អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការ​បរទេស​កម្ពុជា​ស្វាគមន៍​ប៉ូលិស​ជប៉ុន​ក្នុង​ការ​ចាប់​ជន​សង្ស័យ​ជួញ​ដូរ​ផ្លូវ​ភេទ

ប៉ូលិស​ជប៉ុន​ នៅ​ថ្ងៃ​ចន្ទ​បាន​ចាប់ខ្លួន​មនុស្ស​៣​នាក់​ ដែល​ជា​មេខ្លោង​ ជួញដូរ​មនុស្ស ​ពី​ប្រទេស​កម្ពុជា​និង​ថៃ ​ទៅ​កាន់​ប្រទេស​ជប៉ុន​។ ​ការ​ឈាន​ដល់​ការ​ចាប់​ខ្លួន​មេខ្យល់​នៅ​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជប៉ុន​ ដើម្បី​សង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់​ ដែល​រងគ្រោះ​ដោយ​ការ​ជួញដូរ​ផ្លូវ​ភេទ​។

ក្រសួង​ការ​បរទេស​កម្ពុជា​ស្វាគមន៍​ប៉ូលិស​ជប៉ុន​ក្នុង​ការ​ចាប់​ជន​សង្ស័យ​ជួញដូរ​ផ្លូវ​ភេទ​
ក្រសួង​ការ​បរទេស​កម្ពុជា​ស្វាគមន៍​ប៉ូលិស​ជប៉ុន​ក្នុង​ការ​ចាប់​ជន​សង្ស័យ​ជួញដូរ​ផ្លូវ​ភេទ​
ផ្សាយពាណិជ្ជកម្ម

ទី​បំផុត​ មេខ្យល់​ជន​ជាតិ​ជប៉ុន​ ២​នាក់​ និង​ជនជាតិ​ថៃ​ម្នាក់​ ត្រូវបាន​ប៉ូលិស​ជប៉ុន​ខេត្ត ​Gunma​ចាប់ខ្លួន​ នៅ​ថ្ងៃ​ចន្ទ​នេះ ​បន្ទាប់​ពី​ស្ត្រី​រងគ្រោះ​ចំនួន​ ១០​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​ខ្មែរ ​៧​នាក់​ និង​ស្ត្រី​ថៃ​៣​នាក់​ ត្រូវបាន​សង្គ្រោះ​ពីការ​ជួញដូរ​ដើម្បី​បំរើ​សេវាកម្ម​ផ្លូវ​ភេទ​នៅ​ប្រទេស​ជប៉ុន​។

លោក​ជុំ ​សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​RFI ​ថា​សមត្ថកិច្ច​កម្ពុជា​ និង​ជប៉ុន​បាន​សហការ​គ្នា​យ៉ាង​សកម្ម ​ក្នុង​ការ​តាម​ចាប់​ជនល្មើស​ ដែល​បាន​បោក​ប្រាស់​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ជប៉ុន​ ដើម្បី​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ស្ត្រី​រងគ្រោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​។ ​លោក​ថា​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​លើ​ការងារ​នេះ ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

កាល​ពី​សប្តាហ៍​មុន ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចាត់ចែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ណែនាំ​ឲ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​សហការ​ជាមួយ​ប៉ូលិស​ជប៉ុន ​ដើម្បី​សាកសួរ​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​ រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ និង​ស្វែង​រក​ជន​សង្ស័យ​ និង​អ្នក​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាម​ច្បាប់​។ ​ក្រៅពី​នោះ​ក្រសួង​ការ​បរទេស​ តាមរយៈ​ស្ថានទូត​ក៏បាន​ជួយ​ទាមទារ​ប្រាក់​ខែ​ ដែល​ជន​សង្ស័យ​សន្យា​ផ្តល់​ឲ្យ ​និង​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ជូន​ស្ត្រី​រងគ្រោះ ​និង​សម្រួល​សំបុត្រ​យន្តហោះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​ផងដែរ​។

ទោះ​យ៉ាង​ណា​ស្ត្រី​ម្នាក់ ​ក្នុង​ចំណោម​ស្ត្រី​៧​នាក់​បាន​មកដល់​ប្រទេស​កំណើត​វិញ​ហើយ​ កាលពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ​ដោយសារ​បញ្ហា​សុខភាព​។ ​ក៏​ប៉ុន្តែ​ស្ត្រី​រងគ្រោះ​៦​នាក់​ទៀត​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ឡើយ ​ដើម្បី​ចូលរួម​សហការ​បញ្ចប់​ស៊ើប​អង្កេត​ជាមួយ​ប៉ូលិស​ជប៉ុន​។

សូម​បញ្ជាក់​ថា​ស្ត្រី​ខ្មែរ​ទាំង​៧​នាក់ ​រួមមាន​ មកពី​ខេត្ត​ព្រៃវែង​ ពោធិ៍សាត់ ​កំពង់ស្ពឺ ​តាកែវ ​និង​រាជធានី​ភ្នំពេញ ​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ទៅ​ដល់​ប្រទេស​ជប៉ុន​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ​ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ខេត្ត​ Gunma​។ ​បុរស​នោះ ​បាន​សន្យា​ផ្តល់​ការងារ​ឲ្យ​ធ្វើ​នៅ​ភោជនីយដ្ឋាន​របស់​ខ្លួន​ ដល់​ស្ត្រី​រងគ្រោះ​ជាមួយ​នឹង​ប្រាក់ខែ​ខ្ពស់ ​តែ​ផ្ទុយ​ទៅវិញ ​បាន​គំរាម​កំហែង​និង​បង្ខំ​ស្ត្រី​រងគ្រោះ ​ឲ្យ​បម្រើ​សេវា​ផ្លូវភេទ​ដល់​ភ្ញៀវ​នៅ​ភោជនីយដ្ឋាន​ទៅវិញ ​និង​មិន​បាន​ផ្តល់​ប្រាក់​បៀវត្ស​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ