អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តុល្យភាព​សម្លេង​គាំទ្រ​នៅ​ក្រៅ​ប្រទេស​អាច​ជា​ឧបសគ្គ​នៃ​ការ​រៀបចំ​បោះឆ្នោត​នៅ​ខាង​ក្រៅ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដរាប​ណា​តុល្យភាព​នៃ​សម្លេង​គាំទ្រ​នៅ​ក្រៅ​ប្រទេស នៅ​មិន​ទាន់​រក​ឃើញ រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង។ ម្យ៉ាងទៀត ទម្លាប់​ដែល​មិន​មាន​ការ​រៀបចំ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​គេ​អនុវត្ត​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ដំបូង​រៀបចំ​ដោយ​អ៊ុនតាក់។ ការ​ខកខាន​នេះ​មិន​អាច​កែប្រែ​បាន​ឡើង​នៅ​ពេល​ដែល​គណបក្ស​កាន់​អំណាច​កម្ពុជា​សព្វ​ថ្ងៃ​នៅ​តែ​រឹងមាំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​៥០០​នាក់ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ឯ​សហរដ្ឋ ​អាមេរិក លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហើប​ពី​ភាព​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ក្នុង​ការ​រៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស។ លោក​នាយក​រដ្ឋ​មន្ត្រី​លើក​ឡើង​ថា បោះ​ឆ្នោត​នៅ​ស្រុក​យើង​ នៅ​គេ​ថា​យើង​បន្លំ ចុះ​ទម្រាំ​បោះឆ្នោត​នៅ​អាមេរិក​នៅ​ឆ្ងាយ»? នេះ​ជា​មូលហេតុ​មួយ ហើយ​បញ្ហា​ម៉ោង​ខុស​គ្នា ក៏​ជា​បញ្ហា​មួយ​ទៀត​ដែរ។

សម្រាប់​លោក ហ៊ុន សែន កម្ពុជា​អាច​នឹង​ពិចារណា​អំពី​ការ​រៀបចំ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន​ល្គឹក​ណា វាជា​ការ​បោះឆ្នោត​ប្រធានាធិបតី ឬ​ជា​ការ​បោះឆ្នោត​ឯកត្តនាម។ ប៉ុន្តែ​ថា បើ​ជា​ការ​បោះឆ្នោត​បែប​សមាមាត្រ​ដូច​សព្វ​ថ្ងៃ​គឺ​មិន​អាច​រៀបចំ​ការ​បោះឆ្នោត​ក្រៅ​ប្រទេស​បាន​ឡើយ។

មន្ត្រី​គណបក្ស​កាន់​អំណាច​ក៏​បាន​បន្ទរ​ផង​ដែរ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​លទ្ធភាព​អាច​រៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន​ទេ ដោយ​ហេតុថា​មាន​ការ​ខ្វះខាត​ច្រើន​យ៉ាង ទាំង​ធនធាន​មនុស្ស​អ្នក​រៀបចំ ការ​ចំណាយ​ថវិកា​ រួម​ទាំង​ការ​បារម្ភ​ពី​ការ​ចោទ​ប្រកាន់​លើ​សុច្ចរិតភាព​និង​ភាព​យុត្តិធម៌ បន្ទាប់​ពី​មាន​ការ​ប្រកាស​លទ្ធផល​ឆ្នោត។

ចំពោះ​ទស្សនៈ​អ្នក​តាម​ដាន​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ ថា​ការ​រៀបចំ​បោះឆ្នោត​សម្រាប់​​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ពិត​ជា​អាច​ធ្វើ​ទៅ​បាន ក៏​ប៉ុន្តែ​ដោយសារ​តែ​រឿង​នេះ​វា​ជាប់​ទាក់ទង​ទៅ​នឹង​ឆន្ទៈ​នយោបាយ។

ជាទូទៅ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​ដើម​រៀង​មក តែង​ប្រាថ្នា​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក អាច​បោះឆ្នោត​បាន​ ដោយសារ​តែ​នៅ​សម័យ​សង្គ្រាម​និង​ជា​បន្ត​បន្ទាប់​មាន​ជនជាតិ​ខ្មែរ​រាប់​លាន​នាក់​កំពុង​រស់នៅ​និង​ប្រកប​ការងារ​នៅ​ឯ​ក្រៅ​ប្រទេស រួម​ទាំង​ពលករ​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រទេស​កូរ៉េ និង​ប្រទេស​មួយ​ចំនួន​ទៀត។

តើ​មាន​មូលហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​ព្រម​ព្រៀង​រវាង​អ្នក​នយោបាយ​ក្នុង​ការ​បង្ហាញ​ឆន្ទៈ អាច​ឲ្យ​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​បោះឆ្នោត ដូច​ដែល​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​បាន​ធ្វើ​សម្រាប់​ពលរដ្ឋ​របស់​គេ?

បើ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់ គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​គណបក្ស​កាន់​អំណាច​អស់​រយៈ​ពេល​៥​អាណត្តិ​មក​ហើយ។ តាម​ភាសា​ល្បែង គេ​តែង​គិត​ថា «មេ​មិន​ដែល​នៅ​ក្រោម​ពង​ទេ»​ពោល​គឺ​គណបក្ស​ប្រជាជន​ប្រៀប​បាន​ជា​«មេ»។ ដូច្នេះ​គណបក្ស​កាន់​អំណាច ជា​ធម្មតា​ទេ​តែ​គិត​គូរ និង​មើល​ឃើញ​វែង​ឆ្ងាយ​ពី​ផល​ចំណេញ​ក្នុង​ថានៈ​ជា​អ្នក​មាន​ប្រៀប​ខាង​នយោ​បាយ។

គណបក្ស​កាន់​អំណាច​តែង​ចាត់​ចែង​អ្វី​ៗ​គ្រប់​យ៉ាង ដែល​ខ្លួន​គិត​ថា​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​មាន​ការ​ខាតបង់​និង​ផល​ប៉ះពាល់​អនាគត​របស់​បក្ស​ខ្លួនផង។ គណបក្ស​នេះ​តែង​តែ​គិត​ពី​តុល្យភាព​នៃ​ការ​គាំទ្រ​ជានិច្ច ទាក់​ទង​ទៅ​នឹង​សម្លេង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ខណៈ​ដែល​សម្លេង​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​បរទេស​ត្រូវ​គេ​មើល​ឃើញ​ថា អាច​មាន​ពី​៧០ ទៅ​៧៥​ភាគរយ​នៅ​ឡើយ។

ជា​ការ​កត់​សម្គាល់ មួយ​រយៈ​ចុង​ក្រោយ​នេះ ក្នុង​ដំណើរ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​ប្រមុខ​គណបក្ស​កាន់​អំណាច លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន តែង​បាន​បង្ហាញ​ពី​ឥរិយាបទ​ស្និទ្ធស្នាល និង​ទន់ភ្លន់​ជាមួយ​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​ឯ​បរទេស។ បន្ថែម​ពី​នេះ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត ក៏​បាន​បង្ហាញ​ពី​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែរ​ទៅ​កាន់​ឯនាយ​សមុទ្រ និង​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អាណិកជន​ខ្មែរ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ក្នុង​នាម​ជា​ជំនួប​ក្នុង​ក្រប​ខណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស។

ទាំង​នេះ​ត្រូវ​អ្នក​តាមដាន​នយោបាយ​មើល​ឃើញ​ថា​អាច​ជា​យុទ្ធនាការ​កៀង​គរ​សម្លេង​គាំទ្រ​គណបក្ស​កាន់​អំណាច នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ ដើម្បី​ថ្លឹង​ថ្លែង​មើល​កម្លាំង​គាំទ្រ និង​លទ្ធភាព​​ដែល​អាច​ធ្វើអ្វី​ទៀត​បាន ទាក់​ទង​ទៅ​នឹង​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស។

ដរាប​ណា​បេះដូង​ពលរដ្ឋ​ខ្មែរ មិន​អាច​ចែក​រំលែក​ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច​ភាគ​ច្រើន នោះ​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​តែ​មិន​អាច​កើត​មាន​ឡើង​ជា​រៀង​រហូត​ ដែល​នេះ​វា​ជា​ក្រិត្យ​ក្រម​សត្យានុម័ត មិន​មែន​ក្រិត្យ​ក្រម​នយោបាយ​ដូច​ប្រទេស​ដទៃ​ឡើយ។

ម្យ៉ាង​ទៀត វា​អាច​ជា​ទម្លាប់​ពី​អតីតកាល​មក​ក៏​ថា​បាន។ ទម្លាប់​ដោយសារ ចាប់​តាំង​ពី​សម័យ​បោះឆ្នោត​ដំបូង ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​(អ៊ុនតាក់) នៅ​ឆ្នាំ​១៩៩៣ មក​ប្រទេស​កម្ពុជា​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខាង​ទស្សនៈ​ពី​ការ​ផ្តល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បោះឆ្នោត។

ការ​អាក់​ខាន​ជា​លើក​ដំបូង ដែល​មិន​មាន​ការ​រៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​បោះឆ្នោត​នេះ​ ​គឺជា​ទម្លាប់ ដែល​គេ​បន្ត​អនុវត្ត​រហូត​មក​ទល់​ពេល​នេះ ហើយ​ទម្លាប់​នេះ​មិន​អាច​កែប្រែ​បាន​ ដោយ​ងាយ​ៗ​បាន​ទេ ប្រសិន​បើ​សម្លឹង​មើល​ទៅ​លើ​បរិបទ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ទោះ​ជា​មាន​ការ​លើក​ឡើង​ទឡ្ហីករណ៍​គ្រប់​ជ្រុង​ជ្រោយ​យ៉ាង​ណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ