អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​គ្រប់​អាយុ​ជាង​២​លាន​នាក់​មិន​ទាន់​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ

ពលរដ្ឋ​គ្រប់​អាយុ​ជាង​២​លាន​នាក់នៅ​តែ​មិន​ទាន់​បាន​ធ្វើ​​​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ​គំរូ​ថ្មី បើ​ទោះ​បី​ជា​​​សេវាកម្ម​​ផ្តល់​អត្តសញ្ញាណប័ណ្ណ ត្រូវ​បាន​ពង្រីក​​ទៅ​ដល់​មូលដ្ឋាន​ទូទាំង​ប្រទេស​រួច​ហើយ​ក្ដី​​​។ ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ នៅ​ខែ​កញ្ញា​ខាង​មុខ អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋរួស​រាន់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​។ អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ដែល​ជា​ឯកសារ​ដ៏​សំខាន់​មួយ សម្រាប់​ប្រើ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​ការ​បោះ​ឆ្នោត​។

ពលរដ្ឋគ្រប់អាយុជាង២លាននាក់នៅតែមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី បើទោះបីជាសេវាកម្មផ្តល់អត្តសញ្ញាណប័ណ្ណ ត្រូវបានពង្រីកទៅដល់មូលដ្ឋានទូទាំងប្រទេសរួចហើយក្ដី។
ពលរដ្ឋគ្រប់អាយុជាង២លាននាក់នៅតែមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី បើទោះបីជាសេវាកម្មផ្តល់អត្តសញ្ញាណប័ណ្ណ ត្រូវបានពង្រីកទៅដល់មូលដ្ឋានទូទាំងប្រទេសរួចហើយក្ដី។ សហការី
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ទល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៦​នេះ ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​សម្រេច​បាន​ប្រមាណ​៨​លាន​២​សែន​នាក់​ ក្នុង​ចំណោមពលរដ្ឋខ្មែរ​គ្រប់​អាយុ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ ​ដែល​មាន​ចំនួន​ជាង​១០​លាន​នាក់​។ មាន​ន័យ​ថា នៅ​មាន​ពលរដ្ឋ​គ្រប់​អាយុ​ជាង​២​លាន​នាក់ទៀត ដែល​​មិន​ទាន់​បាន​ធ្វើ​​​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ​គំរូ​ថ្មី។

ការ​ខក​ខាន​របស់​ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់ ដែល​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណនេះ ត្រូវ​បាន​​​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ពន្យល់​​ថា បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​អត្តសញ្ញាណប័ណ្ណ​។ បញ្ហា​ចំណាក​ស្រុក ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខក​ខាន​មិន​បាន​មក​បំពេញ​បែប​បទ​ស្នើ​សុំ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដែរ​។

មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​ទេ​ដែលមាន​​បញ្ហា​ក្នុង​ការ​ស្នើ​សុំ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ប្រតិបត្តិក​រ​ដែល​ជា​សមត្ថកិច្ច ក៏​ត្រូវ​ជួប​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួនផង​ដែរ​។ ប្រព័ន្ធ​អ៊ីនធឺណែត​​​មិន​អាច​គ្រប​ដណ្ដប់​ដល់​ទី​ជនបទ​ដាច់​ស្រយាល និង​បញ្ហា​សម្បក​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​គ្មាន​គុណភាព គឺ​ជា​បញ្ហា​ចម្បង​ដែល​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ​។ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​តែ​របក​ខូច ឲ្យ​ទាក់ទង​ទៅ​ប៉ុស្តិ៍​នគរបាលមូលដ្ឋាន​ដែល​ខ្លួន​រស់​នៅ ឬ​ទាក់ទង​ផ្ទាល់​ទៅ​កាន់​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ផ្ទាល់​តែ​ម្ដង ដើម្បី​បោះ​ពុម្ព​ថ្មី​ដោយ​មិន​យក​កម្រៃ​សេវា។

ដោយ​ឡែក សម្រាប់​ពលរដ្ឋ​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ និង​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ទទូច​ឲ្យ​ទៅ​បំពេញ​បែប​បទ​ស្នើ​សុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ នៅ​តាម​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​ដែល​ខ្លួន​រស់​នៅ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។ អត្តសញ្ញាណប័ណ្ណ គឺ​ជា​ឯកសារ​ដ៏​សំខាន់​មួយ សម្រាប់​ប្រើ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​ដឹង​ថា ​នឹង​អាច​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា បន្ត​រហូត​ដល់​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​២០១៦​ បន្ទាប់​ពី គជប ទទួល​បាន​សម្ភារៈ​បច្ចេកទេស​ពី​ម្ចាស់​ជំនួយ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ