អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន នឹង​ចូល​រួម​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចុង​ក្រោយ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​ចេញ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី ០២ ខែ​មិថុនា​ខាង​មុខ។ អ្វី​ជា​ការ​កត់​សំគាល់​ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក ហ៊ុន សែន ចេញ​មុខ​ឃោសនា​ដោយ​ផ្ទាល់ ចាប់​តាំង​ពី​លោក​បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​តាំង​ពី​ខែ​មិថុនា​ឆ្នាំ ២០១៥​មក។

លោក ហ៊ុន សែន នឹង​ចូល​រួមហែ​​ក្បួន​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចុង​ក្រោយ
លោក ហ៊ុន សែន នឹង​ចូល​រួមហែ​​ក្បួន​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចុង​ក្រោយ
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​គោល​ដៅ​ដើម្បី​គាំទ្រ​ដល់​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន ប្រមុខ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​ចូល​រួម​នៅ​ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី ០២ មិថុនា​ខាង​មុខ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី នៅ​លើ​គណនេយ្យ​ហ្វេសបុក (Facebook) របស់​លោក នា​ព្រឹក​ថ្ងៃ​ទី ២៣ ឧសភា នេះ។ វត្តមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី នៅ​ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត ក៏​ដើម្បី​បង្ហាញ​ពី​សាមគ្គី​ភាព និង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សមាជិក-សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​លោក​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញ​មុខ​ជា​សាធារណៈ​នៅ​ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​មែន នោះ​អាច​ចាត់​ទុក​ថា គឺ​ជា​លើក​ទី ១​ហើយ ដ្បិត​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នា​ប៉ុន្មាន​អាណត្តិ​មក​នេះ លោក​នាយក​រដ្ឋមន្រ្តី​មិន​ដែល​មាន​វត្តមាន​នៅ​ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត​នោះ​ទេ។ ហើយ​នេះ ក៏​អាច​ជា​ការ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​របស់​លោក​នៅ​ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ជា​លើក​ដំបូង​ដែរ បន្ទាប់​ពី​លោក​បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី ខែ​មិថុនា ឆ្នាំ ២០១៥​មក។

លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​គណនេយ្យ​ហ្វេសបុក​របស់​លោក​ដែរ​ថា វត្តមាន​របស់​លោក​នៅ​ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​នា​ថ្ងៃ​ចុង​ក្រោយ ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​លោក ដែល​បាន​ចូល​មក​ខាំ​មិន (Comment) តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ថា អត់​ឃើញ​លោក​នាយក​រដ្ឋមន្រ្តី​ចេញ​ហែ​ក្បួន។

គួរ​ជំរាប​ជូន​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៣ ឧសភា​នេះ គឺ​ជា​ថ្ងៃ​ទី​៤​ហើយ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រយៈ​ពេល ១៥​ថ្ងៃ ដែល​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២០ ឧសភា ដល់​ថ្ងៃ​ទី ០២ មិថុនា។ ហើយ​ការ​បោះ​ឆ្នោត នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ០៤ មិថុនា ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ១២​ចូល​រួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ