​ចំពោះ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ និង​រដ្ឋសភា​លើ​គណបក្ស​ប្រឆាំង។ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​របាយការណ៍​នោះ ថា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា។

លោក​កែវ រ៉េមី ប្រធាន​​គណៈកម្មាធិការ​​សិទ្ធិ​​មនុស្ស​​កម្ពុជា
លោក​កែវ រ៉េមី ប្រធាន​​គណៈកម្មាធិការ​​សិទ្ធិ​​មនុស្ស​​កម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

លោក​កែវ រ៉េមី​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ពន្យល់​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​ ២៧ ខែ​មីនា ថា​លោក Charl Santiago សមាជិក​សភា​ម៉ាឡេស៊ី ​និង​ជា​ប្រធាន​នៃ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បាន​ធ្វើ​ខុស​ជា​លើក​ទី ២ ចំពោះ​ការ​ប្រតិកម្ម​ការពារ​របាយការណ៍​របស់​លោក ដែល​ជា​របាយការណ៍​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា។ លោក​កែវ រ៉េមី បញ្ជាក់​ថា​លោក Charl Santiago  ខុស​លើក​ទី ១ នៅ​ត្រង់​ថា​របាយការណ៍​នោះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា។

ការ​ចេញ​មក​ប្រតិកម្ម​របស់​លោក​កែវ រ៉េមី​នេះ គឺ​បន្ទាប់​ពី APHR បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​មីនា​រិះគន់​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​ច្បាប់​លើ​បក្ស​ប្រឆាំង​ និង​បង្កើត​ឲ្យ​មាន​​ បរិយាកាស​ភ័យខ្លាច ដែល​ជា​សញ្ញា​នៃ​ការ​រំលាយ​របប​ប្រជាធិបតេយ្យ​ជា​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​បាន​ដាក់​ការ​សង្ស័យ​ចំពោះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ពន្យល់​ទៅ​កាន់​ប្រធាន APHR និង​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​របាយការណ៍​នោះ​ថា​ កម្ពុជា​មាន​កម្មវិធី​សមធម៌​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ សម្រាប់​គណបក្ស​នយោបាយ ខណៈ​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​មិន​មាន​ទេ។ កម្ពុជា​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​ផ្សាយ​ជា​ខេមរៈ​ភាសា ប៉ុន្តែ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​មិន​មាន​ទេ។ ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​អាយុ ១៨​ឆ្នាំ ខណៈ​ប្រទេស​អាស៊ាន​មួយ​ចំនួន​គឺ​តម្រូវ​ឲ្យ​មាន​អាយុ ២១​ឆ្នាំ។ លោក​បន្ថែម​ថា​នៅ​កម្ពុជា​ពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​នៅ​មុខ​តុលាការ រិះ​គន់​តុលាការ ខណៈ​ប្រទេស​អាស៊ាន​មួយ​ចំនួន​មិន​មាន​ទេ។

គួរ​ជម្រាប​ជូន​ថា​នេះ​គឺ​ជា​លើក​ទី ២ ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍ «ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ» ដែល​ចេញ​ផ្សាយ​ដោយ APHR។ កាល​ពី​លើក​ទី ១ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រតិកម្ម​ចំពោះ​របាយការណ៍​នេះ ដោយ​បាន​ចាត់​ថា​ការ​វាយ​តម្លៃ​ដែល​មាន​នៅ​ក្នុង​របាយការណ៍​នោះ គឺ​ជា​ការ​វាយ​តម្លៃ​ដ៏​ខ្មៅ​ងងឹត។

លោក ជុំ សុន្ទរី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មីនា​ថា ការ​វាយ​តម្លៃ​ដែល​មិន​អាច​ជឿ​បាន នៅ​ក្នុង​របាយការណ៍​របស់ APHR គ្រាន់​តែ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ខ្មៅ​ងងឹត​របស់​បុគ្គល​មួយ​ចំនួន​តូច ដែល​ពុំ​បាន​យោង​លើ​ការ​ពិត​ជាក់​ស្តែង មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ទាំង​ទទឹង​ទិស​របស់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ