អានតួអត្ថបទ
កម្ពុជា-នយោបាយ

IPU បារម្ភ​ថា​បក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​រំលាយ និង​មិន​បាន​ចូល​រួម​បោះ​ឆ្នោត​ខាង​មុខ

សហភាព​អន្តរសភា​ហៅ​កាត់ IPUនៅ​ថ្ងៃ​បិទ​សន្និបាត​ទី ១៣៦​របស់​ខ្លួន​ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ដាកា (Dhaka) ប្រទេស​បង់ក្លាដេស​កាល​ពី​ម្សិល​មិញ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ការ​ស៊ើបអង្កេត​លើ​ការ​បំពាន​សិទ្ធិ​លើ​អ្នក​តំណាង​រាស្រ្ត។ ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ សហភាព​អន្តរ​សភា​ព្រួយ​បារម្ភ​ពី​វាសនា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​កម្ពុជា​ដោយ​ថា បក្ស​ប្រឆាំង​នេះ អាច​នឹង​ត្រូវ​គេ​រំលាយ និង​មិន​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​បាន។

IPU បារម្ភ​​ថា​​បក្ស​​ប្រឆាំង​​អាច​​នឹង​​ត្រូវ​​រំលាយ និង​​មិន​​បាន​​ចូល​​រួម​​បោះ​​ឆ្នោត​​ខាង​​មុខ
IPU បារម្ភ​​ថា​​បក្ស​​ប្រឆាំង​​អាច​​នឹង​​ត្រូវ​​រំលាយ និង​​មិន​​បាន​​ចូល​​រួម​​បោះ​​ឆ្នោត​​ខាង​​មុខ @Facebook
ផ្សាយពាណិជ្ជកម្ម

សហភាព​អន្តរសភា​ដែល​តំណាង​ឲ្យ ១៧១​ប្រទេស បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​យាយី​កាន់​តែ​មាន​ខ្លាំង​ឡើងៗ​ទៅ​លើ​សមាជិក​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សហភាព​អន្តរសភា ក៏​បាន​រំឮក​ឡើង​វិញ​ថា តាំង​ពី​ឆ្នាំ ២០១៤​មក សមាជិក​បក្ស​ប្រឆាំង​ចំនួន ១៥​នាក់ បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​ចាប់​ខ្លួន​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ព្យួរ​ឈ្មោះ​ពី​រដ្ឋសភា​ថែម​ទៀត។ ជាមួយ​គ្នា​នេះ​ដែរ សហភាព​អន្តរសភា​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ដែល​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​នៅ​កម្ពុជា គឺ​គណបក្ស​សង្រ្គោះ​ជាតិ​អាច​នឹង​ត្រូវ​គេ​រំលាយ និង មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ។

លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​វាសនា​គណបក្ស​សង្រ្គោះ​ជាតិ​ដូច​នឹង​សហភាព​អន្តរសភា​ដែរ។ ការ​ព្រួយ​បារម្ភ​នោះ គឺ​នៅ​ត្រង់​ថា នៅ​ពេល​នេះ គណបក្ស​ប្រឆាំង​កំពុង​តែ​ជួប​ឧបសគ្គ​ខ្លះៗ​ដោយ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ទទួល​ស្គាល់​ក្បាល​ម៉ាស៊ីន​របស់​គណបក្ស​ពេញ​លេញ​នៅ​ឡើយ​ទេ។

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​យល់​ព្រម​ទទួល​ស្គាល់​លោក​កឹម សុខា ជា​ប្រធាន​ថ្មី​របស់​បក្ស​សង្គ្រោះ​ជាតិ  ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​បេក្ខភាព​អនុប្រធាន​ថ្មី​ទាំង​បី​នាក់​នោះ​ទេ។​ មូល​ហេតុ គឺ​ព្រោះ​ថា ការ​ជ្រើស​តាំង​លោក ប៉ុល ហំម លោក​ស្រី មួរ សុខហួរ និង​លោកអេង ឆៃអ៊ាង តាម​រយៈ​សមាជ​វិសាមញ្ញ កាល​ពី​ថ្ងៃ​ទី ២​មីនា​នោះ​ គឺ​វា​មិន​ស្រប​ទៅ​តាម​ប្រការ​ ៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សារ​តែ​ការ​ជ្រើស​តាំង​នេះ​ហួស​រយៈ​ពេល​ ៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ដែល​លោក​សម រង្ស៊ី បាន​លា​លែង​ចេញ​ពី​ប្រធាន​បក្ស។

លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មិន​អាច​បញ្ជាក់​បាន​ទេ​ថា​តើ​បញ្ហា​ជ្រើស​រើស​អនុប្រធាន​ថ្មី​របស់​គណបក្ស​សង្រ្គោះជាតិ​ដល់​ទៅ​បី​នាក់​ដែល​ក្រសួង​មហាផ្ទៃ​ចោទ​ថា មិន​ស្រប​ទៅ​នឹង​លក្ខន្តិក​គណបក្ស​នេះ អាច​ធ្វើ​ឲ្យ​ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់​សុពលភាព​គណបក្ស​សង្រ្គោះជាតិ ឬ​យ៉ាង​ណា​នោះ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រូប​នេះ លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្រ្គោះ​ជាតិ​មិន​មាន​សញ្ញា​ណា​មួយ​ថា មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​នោះ​ទេ​។ សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ​វិញ លោក​យឹម សុវណ្ណ បាន​ប្តេជ្ញា​ថា គណបក្ស​ប្រឆាំង​នឹង​ខិត​ខំ​ដោះ​ស្រាយ​ឧបសគ្គ​ទាំង​អស់​នេះ ដើម្បី​ឈាន​ទៅ​ចូល​រួម​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឲ្យ​បាន​នា​ពេល​ខាង​មុខ​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ