តម្លាភាពកម្ពុជា៖ អំពើពុករលួយទៅលើសហគ្រាសធុនតូច និងមធ្យម ធ្វើឲ្យគ្មានសុចរិតភាពអាជីវកម្ម
អង្គការតម្លាភាពកម្ពុជា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា រួមជាមួយក្រសួងពាណិជ្ជកម្មផង នៅថ្ងៃពុធ ទី ២៧ឧសភានេះ បានធ្វើសន្និសីទថ្នាក់ជាតិមួយ ស្តីពី «សុចរិតភាពធុរកិច្ច» នៅសណ្ឋាគារ Inter-Continental ក្រុងភ្នំពេញ ។ ក្រៅពីសន្និសីទនេះ ក៏មានការចេញផ្សាយរបាយការណ៍ថ្មីមួយ ដែលសរសេរដោយ Destination Justice ស្តីពី ផលប៉ះពាល់នៃអំពើពុករលួយទៅលើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ តាមរបាយការណ៍នោះ បានបង្ហាញថា អំពើពុករលួយ បានធ្វើឲ្យសហគ្រានធុនតូច និងមធ្យម ហៅកាត់ថា SME ពុំសូវមានការយល់ដឹងពីសុចរិតភាពនៅក្នុងអាជីវកម្ម។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១០
របាយការណ៍ដែលជាលទ្ធផលបានមកពីការស្រាវជ្រាវ និងបទសម្ភាសន៍ នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងទូទៅសហគ្រាសធុនតូច និងមធ្យម (SME) ជាង ១០០នាក់បានបង្ហាញថា SME ជាច្រើនពុំសូវមានការយល់ដឹងពីសុចរិតភាពអាជីវកម្មនោះទេ ហើយក្រុមហ៊ុនទាំងនេះ ជានិច្ចកាលមិនមានវិធីណាមួយផ្សេងទៀតជាងការងាកទៅរកការសូកប៉ាន់ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។ ការសូកប៉ាន់ ដែលជាផ្នែកមួយនៃអំពើពុករលួយ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការអនុវត្តគោលការណ៍ច្បាប់ និងការប្រកួតប្រជែង នៅក្នុងអាជីវកម្ម ក្នុងប្រទេសកម្ពុជា។
របាយការណ៍ ក៏បានបង្ហាញថា «ប្រាក់ទឹកតែ» ក៏ជាតថភាពមួយ មិនអាចចៀសបាន សម្រាប់សហគ្រាសធុនតូន និងមធ្យមនៅកម្ពុជាផងដែរ ជាពិសេសគឺអាជីវកម្មខា្នតតូច។ តាមការស្ទង់មតិ បង្ហាញថា SME ចូលចិត្តប្រតិបត្តិការក្រៅផ្លូវការ។ ក្នុងចំណោមសហគ្រាស ១០០ មានតែ ៦១ប៉ុណ្ណោះ ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្ត។ ជិតពាក់កណ្តាល បានបង់ថ្លៃសេវាក្រៅផ្លូវការ នៅពេលចុះបញ្ជី ក្នុងពេលមានអធិការកិច្ច។ មួយភាគបី បដិសេធមិនឆ្លើយនឹងសំណួរនេះ។ អ្នកឆ្លើយតបជាច្រើន បានលើកឡើងថា មន្ត្រីរាជការទទួលប្រាក់សំណូក ពីព្រោះពួកគេទទួលបានប្រាក់ខែទាប។
តាមការស្រាវជ្រាវ បានបញ្ជាក់បន្តថា មូលហេតុ ដែលបង្កឲ្យមានអំពើពុករលួយ ក៏ព្រោះតែកម្ពុជាមានវប្បធម៌ពុករលួយជាយូរមកហើយ។ ហើយការអនុវត្តច្បាប់ ក៏នៅមានកម្រិតទាប ពិសេសគឺកង្វះឯករាជ្យភាព និងប្រសិទ្ធិភាពនៃប្រព័ន្ធតុលាការ។ និងប្រាក់បៀរវត្សទាបរបស់បុគ្គលិកការងារ ក៏ជាបញ្ហាចម្បងផងដែរ។
លោកឱក សេរី សោភក្តិ៍ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា បានផ្តល់អនុសាសន៍ថា ដើម្បីកាត់បន្ថយអំពើពុករលួយក្នុងវិស័យអាជីវកម្មនេះ រដ្ឋាភិបាល គួរតែមានកំណែទម្រង់ចំពោះប្រព័ន្ធតុលាការ ដើម្បីឲ្យវិនិយោគិនបរទេស ដែលមកវិនិយោគនៅកម្ពុជា មានទំនុកចិត្ត ចំពោះការប្រកបរបបរកស៊ីរបស់ពួកគេ។ ត្រូវមានការបង្ហាញព័ត៌មាន ពីតំលៃចុះបញ្ជី ឬតំលៃផ្សេងៗជាសាធារណៈ។ ពិសេសត្រូវមានតម្លាភាពគ្រប់គ្រាន់ ក្នុងការអនុវត្តច្បាប់ និងត្រូវផ្តន្ទទោសចំពោះអ្នកប្រព្រឹត្តអំពើពុករលួយ ទោះបីជាពួកគេជាមន្ត្រីរាជការក៏ដោយ។
តំណាងក្រសួងពាណិជ្ជកម្ម បានឡើងថ្លែងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងតែធ្វើកំណែទម្រង់ថ្មី ដើម្បីឲ្យសេដ្ឋកិច្ចរបស់ពលរដ្ឋកម្ពុជា មានការរីកចម្រើនទៅមុខ។ គ្រប់ភាគីចូលរួម ចង់ឃើញអាជីវកម្មទាំងខ្នាតតូច នៅកម្ពុជា គួរត្រូវលើកទឹកចិត្ត និងទទួលបានការគាំទ្រ ក្នុងការខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ