អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ជប៉ុន សង្ឃឹម​ថា​កម្ពុជា​នឹង​សហការ​ជាមួយ UN ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស

ជប៉ុន សង្ឃឹម​យ៉ាង​មុត​មាំ​ថា កម្ពុជា​នឹង​បន្ត​ពង្រឹង​ការ​លើក​តម្កើង​សិទ្ធិ​មនុស្ស តាម​រយៈ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត (Rohna Smith) និង​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (OHCHR)​ រួម​ទាំង​ជាមួយ​សហគមន៍​អន្តរជាតិ​ទាំង​មូល។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​អង្គការ​សហប្រជាជាតិ ក្នុង​សម័យ​ប្រជុំ​លើក​ទី​ ៣៧​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស កាល​ពី​ពេល​កន្លង​ទៅ។

ជប៉ុន សង្ឃឹមថាកម្ពុជានឹងសហការជាមួយ UN ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស
ជប៉ុន សង្ឃឹមថាកម្ពុជានឹងសហការជាមួយ UN ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស @សហការី
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ក្រោយ​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ស្ថាន​បេសកកម្ម​ជប៉ុន​ប្រចាំ​ទីក្រុង​ហ្សឺណែវ​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី ២៨​មីនា​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Mitsuko Shino បាន​លើក​ឡើង​ថា ជប៉ុន​ បាន​និង​កំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ជុំវិញ​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ដដែល លោក Shino បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ មាន​សារៈ​សំខាន់​ណាស់ ព្រោះ​វា​នឹង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា។ តាម​លោក Shino ជប៉ុន បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ឲ្យ​មាន​នូវ​ការ​សន្ទនា​ជាមួយ​គ្រប់​ភាគី​នយោបាយ ការ​គោរព និង​ឲ្យ​តំលៃ​ចំពោះ​សិទ្ធិ​មនុស្ស ដល់​គ្រប់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​អាច​ឲ្យ​ពួក​គេ​បន្ត​បរិយាកាស​ការងារ ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច។

យ៉ាង​ណា​ក៏​ដោយ ជប៉ុន ប្តេជ្ញា​បន្ត​គាំទ្រ និង​ផ្តល់​ជំនួយ​ ដើម្បី​ឲ្យ​កម្ពុជា អាច​កសាង​ប្រទេស​ជាតិ​ឡើង​វិញ បន្ទាប់​ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល។ ហើយ​ជប៉ុន ក៏​នឹង​បន្ត​ដើរ​តួ ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ក្នុង​បរិយាកាស​ប្រជាធិបតេយ្យ​ដដែល។ ប៉ុន្តែ​ជប៉ុន បាន​ស្នើ​ឲ្យ​កម្ពុជា ត្រូវ​តែ​ចូល​រួម​លើក​ស្ទួយ​ស្ថានភាព​សិទ្ធិ​មនុស្ស ដោយ​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ជានិច្ច។

យ៉ាង​ណា​មិញ ក្នុង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​ថ្មី​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា កាល​ពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​អះអាង​ថា​ ការ​ចុះ​ហត្ថលេខា​របស់​រដ្ឋាភិបាល លើ​​​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ដើម្បី​បន្ត​វត្ត​មាន​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។ កាល​ពី​ពេល​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ បន្ត​សុពលភាព​​សម្រាប់​ការ​អនុវត្ត​កម្មវិធី​នៃ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​លើ​វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សម្រាប់​រយៈ​ពេល ២​ឆ្នាំ ពី​ថ្ងៃ​ទី​ ១​មករា ឆ្នាំ ២០១៧ ដល់​ថ្ងៃ​ទី ៣១​ធ្នូ ឆ្នាំ ២០១៨។

គួរ​ជម្រាប​ជូន​ថា ជប៉ុន​ គឺ​ជា​ប្រទេស​ផ្តល់​ជំនួយ​ដល់​ដំណើរ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ រួម​ទាំង​​​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ធំ​ជាង​គេ។ ហើយ​ទំហំ​នៃ​ការ​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា ក៏​មាន​ដល់​ទៅ​ប្រមាណ​១.៦​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន​។ ប៉ុន្តែ​ស្រប​ពេល​ដែល​ប្រទេសអ្នក​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ផ្សេង​ទៀត ដូច​ជា​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ថ្កោល​ទោស​កម្ពុជា​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ ជប៉ុន​នៅ​តែ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ហើយ​បន្ត​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ជា​ធម្មតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ