អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក ហ៊ុន សែន ​ប្រកាស​ត្រៀមចាត់​វិធាន​ការ​​ច្បាប់​​បន្ត​លើ​បុគ្គល​ដែល​ចង់​ចូល​មក​ចាប់​លោក​យក​ទៅ​កាត់​ទោស​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​មក​ពី​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃទី ៣០ ឧសភា​នេះ​ថា លោក​នឹង​បន្ត​ចាត់​វិធាន​ការ​ច្បាប់ លើ​អតីត​គណបក្ស​ប្រឆាំង ដែល​ចង់​ចូល​មក​ចាប់​លោក​យក​ទៅ​ផ្តន្ទា​ទោស​។ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី ២៥ ស្តីពី “អនាគត​របស់​អាស៊ី” ជាទី​ដែល​មាន​បាតុកម្ម​ប្រឆាំង​នឹង​វត្ត​មាន​របស់​លោក​ពី​សំណាក់​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ​។ យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ដរាប​ណា​គេ​មិន​ទាន់​ប្រកាស​ចុះ​ចាញ់​សង្គ្រាម​នេះ​ទេ នោះ​លោក​ក៏​មិន​ព្រម​ចុះ​ចាញ់​ដែរ​។ 

លោក ហ៊ុន សែន នៅឯប្រទេសជប៉ុន
លោក ហ៊ុន សែន នៅឯប្រទេសជប៉ុន @SPM page
ផ្សាយពាណិជ្ជកម្ម

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​កាសែត ពី​លើ​វេទិការ​សន្និសីទ​អន្តរ​ជាតិ​លើក​ទី២៥ ស្តី​ពី “អនាគត​របស់​អាស៊ី” នៅ​ឯ​សណ្ឋាគារ​អ៊ីម​ភៀ​រៀល​ប្រទេស​ជប៉ុន ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ខ្លាំងៗ​ថា លោក​នឹង​ចាត់​វិធាន​ការ​ច្បាប់​លើ​អតីត​គណបក្ស​ប្រឆាំង ឬ​បុគ្គល​ណា ដែល​ចង់​ផ្តួល​រំលំ​រូប​លោក​ចេញ​ពី​តំណែង​។ លោក​ថា លោក​កំពុង​រង់​ចាំ​ធ្វើ​សង្គ្រាម​ប្រឆាំង​ជា​មួយ​បុគ្គល​ណា ដែល​បះបោរ​ពី​ក្រៅ​ប្រទេស ដើម្បី​ទម្លាក់​រូប​លោក​។

ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នេះ បើ​ទោះ​បី​ជា​ថ្លែង​មិន​ចំ​ឈ្មោះ​ក្តី ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា គឺ​សំដៅ​ទៅ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​បាន​ហៅ​ខ្លួន​ឯង​ថា ជា​ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​ក្រៅ​ប្រទេស​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​កំពុង​ត្រៀម​ខ្លួន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ។ ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី មិន​មែន​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ដោយ​លោក​នឹង​គៀង​គរ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​កា​រនៅ​ក្នុង​ប្រទេស​ថៃ និងប្រទេស​កូរ៉េ​ខាង​ត្បូង រួម​ទាំង​អ្នក​គាំទ្រ​លោក​នៅ​ក្នុង​ប្រទេស ដើម្បី​ទៅ​ចាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក សម រង្ស៊ី ថា លោក​មិន​មែន​ចូល​មក​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​ខ្លួន​នោះ​ទេ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​វេទិការ​សន្និសីទ​អន្តរជាតិ លើកទី២៥ ស្តីពី អនាគត​របស់​អាស៊ី ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី ៣០ ឧសភា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រាប់​ពិភព​លោក​ថា លោក​កំពុង​រង​ចាំ​សង្គ្រាម​មួយ​។ សង្គ្រាម​ដែល​វា នឹង​កើត​ឡើង តាម​រយៈ​ការ​ប្រកាស​របស់​ជន​ក្បត់​ជាតិ​ដែល​ស្រែក​ពី​ក្រៅ​ប្រទេស​។ លោកថា ដរាបណាគេ មិន​ទាន់​ចុះ​ចាញ់​សង្គ្រាម​នេះ​ទេ នោះ​លោក​ក៏​មិន​ទាន់​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ។ ហើយ​ថា បើ​លោក​ប្រកាស​ខុស​ពី​ផ្លូវ​នេះ គេ​នឹង​ចាត់​ទុក​លោក​ថា លោក​កំពុង​ចាញ់​សង្គ្រាម​នេះ​ហើយ​។ លោក​មិន​អាច​ចាញ់​សង្គ្រាម​នេះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត​ដដែល ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ការពារ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា​នា​នា លើ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជាថា​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​។ បន្ថែម​លើ​នេះ ប្រមុខ​រដ្ឋា​ភិបាល​ក៏​បាន​លើក​ឧទាហរណ៍​ករណី​របស់​កម្ពុជា ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មីៗ​នៅ​ក្នុង​ប្រទេស​អូទ្រីស ដែល​ប្រធាន​គណបក្ស​នយោបាយ​មួយ​នៅ​ក្នុង​រដ្ឋា​ភិបាល បាន​សន្យា​ឲ្យ​ប្រទេស​រុស្ស៊ី​ទទួល​បាន​ប្រយោជន៍​ពី​ប្រទេស​របស់​ខ្លួន បើ​រុស្ស៊ី​ជួយ​ឲ្យ​គណបក្ស​របស់​ខ្លួន​ឈ្នះ​ឆ្នោត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ