អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន នឹង​ទៅ​ចូល​រួម​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន ខណៈ​ខ្មែរ​នៅ​ទីនោះ​ប្រកាស​ធ្វើ​បាតុកម្ម​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី១០ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់ ១០ ខែ​តុលា នៅ​ទីក្រុង​តូក្យូ តាម​ការ​អញ្ជើញ​របស់​រដ្ឋា​ភិបាល​ជប៉ុន​។ នេះ​ជា​លើក​ទី១​ហើយ ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន ក្រោយ​គណបក្ស​របស់​លោក​ឈ្នះ​អាសនៈ​ទាំង​អស់​របស់​រដ្ឋ​សភា​ខ្មែរ​។ ជាមួយ​គ្នា​នេះ ក៏​មាន​ក្រុម​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្ត​មាន​របស់​លោក ដូច​ពេល​ដែល​លោក​ទៅ​ប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ចុង​ខែ​កញ្ញា​ផង​ដែរ​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី១០​នេះ នឹង​ពិភាក្សា​និង​អនុម័ត​យុទ្ធ​សាស្រ្ត​ទីក្រុង​តូក្យូ​ថ្មី សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ត​ភ្ជាប់ ការ​លើក​កម្ពស់​សុខមាល​ភាព​ប្រជាជន និង​ការពារ​បរិស្ថាន​។ យុទ្ធ​សាស្ត្រ​នេះ​ផ្តោត​សារៈ​សំខាន់ លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​។ ជាមួយ​គ្នា​នោះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​នឹង​ថ្លែង​សុន្ទរកថា​មួយ ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ទិស​ដៅ​នា​ពេល​អនាគត នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-ជប៉ុន ហើយ​លោក ហ៊ុន សែន ក៏​នឹង​ថ្លែង​ផ្តោត​ពី​គន្លឹះ​លើ​ការ​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​ធុរកិច្ច​ក្នុង​តំបន់​មេគង្គ​ផង​ដែរ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​។

គឺ​ជា​លើក​ទី១​ហើយ ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​ក្រោយ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត ទទួល​បាន​អាសនៈ​ទាំង​១២៥​របស់​រដ្ឋសភា​ខ្មែរ នីតិកាល​ទី៦​នេះ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​នឹង​ឆ្លៀត​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​សហគមន៍ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់​នៅ និង​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​។

ប៉ុន្តែ ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ទៅ​កាន់​ប្រទេស​ជប៉ុន ក្រោយ​ការ​បោះ​ឆ្នោត ដែល​មិន​មាន​វត្ត​មាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ចូល​រួម​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​បាន​ប្រកាស​ធ្វើ​បាតុ​កម្ម​ជា​លើក​ទី៣​របស់​ខ្លួន​នៅ ថ្ងៃ​អាទិត្យ ទី៧ ខែតុលា ឆ្នាំ​២០១៨​។ ជា​បាតុកម្ម​ដែល​មាន​ការ​ដើរ​ក្បួន​នៅ​ក្នុង​ទីក្រុង​តូក្យូ​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រុម​ដឹក​នាំ​បាតុ​កម្ម​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ដដែល​នេះ អ្នក​រៀប​ចំ​បាតុកម្ម​បាន​បញ្ជាក់​ថា គោល​បំណង​នៃ​បាតុ​កម្ម​គឺ​មិន​ទទួល​ស្គាល់​លោក ហ៊ុន សែន ថា​ជា​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ និង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ ដែល​ក្រុម​អ្នក​តវ៉ា ចាត់​ទុក​ថា​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​។

សូម​បញ្ជាក់​ថា ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា ​ដែល​សហ​រដ្ឋ​អាមេរិក និង​សហ​ភាព​អឺរ៉ុប​មិន​ទាន់​បង្ហាញ​ជំហរ​ទទួល​ស្គាល់​នោះ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ចេញ​ទៅ​កាន់​សហ​រដ្ឋអាមេរិក​ដើម្បី​ចូល​រួម​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញ៉ូវ​យ៉ក​។ នៅ​ទី​នោះ គឺ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក តែ​មួយ​ក្រុម​ទៀត​បាន​ទទួល​ស្វាគមន៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ